សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, December 3, 2016

លោកកឹម ​សុខាថ្លែងអំណរគុណលោកហ៊ុន ​សែន​ចំពោះការការ លើកលែងទោស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខាពេលមកដល់លំនៅដ្ឋានរបស់លោកនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
​នា ព្រឹកមិញនេះ


ដោយ​ លោក ​នុប ​គីម

លោក កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាន​ផ្ញើ​លិខិត​អរគុណ​លោកនាយករដ្ឋមន្ត្រី 
ហ៊ុន សែន ដែល​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោកកាលពីថ្ងៃ ទី​២​ ខែធ្នូ។
លោក កឹម សុខា បញ្ជាក់​ក្នុង​លិខិត​ថា ការ​សម្រេច​ដោយ​ពិចារណា​ដ៏​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​បង្ហាញ​ឲ្យ​ប្រជាជាតិ​ឃើញ​ថា ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ខ្មែរ និង​ខ្មែរ ព្រមទាំង​បង្ហាញ​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​មាន​ការ​អធ្យាស្រ័យ អត់ឱន
​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ស័ក្ដិសម​ជា​ប្រជាជាតិ​មាន​អារ្យធម៌​ខ្ពស់ និង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។
មុន​ឈាន​ដល់​ការ​លើកលែង​ទោស​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ស្នើ​ឲ្យ​លោក ហ៊ុន សែន ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក។ លោក ហ៊ុន សែន បាន​ថ្វាយ​លិខិត​ស្នើ​សុំ​ទៅ​កាន់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​​២ ខែ​ធ្នូ ហើយ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ
ក្រឹត្យ​លើកលែងទោស​ឲ្យ​លោក កឹម សុខា ក្នុង​ថ្ងៃ​តែមួយ។
ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស
សង្គ្រោះជាតិ បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ឯកភាព​ជាមួយ​វៀតណាម
ក្នុង​ការ​ស្នើ​ឲ្យ​អ្នក​បច្ចេកទេស​បារាំង ជួយ​បំប្លែង​ផែនទី​បោន (Bonne) ដែល​កម្ពុជា មាន​បច្ចុប្បន្ន 
ទៅ​ជា​ផែនទី យូ.ធី.អឹម (UTM) ដើម្បី​ប្រើប្រាស់​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់។ ការ​បំប្លែង​ផែន​ទី​នេះ ក៏​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ថា អាច​ឈាន​ដល់​ការ​កែប្រែ មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​របស់​បក្ស​ប្រឆាំង​នៅ​ពេល​ខាង​មុខ។
ក្នុង​ពេល​ជាមួយ​គ្នា​ការ​លើក​លែង​ទោស​នេះ ក៏​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​ព្រោងព្រាត​នូវ​សារ​ឆ្លើយឆ្លង​ដែល​គេ​សង្ស័យ​ថា រវាង​លោក ហ៊ុន សែន និង​កូន​ប្រុស​លោក ហ៊ុន សែន  គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា ពី​ផែនការ​តាមយាយី​លោក កឹម សុខា។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
គឺ​មិន​មាន​ការ​ដោះដូរ​អ្វី​ឡើយ។ ចំណែក​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​លើកលែង​ទោស​នេះ​ថា ជា​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ។
លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ពន្ធនាគារ​ចំនួន ៥​ខែ ពាក់ព័ន្ធ​នឹង​ការ​មិន
​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ ពេល​នេះ​លោក​នឹង​មាន​សេរីភាព​វិញ​ហើយ ក្រោយ​មាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ។
នៅព្រឹកថ្ងៃ សៅរិ៍នេះ​លោក​កឹម​សុខាដែលបានលាក់ខ្លួននៅក្នុងស្នាក់ការកណ្តាលគណបក្ស 
សង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើជាង៥ខែ​មកនោះ​បានត្រឡប់ទៅកាន់លំនៅដ្ឋានរបស់
លោកវិញហើយ​នៅព្រឹកមិញនេះ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ស្នើ​របស់​លោក ហ៊ុន សែន សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក កឹម សុខា នៅ​ពេល
​នេះ គឺ​គ្មាន​ការ​ដោះដូរ​អ្វី​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា ការ​ស្នើ​សុំ​នេះ គឺ​ដោយសារតែ​លោក កឹម សុខា បាន​ស្នើ​ទៅ​លោក ហ៊ុន សែន។ ម្យ៉ាង​ទៀត លោក​ថា ការ​លើក​លែង​ទោស​ឲ្យ​លោក កឹម សុខា នៅ​ចំ​ថ្ងៃ​ទី​២ ខែ​ធ្នូ គឺ​ជា​ការ​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​របស់​បក្ស​កាន់​អំណាច។
លោក សុខ ឥសាន៖ «គាត់​សរសេរ​លិខិត​ទៅ​សម្ដេច​នាយក​ទទួល​ស្គាល់​ការពិត ម្យ៉ាង​វា​មិន​មែន
​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​២ ធ្នូ ហើយ​ថ្ងៃ​២ ធ្នូ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ប្រមូល​ផ្តុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ដើម្បី​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍។ ទី​២ ដោយសារ​ថ្ងៃ​២ ធ្នូ នេះ​ហើយ យើង​មាន​កិច្ច​ចរចា សីហនុ-​ហ៊ុន សែន ដើម្បី​សម្រេច​បាន​ផ្លែផ្កា​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ ឥឡូវ ២ ធ្នូ នេះ​ទៀត លើកលែងទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង»
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​សភា លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា បក្ស​ប្រឆាំង​ស្វាគមន៍​ចំពោះ​ការ​លើកលែង​ទោស​នេះ។ លោក​ថា នេះ​ជា​ដំណោះស្រាយ​នយោបាយ
​រវាង​ខ្មែរ​និង​ខ្មែរ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ការ​ស្នើ​លោក ហ៊ុន សែន ឲ្យ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក កឹម សុខា គឺ​ពុំ​មាន​ចង​លក្ខខណ្ឌ​អ្វី​ឡើយ។
លោកសង្កត់ធ្ងន់ថា៖ «គ្មាន​លក្ខខណ្ឌ គ្មាន​អ្វី​ទាំង​អស់ ដូច្នេះ​ជា​ដំណោះស្រាយ​នយោបាយ​មួយ​រវាង​ខ្មែរ និង​ខ្មែរ ហើយ​យើង​កំពុង​ទទួល​បាន​ទូរស័ព្ទ​ពី​ក្រុម​គ្រួសារ​សកម្មជន សង្គម​ស៊ីវិល គ.ជ.ប លោក​ចង់​ឲ្យ​ឯកឧត្ដម កឹម សុខា ព្យាយាម​រក​ដំណោះស្រាយ​តាម​រយៈ​ការ​ព្រះរាជទាន​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​ដែរ។ យើង​នឹង​ព្យាយាម​ខិតខំ យើង​មាន​ជំនឿ​ក្នុង​ដំណោះ​ស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​បញ្ហា​នេះ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger