សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, December 12, 2016

ក្រុមហ៊ុន សំអឿន សុវណ្ណនិងឧកញ៉ាឌី ឌុ​កសហការ គ្នាបង្ខំប្រជាពលរដ្ឋចូលព្រៃ កាប់ឈើនៅ ខេត្តព្រះវិហារ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ទីតាំងលាក់ឈើរបស់ក្រុមហ៊ុន សំអឿន សុវណ្ណដែលគ្រប់គ្រងដោយឧកញ៉ា ឌី ឌុក
 ​ដែល​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត ស្ថិតក្នុង​ភូមិ​អូរស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ



ដោយ កញ្ញា​ ប្រាក់ ដាលីន
 
ខេត្ត​ព្រះវិហារ​ ៖ ប្រភព​ព័ត៌មាន​បាន​រាយ​ការណ៍​ឱ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ និង ឧកញ៉ា
ឌី ឌុ​ក តម្លើង​ម៉ាស៊ីន​អារឈើ ខ្នាត​យក្ស​មួយ​ដែល​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត ស្ថិតក្នុង​ភូមិ​អូរ
ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ត្រូវបាន​គេ បង្កើតឡើង​ដើម្បី​ប្រមូល​ទិញ​ឈើ​ដឹក
យក​ទៅ​អារច្រៀក​យ៉ាង​ទ្រហឹង​អឹងកង​ទូទាំង​ស្រុក​ឆែប រួច​ដាក់​គរ​គំនរ​ដូច​ភ្នំ​ចេញ បន្ត​យកទៅ​លក់​នៅ​តាម​ដេប៉ូ​ឈើ​នានា​ជាច្រើន​កន្លែង និង​មួយចំនួនទៀត​ដឹកយក​ទៅ​ក្រៅ​ប្រទេស​រៀងរាល់ថ្ងៃ និង​ទទួល បាន​លុយ​ទាំង​ដុំៗ​ជ្រក​ក្រោម​រូបភាព​ក្រុមហ៊ុន​ស្របច្បាប់ សំអឿន​សុវណ្ណខាងលើ។​
ក្រុមហ៊ុន​មួយ​នេះ ថែមទាំង​ហ៊ាន​​ប្រកាស​ជា​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ​នាំគ្នា​ចូលទៅ កាប់​ឈើ​យកទៅលក់​នៅ​ក្នុង​រោងចក្រ​អារឈើ​ពួកគេ​ដោយ​បើកចំហរ​ទាំង​យប់​ទាំង​ថ្ងៃ ដែល​មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល ព្រៃឈើ ប៉ូលិស ប៉េអឹម​ដាក់ពង្រាយ​នៅតាម​តូប​ក្រោម​ដើមឈើ​រង់ចាំ​រាប់​ចំនួន​គោយន្ត​ដឹក​ឈើ និង​ឡាន​យី​ឌុប នៅ​ជួយ​ចាំ ការពារ​សុវត្ថិភាព​អ្នកដឹកឈើ ព្រមទាំង​ពួកគេ​កត់ត្រា​លេខ​ឡាន​ណា​ចម្លែក​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​គ្នីគ្នា​ពួកគេ​ដើម្បីឱ្យ តាម​ឃ្លាំង​មើល​អ្នក​ចម្លែក​ដែល​ចូល​ទៅក្នុង​ទឹកដី​រោងចក្រ​អារឈើរបស់ខ្លួន ។ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា និង​ឱ្យ​បង្កើតឱ្យមាន​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ដោយ​អនុញ្ញាត​ឱ្យ​ប្រើ ឧទ្ធម្ភាគចក្រ​យោធា ២​គ្រឿង សម្រាប់​ប្រតិបត្តិការ តែ​បែរជា​ក្រុមហ៊ុន សំអឿន សុវណ្ណ និង​ឧកញ៉ា ឌី ឌុ​ក នៅតែ​ហ៊ាន​ធ្វើ សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយបាន​តំឡើង​ម៉ាស៊ីន​អារឈើ​ខ្នាត​យក្ស​អារច្រៀក​ឈើ​ធំៗ​យ៉ាងកងរំពង​ពេញ​ព្រៃ និង​ដឹក ជញ្ជូន​ឈើ​ប្រណីត និង​ឈើ​លេខ ២ ស្ទើរ​ខ្ទេច​ផ្លូវ​នៅក្នុង​ស្រុក​ឆែប ជាប់​ព្រំប្រទល់​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ធ្វើ​ឱ្យ​ប្រជា ពលរដ្ឋ​នៅ​តែ​មើលឃើញ​រូបភាព​ដដែលៗ​ថា បទបញ្ជា​នាយករដ្ឋមន្ត្រី ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​ឧកញ៉ា គ្រា​ក់ៗ ដែល​ចូលចិត្ត​រកស៊ី និង​បំផ្លាញ​ព្រៃឈើ​ប្រពឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ខ្មែរនោះទេ ។​

ជា​រៀងរាល់ថ្ងៃ​និងរាល់​យប់​គេ​តែងតែ​ឃើញ​មាន​ឡាន​យី​ឌុប​ធំៗ​រាប់​សិប​គ្រឿង​ត្រូវបាន​គេ​បញ្ឈរ​ត្រៀបត្រា​នៅ​តាម​ផ្លូវ​ក្បែរ​រោងចក្រ និង​នៅ​ខាង​ក្នុង​រោងចក្រ​អារឈើ​រង់ចាំ​ដឹកឈើ​ចេញ​ពី​រោងចក្រ​ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ ដោយ​មាន​មន្ត្រី​ជំនាញ និង​កងកម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោបាយ​យ៉ាង​រលូន​មិន​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ គេ​បាន​ប្រាប់​ខ្ញុំ​ថា រោងចក្រ អារ​ឈើ​នេះ គេ​យក​លោក សំអឿន សុវណ្ណ ធ្វើ​ជា​នាយក​ក្រុមហ៊ុន ប៉ុន្តែ​មន្ត្រី​ជំនាញ​ប្រាប់ថា ជា​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ដែល​មាន​អំណាច និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ទៀតផង ។ ដូច្នេះហើយ​បានជា​គ្មាន​មន្ត្រី​ណាមួយ​ហ៊ាន​ធ្វើ​អ្វី នោះទេ ដោយខ្លាច​បាត់​តំណែង ។​

​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បាន​ប្រាប់ឱ្យដឹង​ថា ក្រុមហ៊ុន​នេះ​សព្វថ្ងៃ ពួក​គេ​ព័ទ្ធរបង​បាំង​កុំឱ្យ​គេ​មើល
ឃើញ​អំពី សកម្មភាព​កែច្នៃ​ឈើ​របស់​ពួកគេ នៅតាម​ព្រៃរបោះ​ជុំវិញ​បរិវេណ​រោងចក្រ​អារឈើ​មាន​កម្លាំង​សន្តិសុខ​ប្រដាប់អាវុធ និង​វិទ្យុទាក់ទង​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំការ​មិន​ឱ្យ​នរណា​ចេញចូល​ក្រៅពី​អ្នក​លក់​ឈើ​នោះទេ បើ​ក្រុមហ៊ុន​មួយ​នេះ​មិនមាន ខ្នង​ក្រាស់​ក៏​មិន​អាច​
ជួល​ប៉ូលិស​ទាហាន​ទៅ​យាម​ឱ្យ​គេ​ឡើយ ហើយក៏​មិន​ហ៊ាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កណ្តាល
វាល​នោះ ដែរ ។

​អភិបាលស្រុក​ជ័យ​សែន លោក​ជុំ ពុយ អះអាងថា ក្រុមហ៊ុន​កំពុង​ប្រមូល​ទិញ​ឈើ​នេះ ឈ្មោះ​ក្រុមហ៊ុន សំអឿន សុវណ្ណ ជា​ក្រុមហ៊ុន​ស្របច្បាប់ ព្រោះ​គេ​មានច្បាប់​អនុញ្ញា​ត្រឹមត្រូវ​ពី​ថ្នាក់លើ ។​លោកបញ្ជាក់ថា ក្រុមហ៊ុន​គេ​ស្រប​ច្បាប់​យើង​មិន​អាច​ធ្វើ​អ្វី​កើត ទេ។​ ក្រុមហ៊ុន​នេះ​បាន​សាងសង់​រោងចក្រ​អារឈើ និង​ប្រមូល​ទិញ​ឈើ ទើប​តែ​ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ ឬ​បី​ខែ​ប៉ុណ្ណោះ ដោយ​ប្រកាស​ឱ្យ​អ្នកភូមិ​ស្ម័គ្រចិត្ត​លក់​ឈើ​ឱ្យ​ក្រុមហ៊ុន ។​

​យោង​តាម​ឯកសារ​ដែល​ត្រូវបាន​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ បានឱ្យដឹងថា ក្រ​សូង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិតអនុញ្ញាត​លេខ ២៤៣៨ ក​សក ចុះ​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សំអឿន សុវណ្ណ ចុះ​កាប់​ប្រមូល​ទិញ​ផល​-​អនុផល​ព្រៃឈើ ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​លើ​ផ្ទៃ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៤៣៣៤,៦១​ហិកតា ស្ថិត​នៅក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ និង​មតិ​របស់​រដ្ឋបាល​ព្រៃឈើ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​ដី​បម្រុង​ទុក​សម្រាប់​កំណើន​ប្រជាពលរដ្ឋ ។​

​យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី ៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថ
លេខា​ដោយ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​
ទំ​ហំ ៤៣៣៤,៦១​ហិកតា នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែ​ប ខេត្តព្រះវិហារ​ពី​គម្រប​ព្រៃឈើ និង​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ធ្វើ​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់ធ្វើ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បាន​សរសេរថា ទោះជា​យ៉ាងណា​លោក សំអឿន សុវណ្ណ ជា​នាយក​ក្រុម
ហ៊ុន​បាន​រារាំង​អ្នក សារព័ត៌មាន​ពុំ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​រោងចក្រ​អារឈើ​ដោយ​អះអាងថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​សិទ្ធិ ប្រមូល​ផល​អនុផល​ព្រៃឈើ​ពី​រាជរដ្ឋាភិបាល​ដោយ​មាន​ចំណារ​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី និង​អាជ្ញាប័ណ្ណ​ពី​ក្រសួង​គ្រប់គ្រាន់ ។​

​លោក​បាន​ថ្លែងថា ខ្ញុំ​បាន​ប្រកាស​ក្នុង​អង្គប្រជុំ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង
អស់​ថា ក្រុមហ៊ុន​ប្រកាស​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​សុខចិត្ត​លក់​ដោយ​ស្ម័គ្រចិត្ត​មិន​មាន​ការបង្ខំ​អ្វី​ឡើយ។​ មានន័យថា​ក្រុមហ៊ុន​ជា​អ្នក ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន​ជា​ផ្លូវការ​ជា​ចំហរ ហើយ​មិន​មាន​នរណា​ចាប់ចង​អ្វី​ទេ ប្រសិន​បើ​ដឹក​ឈើ​លក់ ឱ្យ​ក្រុមហ៊ុន ។​

​បើ​តាម​ព័ត៌មាន​ពី​អ្នកកាសែតនិងអង្គការសង្គមស៊ីវិល​នៅ​ខេត្ត​ព្រះវិហារ បាន​ប្រាប់សារព័ត៌មាន
ជាតិខ្មែរ​ថា ការពិត​ក្រុមហ៊ុន​សំអឿន សុវណ្ណ ដែល​មានឈ្មោះ អឿន ជា​មេការ​ធំ​នោះ គឺ​មាន​ឧកញ៉ា​ម្នាក់​ឈ្មោះ ឌី ឌុ​ក ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​ដែល​ឧកញ៉ា​នោះ ល្បីឈ្មោះ​ជា​យូរ​មក​ហើយ ក្នុង​ការរកស៊ីឈើ​នៅ​ស្រុក​ខ្មែរ ស្ទើរតែ​រលាយ​វិនាសហិន
ហោច​អស់ ។

​អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនងតាម ​លេខ​ទូរស័ព្ទ​ទៅឧកញ៉ា ឌី ឌុ​ក និង​លោក សំអឿន សុវណ្ណ ដើម្បី​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ នឹង​ព័ត៌មាន​នេះដែរ ក៏ប៉ុន្តែ​លោក​ឧកញ៉ា​ឌី ឌុកអះអាងថាលោក​ឈប់ទទួលបន្ទុកការងារនេះហើយ ។

​គួរ​បញ្ជាក់ដែរថា តំបន់​ព្រៃ​ព្រះរ​កា​មាន​ផ្ទៃដី​ទំហំ​ប្រមាណ ៩​ម៉ឺន​៨​ពាន់​ហិកតា នៅក្នុង​ភូមិសាស្ត្រ ប្រជុំ​ស្រុក​ចំនួន ៣ មានស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ គឺជា​តំបន់​ព្រៃស្រោង និង​ជា​ដែន ជម្រក​សត្វ​ព្រៃដែល​នៅ​សេសសល់​ចុងក្រោយបង្អស់​បន្ទាប់ពី​តំបន់​ព្រៃ​ឡង់​ដ៏​ធំ​ជាប់​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​រង​ការវិនាសហិន​ហោចដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ម៉ឺន​ហិកតា ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​ក្នុងប្រទេស​កម្ពុជា​កន្លងមក។ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ព្រៃ​ព្រះរ​ការ​ក៏​កំពុង ទទួលរង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ស្ទើរ​រលាយ​ហិនហោច​ដែរ ដែល​ក្នុង​មួយថ្ងៃៗ​គេ​ឃើញ​មាន​ម៉ាស៊ីន​រ៉ៃ​រាប់រយ​គ្រឿង ត្រូវ​គេ​អនុញ្ញាត​ឱ្យ​អារឈើ​តាប់​ឬ​ឈើ​ដុំ​យក
ទៅលក់​នៅ​តាម​សិប្បកម្ម​ឯ​បន្តិច​តួ យ៉ាង​ដូចជា ម្ចាស់​ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​ប្រកាស​យ៉ាង​សង្ហា​ជា​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​យកទៅលក់​ឱ្យ រោងចក្រ​អារ​ឈើ​របស់​ពួកគាត់​សព្វថ្ងៃ
នេះ​ជាដើម ។​

​កាលពី​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៦ ក្រសួង​បរិស្ថាន​ក៏​បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ដាក់​បញ្ចូល​ព្រៃ​ឡង់​ក្រវាញ​ខាងត្បូង ព្រះរ​ការ​សៀម​ប៉ាង​ខាងលិច និង​វ៉ឺ​ន​សៃ ជា​តំបន់ការពារធម្មជាតិ​រួច​អស់ហើយ​ទៀតផង ។

​បងប្អូន​ប្រជាពលរដ្ឋ​នៅតំបន់នោះបាន​និយាយថា បើ​រាជរដ្ឋាភិបាល​ក៏ដូចជា គណបក្សកាន់
អំណាច​ពេលនេះ​មិន​អាច​ការពារ​តំបន់ ព្រៃ​ព្រះ​រកា​ឱ្យបាន​គង់វង្ស​ទៀត​នោះ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​របស់ខ្លួនសម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះ
ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាងមុខនេះ ។
លោកឧកញ៉ា​ឌី​ឌុកទទួលស្គាល់ថាសកម្មភាពកាប់ព្រៃឈើនិងអាជីវកម្មឈើរបស់ក្រុមហ៊ុន​សំអឿន​សុវណ្ណពិតជាកំពុងដំណើរការមែន ​តែ​លោកត្រូវបានគេដកចេញពីតួនាទីនិងការងារទាំងអស់
ហើយនាពេលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger