សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

លោកសុន ឆ័យប្រកាសប្រើអំណាចក្នុងសភាដកតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីរដ្ឋាភិបាលអសកម្ម ផ្សេងៗទៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក​ សុន ឆ័យប្រធានក្រុមតំណាងរាស្រ្តសង្គ្រោះជាតិ

ដោយ​ លោក ជា វីរះ
 
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងអះអាងថា ខ្លួននឹងប្រើអំណាចក្នុងសភា ដកតំណែងរដ្ឋមន្ត្រី
ដែលអសកម្ម រួមទាំងក្រសួងយុត្តិធម៌ផងដែរ ដោយថាដើម្បីជួយធ្វើកំណែទម្រង់រដ្ឋាភិបាលដែល
ចង់ទប់ស្កាតភាពចលនាចលក្នុងសង្គម​និងធានាឲ្យមានសន្តិភាព។
ក៏ប៉ុន្តែលោក​សុខ​ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតបថាតំណាងរាស្រ្តគណបក្ស
សង្គ្រោះជាតិមិនអាចប្រើប្រាស់យន្តការសភាដកតំណែងរដ្ឋមន្ត្រីរដ្ឋាភិបាលណាម្នាក់បាននោះទេ
ដោយសារគណបក្សប្រឆាំងខ្វះចំនួនតំណាងរាស្ត្រឲ្យបានគ្រប់កូរុម(ចំនួនតំណាងរាស្រ្តចាំបាច់មួយ)​ក្នុងដំណើរការដកដំណែងនេះ។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុនឆ័យប្រាប់អ្នកគាំទ្រនិងអ្នកសារ
ព័ត៌មាននៅស្នាក់ការកណ្តលនៅព្រឹកថ្ងៃទី២២ខែសីហានេះថា កន្លងទៅរដ្ឋមន្ត្រីមួយចំនួនដែល
បក្សប្រឆាំងកោះហៅឲ្យចូលឆ្លើយក្នុងសភា ត្រូវបានប្រធានរដ្ឋសភារារាំងមិនឲ្យសួរដេញដោល  
ដោយទុកពេលឲ្យរដ្ឋមន្ត្រីដែលចូលបំភ្លឺនោះឆ្លើយមិនចំគោលដៅ។
លោក សុន ឆ័យ បន្តថាចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា វិញចូលឆ្លើយក្នុង
សភាកន្លងទៅ ទាក់ទិននឹងនីតិវិធីចាប់ឃុំខ្លួន ចាប់ខ្លួនសកម្មជននយោបាយ អ្នកតវ៉ារឿងដីធ្លី មន្ត្រីសិទ្ធិមនុស្ស និងភាពអយុត្តិធម៌មួយចំនួនទៀត មន្ត្រីទាំងនោះចូលបំភ្លឺចំពេលតំណាង
រាស្ត្របក្សប្រឆាំងធ្វើពហិកាប្រជុំសភាពេញអង្គ។
លោក សុន ឆ័យ ឲ្យដឹងដែរថានៅពេលខាងមុខអាចនឹងមានការកោះហៅរដ្ឋមន្ត្រីដែលអសកម្ម រួមទាំងក្រសួងយុត្តិធម៌ម្តងទៀត។ លោកថាបើការសាកសួរនោះមានការរារាំងទៀត តំណាង
រាស្ត្របក្សប្រឆាំងនឹងស្នើឲ្យបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីនោះតាមរយៈសំឡេងតំណាងរាស្ត្រ៣០រូបដែល
ចែងដោយរដ្ឋធម្មនុញ្ញ ដែលលោកថា ដើម្បីកែទម្រប់ស្ថាប័នទាំងនោះ ជួយដល់រដ្ឋាភិបាល។
លោកថា៖ «លើកនេះអត់បញ្ហាទេ ពេលណាយើងចូលធ្វើការនៅក្នុងរដ្ឋសភាវិញ យើងនឹងកោះ
ហៅរដ្ឋមន្ត្រីមកសួរ ពេលណាមិនឲ្យសួរទេ យើងនឹងស្នើឲ្យបោះឆ្នោតទម្លាក់ឮម៉ង។ បោះឆ្នោត
ធ្លាក់មិនធ្លាក់ជារឿងមួយទៀត ព្រោះយើងដឹងហើយមានអ្នកមិនសប្យាយចិត្តច្រើនគ្នាដែរ ដូចថ្ងៃ
មុនអញ្ចឹង នាយករដ្ឋមន្ត្រីគាត់ខឹងកូនចៅគាត់ ទៅយកយោបល់អ្នកកាសែត អ្នកអត្ថាធិប្បាយRadioណាមួយនោះទៅដកកូនចៅឯងម្នាក់បាត់ទៅ។ ដល់ដកទៅបែបនឹកឃើញថាមិនត្រូវកដាក់ទៅវិញ
ទៅ។ ដកដាក់ៗហ្នឹង ដោះអត់ចេញទេ មិនដឹងដកដាក់របៀបម៉េចទេ។ដល់ស្តាប់យោបល់ច្រើនពេក លោក[លោក ហ៊ុន សែន ]បាកដែរ ដល់ពេលមិនទុកចិត្តកូនចៅ ដូច្នេះយើងត្រូវជួយគាត់ឲ្យស្ថាប័ន
តុលាការហ្នឹងល្អម៉ង ថ្ងៃក្រោយនរណាមកចោទគាត់ថាដ្ឋាភិបាលលូកដៃ[ចូលតុលាការ]យើងជួយ
ការពារ បើសិនណាមានការកែទម្រង់ពិតប្រាកដ»
តាមរដ្ឋធម្មនុញ្ញការបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីណាមួយបាន រដ្ឋសភាត្រូវការសំឡេង៥០បូក១ ស្នើនឹង
៦៣សំឡេងក្នុងចំណោមអាសនៈ១២៣ក្នុងសភា ប៉ុន្តែគណបក្សសង្គ្រោះជាតិមានតែ៥៥អាសនៈ
ប៉ុណ្ណោះពោលត្រូវរកសំឡេងថែម៨ទៀតពីគណបក្សប្រជាជនកម្ពុជា។
លោក សុន ឆ័យ អះអាងទៀតថា ដើម្បីជួយរដ្ឋាភិបាលមួយទៀតគឺគណបក្សសង្គ្រោះជាតិស្នើកិច្ច
សហការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដោយលោកអះអាងថាលើពិភពលោកនេះគ្មានប្រទេស
ណារក្សាសន្តិភាពបានយូរអង្វែរដោយគ្មានតុលាការឯករាជ្យទេ។
បើតាមលោក សុន ឆ័យ គណបក្សសង្គ្រោះជាតិបានដាក់លិខិតរួចហើយទៅប្រធានរដ្ឋសភាស្នើសុំ
ធ្វើវិសោធនកម្មច្បាប់ចំនួនបី ដូចជាច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅ
ក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលលោកថាធានាយុត្តិធម៌សង្គម។
លោកថា៖ «ដូចជាច្បាប់ចែងថា អ្នកដែលមិនទាន់ត្រូវបានតុលាការកាត់សេចក្តី គឺមានន័យថា
គាត់មិនទាន់មានទោសទេ ឥឡូវនេះអ្នកដែលតុលាការមិនទាន់កាត់សេចក្តីនៅក្នុងគុកម៉ាកំផ្លុះ ថ្ងៃមុនខ្ញុំទៅព្រៃស ថាសឹងថាពាក់កណ្តាល ដែលអ្នកជាប់គុកព្រៃសហ្នឹងសុទ្ធតែតុលាការ
អត់ទាន់កាត់សេចក្តីផង រឿងអីបានទុកគេដល់ពាក់កណ្តាលគុក ដោយមិនកាត់សេចក្តី អាហ្នឹងខុសច្បាប់ហើយ បើខុសច្បាប់នរណាអ្នកទទួលខុសត្រូវ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌»
ច្បាប់ចំនួន៣ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌ ដែលគណបក្សប្រឆាំងស្នើរដ្ឋសភាធ្វើវិសោធនកម្មនេះ តំណាងរាស្ត្រដែលមានតែគណបក្សប្រជាជនចំនួន៦៦បានអនុម័តអំឡុងចុងឆ្នាំ២០១៣ ពេល
តំណាងរាស្ត្រក្សសង្គ្រោះជាតិទាំង៥៥រូបធ្វើពហិកាប្រឆាំងលទ្ធផលបោះឆ្នោត។ ច្បាប់ទាំង៣នោះ ត្រូវអង្គការសង្គមស៊ីវិលប្រឆាំងតវ៉ាជាបន្តបន្ទាប់តាំងពីបញ្ជូនទៅដល់ដៃសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា
ធម្មនុញ្ញ រហូតដល់ព្រះមហាក្សត្រ ដោយអះអាងថា ច្បាប់៣នេះបានផ្តល់អំណាចកាន់តែខ្លាំងដល់
រដ្ឋាភិបាលក្នុងការត្រួតត្រាលើតុលាការ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យVODដឹងថារដ្ឋសភាបានទទួលលិខិតសុំធ្វើវិសោធន
កម្មច្បាប់នេះពីតំណាងរាស្ត្របក្សប្រឆាំង ហើយលោកថារដ្ឋសភានឹងដាក់ឲ្យគណៈកម្មការ
អចិន្ត្រៃយ៏នៅពេលឆាប់ៗ ដើម្បីពិនិត្យនិងម្រេចលើសំណើនេះ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត និងជាអង្គការមួយធ្លាប់
តស៊ូមតិប្រឆាំងនឹងការអនុម័តច្បាប់នេះដែរនោះលើកឡើងថា បើសិនជាគណបក្សទាំងពីរធ្វើដូច្នេះ
បានមែន លោកថាច្បាប់នោះនឹងផ្តល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋភាគច្រើនឡើងវិញ។
លោកថា៖ បើសិនជាមានការធ្វើវិសោធនកម្ម ហើយមានការជជែកដេញដោយគ្នាអំពីគណបក្ស
ដែលមានអាសនៈក្នុងរដ្ឋសភាឬក៏ទទួលយកយោបល់ផ្សេងៗពីអ្នកជំនាញពីខាងក្រៅខ្ញុំគិតថាធ្វើ
យ៉ាងណា ធ្វើឲ្យច្បាប់ហ្នឹងកាន់តែល្អប្រសើឡើងទៅ ហើយធ្វើម៉េចឲ្យធានាពីឯករាជ្យភាពរបស់
ប្រព័ន្ធតុលាការ ហើយបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធតុលាការឡើងវិញ អាហ្នឹងវាជាការល្អ
បើតាមលោក សុន ឆ័យ ការដែលតំណាងរាស្ត្របក្សប្រឆាំងហៅមន្ត្រីរដ្ឋាភិបាលណាមួយមក
សួរដេញដោលក្នុងសភា លោកថាជាការជួយរដ្ឋាភិបាលដល់ការពង្រឹងអភិបាលកិច្ច តម្លាភាព យុត្តិធម៌សង្គម តាមយន្តការប្រជាធិបតេយ្យ។
ទាក់ទងនឹងបញ្ហានេះ​លោក​សុខ​ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតបថាតំណាង
រាស្រ្តគណបក្សសង្គ្រោះជាតិមិនអាចប្រើប្រាស់យន្តការសភាដកតំណែងរដ្ឋមន្ត្រីរដ្ឋាភិបាលណាម្នាក់
បាននោះទេដោយសារគណបក្សប្រឆាំងខ្វះចំនួនតំណាងរាស្ត្រឲ្យបានគ្រប់កូរុមក្នុងដំណើរការ
ដកដំណែងនេះ។
លោកសុខ​ ឥសានបញ្ជាក់ថា លោក​សុន​ ឆ័យនិយាយឲ្យតែបានឮៗតែប៉ុណ្ណោះ ​តែការអនុវត្ត
នីតិវិធីសភានោះ​វាមិនអាចទៅរួចនោះទេ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger