សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 19, 2016

អង្គការសមាគមចំនួន៦០ចេញសេក្តីថ្លែងការណ៏ជំរុញឲ្យ អាជ្ញាធរពាក់ព័ន្ធដោះលែង ស្ត្រីបឹងកក់ ពីរនាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកស្រី ទេព វន្នី និង អ្នកស្រី បូវ សោភាត្រូវតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ
ព្រៃស
ដោយ កញ្ញា សុខ ឆេង
 
បណ្តុំអង្គការសមាគមចំនួន៦០ដែលធ្វើការផ្នែកសិទ្ធិមនុស្ស បានជំរុញទៅអាជ្ញាធររដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីបឹងកក់ពីរនាក់
ដែលធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅដោយអះអាងថាពួកគេធ្វើយុទ្ធនាការនោះស្របតាមច្បាប់
ជាតិនិងច្បាប់អន្តរជាតិ។
ក៏ប៉ុន្តែលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតបថារដ្ឋាភិបាលនឹងមិន
ជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេក្នុងករណីនេះ។
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានតុលាការចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់
អ្នកទាំងពីរក្នុងយុទ្ធនាការអហិង្សាថ្ងៃចន្ទពណ៌ខ្មៅ តវ៉ាទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដ
ហុក៤រូប មន្ត្រី គ.ជ.ប មួយរូប និងទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
ក្នុងសេចក្តីថ្លែងការណ៍រួមចុះ ថ្ងៃទី១៨ ខែសីហា បណ្តុំអង្គការសង្គមស៊ីវិលបានជំរុញទៅអាជ្ញាធរ
រដ្ឋទម្លាក់ចោលនូវការចោទប្រកាន់លើសកម្មជនដីធ្លីបឹងកក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដោយថាដើម្បីធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការ
អហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបានដកស្រង់សម្តីរបស់នាយិកាអង្គការលីកាដូ លោកស្រី ណាលី ពីឡូក មានខ្លឹមសារថា សំណុំរឿងស្ត្រីបឹងកក់ទំាងពីរនាក់បង្ហាញសារជាថ្មីថា រដ្ឋាភិបាលមិនមានចេតនា
ក្នុងការលើកស្ទួយការបញ្ចេញមតិដោយអហិង្សារក្នុងសង្គមប្រជាធិបតេយ្យដោយថាការចោទប្រកាន់
ដោយគ្មានមូលដ្ឋានទាំងនេះ គឺជាការបង្រ្កាបជាបន្តបន្ទាប់ទៅលើប្រជាពលរដ្ឋកម្ពុជាដែលទទួល
ការគំរាមកំហែង ដោយសារពួកគេនៅតែមិនទាន់ព្រម បញ្ឃប់សកម្មភាពធ្វើយុទ្ធនាការថ្ងៃច័ន្ទ
ពណ៌ខ្មៅ
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា តុលាការនឹងបន្តជំនុំជម្រះនៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា
ខាងមុខនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាសកម្មជនដីធ្លីបឹងកក់
ពីរនាក់មិនបានគោរពកិច្ចសន្យាដែលធ្វើជាមួយអាជ្ញាធរជាច្រើនដងថាបញ្ឈប់បន្តធ្វើយុទ្ធនាការថ្ងៃ
ចន្ទពណ៌ខ្មៅ។ ករណីនេះលោកថា រដ្ឋាភិបាលមិនមានគម្រោងជួយអន្តរាគមន៍ឲ្យទម្លាក់បទចោទ
លើស្ត្រីបឹងកក់ពីរនាក់នោះទេ ដោយលោកថាទុកឲ្យតុលាការចាត់វិធានការច្បាប់។ លោកបន្តថា៖ អត់មានទេ អ្នកដែលប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវតាមទំហំនៃបទល្មើសរបស់ខ្លួន បើ
រដ្ឋាភិបាលមានវិធានការទប់ស្កាត់ហើយ ហើយទៅដោះលែងបានសេចក្តីថារដ្ឋាភិបាលមិនដឹងជា
ធ្វើការអី ទៅមុខទៅក្រោយម៉េចកើត ឲ្យគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ត្រង់ថាតុលាការគាត់
កាត់ទោសយ៉ាងម៉េច ជាឆន្ទានុសិទ្ធិរបស់តុលាការ ស្របទៅតាមនីតិវិធីនិងកំរិតបទល្មើសរបស់
សាម៉ីជន
អង្គការមួយក្នុងចំណោមអង្គការសមាគមន៍ចំនួន៦០គឺអគ្គលេខាធិការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស
នៅកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការនោះថា កិច្ចសន្យាដែល
សកម្មជនដីធ្លីធ្វើជាមួយអាជ្ញាធរនោះមិនអាចយកជាផ្លូវការបាននោះទេដោយលោកថាបើករណីពួក
គេធ្វើការតស៊ូមតិដោយអហិង្សាដោយមិនធ្វើឲ្យមានចលាចលដល់សង្គមនិងស្របតាមច្បាប់ជាតិនិង
អន្តរជាតិ។ លោកសង្ឃឹមថាតុលាការនឹងពិចារណាទម្លាក់ការចោទប្រកាន់លើសកម្មជនដីធ្លីទំាងនោះឲ្យមាន
សេរីភាពវិញ។
លោកបញ្ជាក់ថា៖យើងជាសង្គមស៊ីវិលយើងសង្ឃឹមទៅលើតុលាការ តុលាការគឺជាអង្គអំណាច
មួយដែលជាអ្នករក្សាការពារគោរពសិទ្ធិមនុស្ស យើងសង្ឃឹមថាតុលាការនឹងកាត់សេចក្តីឲ្យបាន
យុត្តិធម៌ទៅលើប្រជាពលរដ្ឋដែលគ្រាន់តែអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា អំឡុង
ពេលប្រមូលផ្ដុំដោយអហិង្សាក្នុងសហគមន៍ដែលបានធ្វើឡើង ដើម្បីប្រារព្ធធ្វើយុទ្ធនាការ ថ្ងៃចន្ទ
ពណ៌ខ្មៅ សប្ដាហ៍ទី១៥។ អ្នកទាំងពីរត្រូវបានឃុំខ្លួនចំនួនពីរយប់នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរ។ ក្រោយពីសាកសួរ អធិការដ្ឋានខណ្ឌដូនពេញបានបញ្ជូនទៅតុលាការ កាលពីថ្ងៃ
ទី១៧ ខែសីហា ឆ្នាំ២០១៦។ នៅថ្ងៃដដែលអ្នកទំាងពីរ ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូង
រាជធានីភ្នំពេញលោក កែវ សុជាតិ ធ្វើការសាកសួរនិងចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទ
ឧក្រិដ្ឋជាអាទិ៍ (មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។
តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ អ្នកទំាងពីរប្រឈមនឹងទោសជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិង
ពិន័យជាប្រាក់ពី១លានទៅ៤លានរៀល។
ទាក់ទងនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះដែរ មានស្រ្តីជនជាតិអេស្ប៉ាញម្នាក់ដែលចុះធ្វើការស្រាវ
ជ្រាវនៅក្នុងសហគមន៍បឹងកក់ ត្រូវបានឃាត់ខ្លួនដោយប៉ូលីសអន្តោប្រវេសន៍នៅខាងក្រៅអធិការ
ដ្ឋានខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណៈឈរឃ្លំាមើលសកម្មជនបឹងកក់ពីរ
នាក់។ មួយថ្ងៃក្រោយមក ស្រ្តីជនជាតិអេស្ប៉ាញរូបនោះត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា
បន្ទាប់ពីថ្ងៃចាប់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៏របស់បណ្តុំអង្គការចំនួន៦០នោះបានឲ្យដឹងដែរថា ការតវ៉ាក្នុងយុទ្ធនាការ
អហិង្សាថ្ងៃចន្ទពណ៌ខ្មៅបានបង្ហាញថា យ៉ាងតិចណាស់មានការឃាត់ខ្លួនចំនួន៣៦លើកក្នុង
ចំណោមមនុស្សយ៉ាងតិច២០នាក់ ចាប់តាំងពីអ្នកទាំងនោះចាប់ផ្ដើមធ្វើយុទ្ធនាការអហិង្សាថ្ងៃ
ចន្ទពណ៌ខ្មៅនេះក្នុងខែឧសភា។ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា គឺជាមនុស្សដំបូងហើយ ដែលអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រូវបានតុលាការចោទប្រកាន់ បើទោះជាកន្លងទៅស្រ្តី
ជាសកម្មជនដីធ្លីច្រើននាក់ទៀតត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយក៏ប៉ុន្តែមិន
បានចោទប្រកាន់តាមផ្លូវតុលាការនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger