សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 13, 2016

បក្សសង្គ្រោះជាតិស្នើឲ្យអ្នករាយការណ៏ពិសេសជួយដោះ ស្រាយវិបត្តិនយោបាយ នៅកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកស្រី រ៉ូ ណាស្មីត និងលោក កឹម សុខាជួបគ្នានៅស្នាក់ការបក្សសង្គ្រោះជាតិ
កាលពីថ្ងៃ ពុធ

ដោយ​ កញ្ញា​ សុខ​ ឆេង

គណបក្សសង្គ្រោះជាតិស្នើទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ
មនុស្សនៅកម្ពុជា ជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដោយថាដើម្បីឲ្យការបោះឆ្នោត
ទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្រោយពីជំនួបបិទទ្វារប្រហែល១ម៉ោងរវាងលោកស្រីរ៉ូណា ស្មីតនិងលោកកឹម​ សុខានៅថ្ងៃពុធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅ
ទីស្នាក់ការកណ្តាលគណបក្សថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក
សិទ្ធិមនុស្សលោកស្រី រ៉ូណា ស្មីត មកជួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីស្តាប់ពី
ស្ថានភាពនយោបាយនៅកម្ពុជា ពីអភ័យឯកសិទ្ធិតំណាងរាស្ត្រស្ថានភាពច្បាប់ទាក់ទងនឹង
សកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសរឿងបណ្តឹងប្រឆាំងលោក កឹម សុខា 
នៅតុលាការជាដើម។

លោក អេង ឆៃអ៊ាង ថ្លែងទៀតថា គណបក្សសង្គ្រោះបានស្នើទៅ លោកស្រី រ៉ូណា ស្មីតជួយ
អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាវិលទៅរកប្រក្រតីភាព
ឡើងវីញ។
លោកបញ្ជាក់ថា៖ «យើងស្នើសុំឲ្យគាត់ជួយធ្វើម៉េចឲ្យទប់ស្កាត់នូវរាល់ស្ថានភាពនៃការរំលោភសិទ្ធិ
មនុស្ស សិទ្ធិនយោបាយ ធ្វើម៉េចឲ្យបរិយាកាសនយោបាយឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ ហើយ
ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងស្មើភាព»
ទាក់ទងនឹងករណីនេះ លោកស្រី រ៉ូណា ស្មីត បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា កម្ពុជានៅ
មានការងារច្រើនដែលត្រូវជជែកគ្នា ដើម្បីឲ្យការអនុវត្តច្បាប់ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា កម្ពុជា មានបញ្ហាជាច្រើនដែលត្រូវបានពិភាក្សាគ្នា ដើម្បីធ្វើឱ្យ
ប្រាកដថារដ្ឋធម្មនុញ្ញអនុវត្តឱ្យបានត្រឹមត្រូវ»
ភាពតានតឹងផ្នែកនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀលពីបទបដិសេធមិនចូល
ខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហាជាមួយនាង​ខុម​ចាន់តារាទីហៅស្រីមុំ។
ក្រោយពីតុលាការសម្រេចទោសនេះរួចមក គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀម
ធ្វើបាតុកម្មដោយទាមទារឲ្យមានការការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរី
ពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។​ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ដើម្បីកុំឲ្យស្ថានភាព
នយោបាយនៅកម្ពុជាឡើងកម្តៅ លោកថា ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកគំាទ្របក្សប្រឆំាង ឈប់ប្រព្រឹត្ត
បទល្មើសបន្តទៀត ដោយលោកថា អ្នកប្រព្រឹត្តបទល្មើសពីមុន ទុកឲ្យតុលាការចាត់វិធានការតាម
នីតិវិធីច្បាប់។ ផ្ទុយទៅវិញលោកថា បើតំណាងUN ជួយអន្តរាគមន៍លើរឿងអ្នកប្រព្រឹត្តល្មើសនៅ
កម្ពុជា លោកថារំលោភលើនីតិរដ្ឋនៅកម្ពុជាហើយ។
លោកបញ្ជាក់ថា៖ «បើគាត់ចូលអន្តរាគមន៍លូកដៃចូលទៅក្នុងបញ្ហានេះ(លូកដៃលើអ្នកប្រព្រឹត្តបទ
ល្មើសព្រហ្មទណ្ឌ)បានសេចក្តីថាគាត់យកវប្បធម៌និទណ្ឌភាពមកជំនួសឲ្យនីតិរដ្ឋ ដែលជាស្មារតីនៃ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស»
លោកស្រី រ៉ូណា ស្មីត ត្រូវបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១០ រហូតដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ អ្នកស្រីនឹងផ្តោតដំណើរបេសកកម្មនេះលើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស និងតាមដានការអនុវត្ត
អនុសាសន៍នានាដែលបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជាកន្លងមក។
លោកស្រីក៏បានជួបលោក​ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃអង្គារបន្ទាប់ពីក្រុម
សន្តិសុខខណ្ឌដូនពេញបានវាយលោកអំ​សំអាតមន្ត្រីការពារសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការ
លីកាដូ។​ក៏ប៉ុន្តែលោកប៉ា​សុជាតិវង្សអះអាងថាអាជ្ញាធររកមិនឃើញភស្តុតាងបញ្ជាក់ថាក្រុម
សន្តិសុខខាងលើបានវាយទៅលើមន្ត្រីសិទ្ធិរូបនេះទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger