សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 29, 2016

លោកសម ​រង្ស៊ីបកស្រាយមូលហេតុលោកគាំទ្រផែនការ ​លោកហ៊ុន ​សែន​បម្លែង​ផែនទីខ្នាត ១លើ១០០ពាន់ ទៅ​ជា​ផែនទី ខ្នាត ១លើ៥០ពាន់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក សម រង្ស៊ី និងលោក ហ៊ុន សែនយល់ព្រមបម្លែងផែនទីខ្នាត​មួយលើ១០០ពាន់ទៅជា
ខ្នាតមួយលើ៥០ពាន់វិញ។



ដោយ​ ជាតិខ្មែរ

ប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​និរទេស​ខ្លួននៅក្រៅប្រទេសលោក សម រង្ស៊ី ពន្យល់
ពីមូលហេតុដែលលោកគាំទ្រផែនការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកែប្រែផែនទី
បោន (Bonne) ខ្នាត ១/១០០.០០០ ទៅ​ជា​ផែនទី យូ.ធី.អិម (UTM) ខ្នាត ១/៥០.០០០ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដោយ លោក​អះអាង​ថា ផែនទី​ខ្នាត
១​លើ​៥០​ពាន់ លម្អិត​ជាង ២​ដង ហើយ​ក៏​ច្បាស់​ជាង ២​ដង​ប្រៀបធៀប​ទៅ​នឹង​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ ដោយ​គ្មាន​ប្រែប្រួល​អ្វី​ដែល​ជា​លក្ខណៈ​មូលដ្ឋាន​ឡើយ។
ការ​បញ្ជាក់​ដូចនេះ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​សារ​ដែល​លោក​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេស
ប៊ុក (facebook) នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ដើម្បី​បកស្រាយ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ក្នុង​ការ​ស្នើសុំ​អ្នក​បច្ចេកទេស​បារាំង បម្លែង​ផែនទី​បោន ទៅ​ជា​យូ.ធី.អិម វិញ។
មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កាន់លិខិតឆ្លងដែនបារាំង ផង​នោះ​និយាយ​ថា លោក​ជឿ​ទុក​ចិត្ត​លើ​ផែនទី​ធ្វើ​ដោយ​ប្រទេស​បារាំង ដែល​លោក​ចាត់​ទុក​ថា​មាន​ជំហរ​អព្យាក្រឹត ជា​ជាង​ផែនទី​រៀបចំ​ដោយ​ប្រទេស​វៀតណាម ដែល​មាន​ផល​ប្រយោជន៍​ផ្ទុយ​ពី​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា 
ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។
ការ​បង្ហាញជំហរ​របស់លោកសម​រង្ស៊ី​ពី​រឿង​ផែនទី បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ជាមួយ​មេ​ដឹកនាំ​វៀតណាម ស្នើសុំ​អ្នក​បច្ចេកទេស​បារាំង ឲ្យ​បម្លែង​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ខ្មែរ ទៅ​ជា​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់ សម្រាប់​យក​មក​ប្រើប្រាស់​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ដែល​នៅ​សេសសល់ជាង១៨ភាគរយប៉ុណ្ណោះ។ អ្នក​លេងហ្វេសប៊ុកខ្លះ​បារម្ភ​ថា ការ​បម្លែង​ផែនទី​ដែល​មាន​ខ្នាត​បច្ចុប្បន្ន​ទៅ​ជា​ផែនទី​ខ្នាត​ថ្មី នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី ម្យ៉ាង​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។
ក្នុង​កំណត់​សម្គាល់​របស់​លោក សម រង្ស៊ី ចំនួន ៧​ចំណុច​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ក៏​បាន​លើក​ឡើង​នូវ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី យល់​ថា ដើម្បី​កំណត់​បន្ទាត់​ព្រំដែន​នៅ​លើ​ដែនដី និង​ដែន​ទឹក​ជាក់ស្តែង​ឲ្យ​បាន​កាន់​តែ​ច្បាស់​ថែម​ទៀត គេ​ត្រូវ​ប្រើ​បច្ចេកទេស និង​ឧបករណ៍​ទំនើប​បំផុត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​មិន​ទាន់​មាន​កាល​ពី ៦០​ឆ្នាំ​មុន ដូច​ដែល​អាណានិគម​បារាំង បាន​រៀបចំ​ផែនទី​ទុក​ឲ្យ​កម្ពុជា ប្រើប្រាស់​មក​ដល់​សព្វថ្ងៃ។
ប៉ុន្តែ​លោកសម​រង្ស៊ី​ថា បច្ចុប្បន្ន​ប្រទេស​បារាំង អាច​ផ្តល់​ជំនួយ​បច្ចេកទេស​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ជឿ​ទុក​ចិត្ត​បាន ពីព្រោះ​លោក​ជឿ​ថា ប្រទេស​បារាំង ប្រកាន់​ជំហរ​អព្យាក្រឹត មាន​ឯកសារ​ប្រវត្តិសាស្ត្រ មាន​បទពិសោធន៍ និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កំណត់​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។
ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​ពន្យល់​ពី​ការ​បម្លែង​ផែនទី​ពី​ខ្នាត ១​លើ​១០០​ពាន់ ទៅ​ជា ១​លើ​៥០​
ពាន់ ដោយ​លោក​អះអាង​ថា ផែនទី​ខ្នាត ១​លើ​៥០​ពាន់ លម្អិត​ជាង ២​ដង ហើយ​ក៏​ច្បាស់​ជាង ២​ដង​ប្រៀបធៀប​ទៅ​នឹង​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ ដោយ​គ្មាន​ប្រែប្រួល​អ្វី​ដែល​ជា​លក្ខណៈ​មូលដ្ឋាន​ឡើយ។ លោក​បញ្ជាក់​ថា ការ​បម្លែង​ពី​ប្រព័ន្ធ Bonne ដែល​គេ​ឈប់​ប្រើប្រាស់​សព្វថ្ងៃ ទៅ​ជា​ប្រព័ន្ធ UTM ដែល​គេ​ប្រើប្រាស់​ជា​សកល​ក្នុង​ពេល​បច្ចុប្បន្ន នឹង​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រៀបធៀប​ជាមួយ​នឹង​ផែនទី Bonne ដែល​កម្ពុជា ប្រើប្រាស់​សព្វថ្ងៃ ដើម្បី​ឲ្យ​ឃើញ​ថា​ផែនទី​ណា​ខុស ផែនទី​ណា​ត្រូវ។
លោក សម រង្ស៊ី ជឿជាក់​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ជំនួយ​បច្ចេកទេស និង​អព្យាក្រឹតភាព​របស់​បារាំង មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​ការ​ខាតបង់​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា ការ​អន្តរាគមន៍​ពី​ប្រទេស​បារាំង នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ហើយ​នឹង​ជួយ​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រទេស​កម្ពុជា។
កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បកស្រាយ​ថា ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​ពិបាក​រក​ចំណុច​ដើម្បី​បោះ​បង្គោល​ព្រំដែន ព្រោះ​វា​តូច​ពេក។ ដូច្នេះ​លោក​ថា ត្រូវ​បម្លែង​មក​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់​វិញ ទើប​ងាយ​ស្រួល​វាស់វែង និង​រក​ចំណុច​ដើម្បី​បោះ​បង្គោល​ព្រំដែន។
ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​វៀតណាម ប្រវែង ១.២៧០​គីឡូម៉ែត្រ។ រហូត​មក​ទល់​ពេល​នេះ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​គោក​បាន ៨៣% ហើយ ក្នុង​ចំនួន​បង្គោល​សរុប​ចំនួន ៣១៤​បង្គោល។ អ្នកលេងហ្វេសប៊ុក​ខ្លះ​មាន​ចម្ងល់​ថា បើ​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់ ពិបាក​រក​ចំណុច​បោះ​បង្គោល​ព្រំដែន​ព្រោះ​វា​តូច​ពេក​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ហេតុ​អ្វី​បាន​ជា​កម្ពុជា-វៀតណាម អាច​សម្រេច​ការ​បោះ​បង្គោល​បាន​រហូត​ដល់ ៨៣% មក​ទល់​ពេល​បច្ចុប្បន្ន។
ទោះ​បី​ជា​មេ​បក្ស​ប្រឆាំង​គាំទ្រ​លោក ហ៊ុន សែន ក្នុង​ការ​ការពារ​កែប្រែ​ផែនទី​នេះ​ក្ដី ក៏ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​សែស្រឡាយ​រាជវង្ស​ផង​នោះ បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​មេ​បក្ស​របស់​ខ្លួន​ទៅ​វិញ។
ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ប្រតិកម្ម​ថា ការ​ប្រើប្រាស់​ផែនទី​ថ្មី​ខ្នាត ១​លើ​៥០​ពាន់ គឺ​វា​ផ្ទុយ​នឹង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។ ព្រះអង្គ​ម្ចាស់​កត់​សម្គាល់​បន្ថែម​ថា បើ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នោះ វា​មាន​ន័យ​ថា​ជា​ការ​ទទួល​ស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្រប​ច្បាប់ ហើយ​ស្មើ​នឹង​ការ​កាត់​កោះ​ត្រល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ជា​ស្ថាពរ។ សែ​រាជវង្ស​ដែល​តែង​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​សំចៃ​មាត់​អង្គ​នេះ សម្ដែង​ការ​ងឿង​ឆ្ងល់​ថា រដ្ឋាភិបាល​ចង់​ឲ្យ​គេ​គាំទ្រ​សូម​
ឲ្យ​អ្នក​ជំនាញ​បារាំង មក​ជួយ​គូរ​ផែនទី​ខ្នាត​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ប៉ុន្តែ​រដ្ឋាភិបាល​មិន​បញ្ជាក់​ឡើយ​ពី​ការ​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ជិត ៩០% ដែល​ភាគី​ទាំង​ពីរ​បាន​បោះ​រួច។
ចំណុច​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ចែង​ថា កម្ពុជា-វៀតណាម ឯកភាព​ធ្វើ​ការ​គូស​ចម្លង​ឡើង​វិញ​នូវ​ខ្សែ​ព្រំដែន​ពី​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន អម​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ មក​លើ​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់ អម​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥។ លើស​ពី​នេះ ភាគី​ទាំង​ពីរ​នឹង​ផលិត​ផែនទី​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​វៀតណាម។ ផែនទី​ព្រំដែន​នេះ នឹង​ប្ដូរ​ជំនួស​ពី​ផែនទី Bonne ចំនួន ៤០​ផ្ទាំង អម​សន្ធិសញ្ញា​កំណត់​ព្រំដែន​ឆ្នាំ​១៩៨៥ និង​ប្លង់​ទាំង​៤ អម​សន្ធិសញ្ញា​បំពេញ​បន្ថែម។ រដ្ឋាភិបាល​បញ្ជាក់​ថា ផែនទី​នេះ​នឹង​ផ្អែក​លើ​ឋានលេខា​ព្រំដែន​ថ្មី​មួយ​ដែល​មាន​ខ្នាត ១​លើ​២៥​ពាន់ និង​មាន​បង្ហាញ​ទីតាំង​បង្គោល​ព្រំដែន និង​ខ្សែ​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ និង​ទុក​ជា​ផែនទី​ផ្លូវ​ការ និង​ជា​អចិន្ត្រៃយ៍​ត​រៀង​ទៅ។
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​រឿង​បម្លែង​ផែនទី​នេះ​ទេ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ដោយ​លោក​ឲ្យ​ទៅ​សួរ​ក្រសួង​ការ​បរទេស​វិញ។
អ្នក​វិភាគ​ខ្លះ​យល់​ថា លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​បម្លែង​ផែនទី​នៅ​ពេលនេះ ហើយ​ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​ខាង​មុខ អាច​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ដោះដូរ​អ្វី​មួយ​រវាង​លោក សម រង្ស៊ី និង​បក្ស​កាន់​អំណាច។ ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​យល់​ឃើញ​បែប​នេះ។
លោក​បញ្ជាក់ថា៖ «វា​អត់​មាន​ទាក់ទង​ចឹង​ទេ ពីព្រោះ​ខ្ញុំ​បាន​បង្ហាញ​ជំហរ​នេះ​កាល​ពេល​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្ដេច ហ៊ុន សែន។ ខ្ញុំ​បាន​លើក​ឡើង​នូវ​បញ្ហា​នេះ។ ខ្ញុំ​បាន​លើក​ឡើង​ថា​
បើ​បារាំង មក​ជួយ​យើង​ផ្លូវ​បច្ចេកទេស​នោះ​ជា​ការ​ល្អ​មួយ ដូច្នេះ​នេះ​ជា​យោបល់​របស់​ខ្ញុំ​ដែល​ខ្ញុំ​
បាន​បង្ហាញ​បាន​បញ្ចេញ​ជា​យូរយារ​ណាស់​មក​ហើយ»
ក្នុង​រឿងរ៉ាវ​ផែនទី​នេះ មន្ត្រី​គណបក្ស​ប្រឆាំង ២​រូប គឺ​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន 
ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ ក្រោយ​ពី​ពួក​គាត់​បាន​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​បាន​បង្ហោះ​សន្ធិសញ្ញា​កម្ពុជា-វៀតណាម ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​សន្ធិសញ្ញា​ក្លែងក្លាយ។ ក្នុង​សំណុំ​រឿង​នេះ​ដែរ លោក សម រង្ស៊ី ខ្លួន​ឯង និង​សកម្មជន​បក្ស​ប្រឆាំង ២​រូប​ទៀត ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ពេល​ខាង​មុខ។
ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី ថា​តុលាការ​ត្រូវ​ផ្តល់​យុត្តិធម៌​ឲ្យ​លោក ហុង សុខហួរ និង​លោក 
អ៊ុំ សំអាន ដោយ​ហេតុ​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ បាន​លើក​ពី​បញ្ហា​ផែនទី​ដើម្បី​ជួយ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា។ លោក​ថា គេ​មិន​គួរ​ចាប់​មន្ត្រី​ពីរ​នាក់​នេះ​ដាក់​គុក​ឡើយ តែ​គួរ​យក​ពួក​គាត់​មក​ជួយ​ធ្វើ​ការ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទាំងអស់​គ្នា។
ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ថ្នាក់​ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ស្នើសុំ​អ្នក​ជំនាញ​បារាំង ដើម្បី​បម្លែង​ផែនទី Bonne ខ្នាត ១​លើ​១០០​ពាន់​ទៅ​ជា​ផែនទី UTM ខ្នាត ១​លើ​៥០​ពាន់​វិញ ដើម្បី​សម្រួល​ដល់​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់។
ពាក់ព័ន្ធនឹងការបម្លែងផែនទីនេះដែរ​ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាមិនបានគាំទ្រផែនការរបស់
រដ្ឋាភិបាលនេះទេដោយក្រុមសង្គមស៊ីវិលទាំងនោះបារម្ភពីការបាត់បង់ទឹកដីកម្ពុជាថែមទៀតទៅលើ
ប្រទេសវៀតណាមដែលនៅពេលនេះកម្ពុជាកំពុងតែចាញ់ប្រៀបវៀតណាមរួចស្រេចទៅហើយនោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger