សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 20, 2016

បក្សប្រឆាំងបដិសេធការចោទរបស់លោកហ៊ុន​ ម៉ាណែត ថាជាអ្នករៀបចំបាតុកម្ម​ នៅអូស្ត្រាលី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក យឹម សុវណ្ណ(ឆ្វេង) បដិសេធការចោទប្រកាន់របស់លោកហ៊ុន ម៉ាណែត(ស្តាំ)ថាបក្ស
ប្រឆាំងជាអ្នករៀបចំបាតុកម្មនៅអូស្ត្រាលី។


ដោយ​ កញ្ញា ប្រាក់​ ដាលីន

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ច្រានចោលការលើកឡើងរបស់លោក ហ៊ុន ម៉ាណែតកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែន ដែលថាគណបក្សសង្គ្រោះជាតិ
ជាអ្នករៀបចំឲ្យមានបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រាលី។
លោកយឹម​សុវណ្ណថាបុគ្គលដែលចូលរួមដឹកនាំបាតុកម្មនោះ គ្រាន់តែជាអ្នកគំាទ្រគណបក្ស
សង្គ្រោះជាតិតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិមិនបានរៀបចំបាតុកម្មនៅប្រទេសអូស្ត្រាលីទេ។ គ្មាន
ហេតុផលដែលត្រូវរៀបចំបាតុកម្មនៅប្រទេសអូស្ត្រាលីប្រឆំាងលោក ហ៊ុន ម៉ាណែត ទេ។
ទីពីរអ្នកដែលចូលរួម ចូលរួមដោយឆន្ទៈរបស់គាត់ម្នាក់ៗ ហើយគាត់គ្រាន់តែជាអ្នកគំាទ្រគណបក្ស
សង្គ្រោះជាតិ ពីព្រោះរហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់រៀបចំសាខា រចនា
សម្ព័ន្ធរបស់ខ្លួននៅក្រៅប្រទេសនៅឡើយទេ»
ទោះជាយ៉ាងណាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានលើកឡើង
ថាក្រុមអ្នកដឹកនាំធ្វើបាតុកម្មប្រឆំាងវត្តមានលោកនៅប្រទេសអូស្ត្រាលីកន្លងមកគឺរៀបចំដោយ
គណបក្សសង្គ្រោះជាតិដោយលោកបញ្ជាក់ថាបើទោះជាបក្សប្រឆំាងបដិសេធមិនជាប់ពាក់ព័ន្ធនឹង
រឿងនេះក៏ដោយ។
កាលពីថ្ងៃទី៧ ខែតុលា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលីរាប់រយ
នាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនច្បងលោក ហ៊ុន សែន ដោយថាពួកគេមិនពេញ
ចិត្តនឹងលោក ហ៊ុន ម៉ាណែតដែលទៅរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្ស
ប្រជាជនកម្ពុជានៅទីក្រុងនោះ ស្របពេលពលរដ្ឋខ្មែរគ្រោងធ្វើបុណ្យខួប១០០ថ្ងៃឲ្យលោកបណ្ឌិត កែម ឡី។
ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃពុធទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកដឹកនាំបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រា
គឺជាការរៀបចំឡើងដោយបក្សប្រឆំាង មិនមែនកើតចេញពីឆន្ទៈពលរដ្ឋពិតប្រាកដនោះទេ។
លោកថា៖ «បាតុកម្មបីកន្លែង ខ្ញុំលើកតែមួយកន្លែង ពីរកន្លែងទៀតអាចមានអ្នកគំាទ្រគណ
បក្សសង្គ្រោះជាតិចូល។ ខ្ញុំអត់និយាយទេ ខ្ញុំនិយាយនៅអាឌឺឡេត (Adelaide)នៅភាគខាងត្បូង
នៃប្រទេសអូស្ត្រាលី) ព្រោះយើងមានភស្តុតាងនិងមានរូបភាពច្បាស់លាស់ដែលថ្នាក់ដឹកនាំ (ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ)នៅទីនោះ ហើយមានរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ
លោក លឹម សំអេង ជាប្រធានគណបក្សសង្គ្រោះជាតិនៅទីនោះ ហើយក្បាលម៉ាស៊ីនគាត់ដឹក
នាំតែម្តង ហើយមេបក្សនៅភ្នំពេញបញ្ជាអត់ឲ្យធ្វើ ហើយបើប្រកាសហើយគេនៅតែធ្វើវាបាន
ន័យថា គណបក្សអត់មានលទ្ធភាពក្នុងការគ្រប់គ្រងទេ។ ឥឡូវធ្វើម៉េច ការទទួលខុសត្រូវឬអត់ ខ្ញុំសូមសួរដោយឆោត»
លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត ថាតំណាងរាស្ត្រមានដើមកំណើតខ្មែរប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក ហុង លីម និងលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលទៅចូលរួមរំលឹកខួប១០០ថ្ងៃលោក កែម ឡី នៅប្រទេសអូស្ត្រាលីនោះ គឺពួកគេមិនបាន
ចូលរួមពិធីបុណ្យទេ ដោយលោកថាអ្នកទំាងនោះមានចេតនាទៅធ្វើបាតុកម្មប្រឆំាងវត្តមានរូប
លោកទៅវិញ។
លោកថា៖ «លោកពូ ហុង លីម ជាមួយលោក ជុន ច័ន្ទ បុត្រ….ត្រូវឡើងទៅអាឌីឡេត (Adelaideនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី) ដើម្បីធ្វើបុណ្យរំលឹកគុណឲ្យបណ្ឌិតកែម ឡី ប៉ុន្តែគាត់មិន
ទៅ គាត់សុខចិត្តឲ្យឯកឧត្តម ញ៉យ ចំរើនទៅធ្វើ សុខចិត្តមកកាន់មេក្រូដឹកនាំបាតុកម្ម បើសិនជា
គាត់ឲ្យតម្លៃទៅលើការគោរពវិញ្ញាណក្ខន្ធ (កែម ឡី)មែនគាត់ទៅទីនោះហើយ ហើយវត្តមានរបស់
លោក ជុន ច័ន្ទបុត្រ នៅក្នុងការងារនេះ ក្នុងនាមជាអ្នកដែលមានមុខមាត់មួយនៅក្នុងវិទ្យុមួយ
ដែលអព្យាក្រិត»
ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ មិនបានបង្កឲ្យ
មានហិង្សានិងរងរបួសដល់ប្រជាពលរដ្ឋនិងលោក ហ៊ុន ម៉ាណែត នោះទេ។
ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជានៅពេលពួក
គេទៅក្រៅប្រទេសដូចជា កាលពីឆ្នាំ២០១៥ ពលរដ្ឋខ្មែរនៅអាមេរិកនិងបារាំងនាំគ្នាធ្វើបាតុកម្ម
ប្រឆាំងនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយថាការដឹកនាំប្រទេសកម្ពុជាមាន
ការរំលោភសិទ្ធិមនុស្ស។
បន្ទាប់ពីមានការធ្វើបាតុកម្មនៅប្រទេសទាំងពីរខាងលើ​ក៏មានការធ្វើបាតុកម្មសងសឹកវិញពី
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ​កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដែលក្រុមបាតុករជាអ្នកគាំទ្របក្សកាន់អំណាច បានវាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញ
ពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក  
កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
ក្រោយពីមានបាតុកម្មនេះឡើង​ រដ្ឋសភាក៏អនុម័តដកតំណែងលោក​កឹម​សុខាផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger