សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, December 5, 2016

តុលាការកាត់ទោសមេឃុំបក្សប្រឆាំងលោកស៊ាង ​ចែត ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក មេឃុំ​មកពីគណបក្សប្រឆាំង លោក ស៊ាង ចែតពេលនាំមកតុលាការភ្នំពេញ

ដោយ លោក នុប គីម

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រម
ផ្តន្ទាទោសមេឃុំគណបក្ស សម រង្ស៊ី នៅខេត្តកំពង់ចាម លោក ស៊ាង ចែតឲ្យជាប់ពន្ធនាគារ 
ចំនូន៥ឆ្នាំ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងស្នេហារវាងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ
និងលោកកឹម​សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីប្រកាសសាលក្រម លោក ស៊ាង ចែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រកាស
សាលក្រមផ្តន្ទាទោសរូបលោកចំនួន៥ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងដែលគេចោទថាសូកប៉ាន់សាក្សី
នូវទឹកប្រាក់២លានរៀលនោះ គឺជារឿងអយុត្តិធម៌ ដោយលោកថា មិនបានធ្វើខុសដូចការចោទ
ប្រកាន់នោះទេ។

លោកថា៖ «ផ្តន្ទាទោសខ្ញុំ៥ឆ្នាំ អត់យុត្តិធម៌ទេ ព្រោះរឿងសូកប៉ាន់នេះ ខ្ញុំគ្មានទៅសូកប៉ាន់ទេ»
យ៉ាងណាក៏ដោយ នៅក្នុងពេលប្រកាសសាលាក្រម ចៅក្រមបានប្រាប់ទៅលោក ស៊ាង ចែត ថាបើមិនពេញចិត្តនឹងសាលក្រមនេះ លោកមានសិទ្ធិប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍តាមនីតិវិធី
ច្បាប់។
លោក ហែម សុជាតិ មេធាវីការពារក្តីឲ្យមេឃុំបក្សប្រឆំាងបានពន្យល់ថា អ្នកស្រី ស៊ាង លន ដែលជាម្តាយស្រីមុំ ធ្លាប់ប្រាប់ទៅតុលាការថា លុយពីរលានរៀល ដែលលោក ស៊ាង ចែត បាន
ប្រគល់ឲ្យអ្នកស្រី មិនមែនឲ្យកូនស្រីរបស់គាត់ ឈ្មោះស្រីមុំនោះទេ។ លោក ហែម សុជាតិ បន្តថា លុយនោះកូនក្តីលោកបានប្រគល់ឲ្យម្តាយស្រីមុំ ដោយសារតែស្ត្រីរូបនោះចាស់ជរាគ្មានទីពឹង បន្ទាប់ពីស្រីមុំអត់មានការងារធ្វើ ក្រោយពីគេចោទថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
លោក ហែម សុជាតិ ក៏បានសម្តែងការសោកស្តាយចំពោះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសកូនក្តី៥ឆ្នំា ដោយពុំបានបង្ហាញភស្តុតាងដាក់បន្ទុក។
លោកថា៖ «តុលាការមុននឹងប្រកាសដាក់ទណ្ឌកម្មទៅលើនរណាម្នាក់គឺចៅក្រមត្រូវបង្ហាញពី
កំហុស និងបង្ហាញពីភស្តុតាងដាក់បន្ទុក ដើម្បីសម្រេច ចំពោះបញ្ហានេះខ្ញុំឃើញថា សាលក្រម
សម្រេចមិនត្រឹមត្រូវហើយដូចជាមិនមានតម្លាភាពទេ ពីព្រោះតុលាការអត់បានប្រាប់ពីហេតុផល
នៃការដាក់ទោសទេ គឺអានយកសេចក្តីសម្រេចតែម្តង»
មេធាវីរូបនោះបញ្ជាក់ថា លោកគ្រោងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់ ពោលមិនឲ្យ
ផុតពីមួយខែ នៃការប្រកាសសាលក្រមសាលាដំបូងនេះទេ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់
ថា សំណុំរឿងលោក ស៊ាង ចែត ដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ជារឿងនយោបាយ។ លោកថា រាល់សំណុំរឿងពាក់ព័ន្ធនិងនយោបាយដូចជា លោក អ៊ំ សំអាន ហុង សុខហួរ មន្ត្រីបក្ស
ប្រឆំាង និងមន្ត្រីសិទ្ធិមនុស្ស គួរតែតុលាការដោះលែងឲ្យមានសេរីភាពវិញ ដូចករណីលោក កឹម សុខាដែរ។
មេឃុំរបស់គណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំង
អំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ដែលធ្វើឡើងទៅតាមចម្លើយនៅ
ក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បាន
បញ្ចុះបញ្ចូលលួងលោមឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជា
មួយ លោក កឹម សុខា ដោយសន្យាថានឹងជួយឲ្យនាងបានទៅរស់នៅក្រៅប្រទេស។
ទោះជាយ៉ាងណា​នាង​ស្រីមុំ នាង​ធី​សុវណ្ណថា​និងបក្ខពួកបានគេចខ្លួនបាត់អស់ហើយ​បន្ទាប់ពីបែក
ធ្លាយសារឆ្លើយឆ្លងរវាងលោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែន​លោកឧត្តមសេនីយ៏​ហ៊ុន​ម៉ានិតជាមួយនាង
​ធី សុវណ្ណថាដែលក្នុងសារសន្ទនាតាមបណ្តាញសង្គម​Line នោះអ្នកទាំង៣ជជែកគ្នាពីផែនការ
កំទេចគណបក្សសង្គ្រោះជាតិនិងលោក​កឹម​ សុខា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger