សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 23, 2017

មន្ត្រីប្រដាប់អាវុធ១១នាក់ ឃុបឃិតគ្នាទទួលលុយ១៧ម៉ឺនដុល្លារ ពីឈ្មួញយួន ឲ្យចូលមកកាប់ឈើ ខុសច្បាប់នៅខេត្តមណ្ឌលគិរី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មន្ត្រីកងរាជអាវុធហត្ថឃាត់រថយន្តដឹកឈើរបស់ជនជាតិយួននៅក្នុងព្រៃនៃទឹកដី
ខេត្តមណ្ឌលគិរីកន្លងមកថ្មីៗនេះ។



មណ្ឌលគិរីៈ យោងតាមប្រភពពីខេត្តរតនគិរីឲ្យដឹងថាមន្ត្រី​សមត្ថកិច្ច​ប្រដាប់​អាវុធ​ជាង ១០ នាក់​ត្រូវ​បាន​រកឃើញ​ថា​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បើក​ដៃ​ឲ្យ​ឈ្មួញ​វៀតណាម​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ១៧ ម៉ឺន​ដុល្លារ​ដែល​ក្នុង​នោះ​មន្ត្រី ២ រូប​ត្រូវ​បាន​នគរបាល​ជាតិ​ស្នើ​ឲ្យ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ៩ រូប​ត្រូវ​ដាក់​ពិន័យ​ហើយ​មន្ត្រី​ផ្សេង​ទៀត​កំពុង​តែ​ត្រូវ​គណៈកម្មការ​ជាតិ​ចាត់ការ​បន្ត។
ក្រោយ​ពី​កម្លាំង​ចម្រុះ​បង្ក្រាប​ជនជាតិ​វៀតណាម​ចំនួន ៧ នាក់​រឿង​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កាប់​ដឹក​ឈើ ១៤៥ កំណាត់​ក្នុង​ស្រុក​អូររាំង​កាលពី​ខែ​កុម្ភៈ​មក​នោះ​មាន​មន្ត្រី​នគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​បាន​រត់​ចោល​អង្គភាព​ដោយសារ​តែ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បង្ក្រាប​បាន​គំរាម​ចាប់​ខ្លួន​រឿង​បើក​ដៃ​ឲ្យ​ជនបរទេស​ចូល​កាប់​ឈើ​នោះ។
បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​មក​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើកការ​ស្រាវជ្រាវ​បន្ទាន់មួយ​ហើយ​បាន​ធ្វើការ​សាកសួរ​មន្ត្រី​ដែល​រត់​គេច​ខ្លួន​ទាំង​នោះ​ចំនួន ១១ នាក់​ជា​បន្តបន្ទាប់​អស់​រយៈពេល៥ថ្ងៃ។
របាយការណ៍​ស្តីពី​លទ្ធផល​ស្រាវជ្រាវ​ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រក
ឃើញ​ថា​មន្ត្រី​ចំនួន ៣ នាក់​បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ​ដើម្បី​រត់​ការ​បើក​ផ្លូវ​ប្រព្រឹត្ត​បទល្មើស។
មន្ត្រី​ទាំង ៣ នាក់​រួមមាន ទា ខៃម៉េង ប្រធាន គ ៣ នៃ​យោធា​ក្នុង​ស្រុក​កែវសីមា, ឯម សុងហ៊ួ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍ អូរហ៊ុច និង ជុំ រតនា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរជុំ។ ទឹកប្រាក់​ពុករលួយ​នេះ​ត្រូវ​បាន​បែងចែក​ជា ២ ​ផ្នែក​ដែល​ក្នុង​នោះ​ចំនួន ៨៥ ០០០ ដុល្លារ​ឲ្យ​មន្ត្រី​យោធា​គឺ​លោក ឯម សុងហ៊ួ និង ទា ខៃម៉េង។ រីឯ​ទឹកប្រាក់ ៨៥ ០០០ ដុល្លារ​ផ្សេង​ទៀត​ត្រូវ​លោក ជុំ រតនា ចែក​ទៅ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវសីមា ៥ ពាន់​ដុល្លារ​លោក សាក់ សារ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ១ ម៉ឺន​ដុល្លារ​លោក ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត​លើ​ផ្ទៃ​ប្រទេស ៧ ពាន់​ដុល្លារ​លោក ណាក់ មន្ត្រី​ព្រៃឈើ ៦ ពាន់​ដុល្លារ និង​លោក លាង ភារ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរហុច ២២៥០០ ដុល្លារ។ នៅ​ពេល​ដែល​ដឹក​ឈើ​ចេញ​មេឈ្មួញ​រូប​នោះ​ក៏​បង់​លុយ​ឲ្យ​មន្ត្រី​ទាំង ៣ នាក់​នោះ​ទៀត​ដែរ។ 
លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍ នេត សាវឿន កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា សន្និដ្ឋាន​ថា៖ «ឈ្មោះ ជុំ រតនា, លាង ភារ័ត្ន, ទា ខៃម៉េង, ឯម សុងហ៊ួ និង​មេឈ្មួញ​វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង​បាន​ប្រព្រឹត្ត​អំពើ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ ប្រមូល និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុស​ច្បាប់ ទៅ​ប្រទេស​វៀតណាម​ពិត​ប្រាកដ​មែន» 
អគ្គស្នងការ​នគរបាល​ជាតិ​បាន​សំណូមពរ​ និង​ស្នើសុំ​គោលការណ៍​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​កសាង​សំណុំ​រឿង​របស់​លោក ជុំ រតនា និង​ លាង ភារ័ត្ន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ រីឯ​មន្ត្រី​នគរបាល ៩ នាក់​ត្រូវ​ស្នើ​ដាក់​វិន័យ​ដូចជា​អប់រំ ព្រមាន និង​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​កន្លែង​ផ្សេង​ក្នុង​នោះ​មាន​ឈ្មោះ ព្រំ វណ្ណៈ, យ៉ា សុផា, សា ផល្លា, ស្រេវ ម្នើប (នាយរង​ប៉ុស្តិ៍​អូរជុំ), អន សំអាត, ប៊ុន ភារម្យ, សូត្រ ពន្លៃ, ពិត ជឿន, និង ពៅ ឆឡៃហៀង។ 
ចំពោះ​មន្ត្រី​យោធា និង​អាវុធហត្ថ​ដែល​ពាក់ព័ន្ធ​គឺ​ស្ថិត​ក្រោម​ចំណាត់ការ​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។
លោក អេង ហ៊ី អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​ថា​គណៈកម្មការ​ជាតិ​នេះ​កំពុង​ស្រាវ​ជ្រាវពី​ករណី​នេះ​ហើយ​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​ថា​យ៉ាង​ណា​នោះ​ទេ​ទាក់ទង​ទៅ​នឹង​សំណើ​របស់​អគ្គស្នងការ​នគរបាល​ជាតិ។
ទោះ​យ៉ាង​ណា​លោក សាក់ សារ៉ាង មេញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​បាន​បដិសេធ​ការ​ចោទប្រកាន់​រឿង​ទទួល​ប្រាក់ ១ ម៉ឺន​ដុល្លា​នោះ។ លោក​បាន​ថ្លែង​យ៉ាង​ខ្លី​មុន​ពេល​ផ្តាច់​ខ្សែ​ទូរស័ព្ទ​ថា៖ «ខ្ញុំ​អត់​ដែល​ឃើញ​ជួប​មុខ​ពួក​អស់​ហ្នឹង​ទេ។ និយាយ​ឲ្យ​ខ្លី​មិន​ដែល​ស្គាល់​តែ​ម្តង។ អាមុខ​ក៏មិន​ដែល​ឃើញ អាស្គាល់​ក៏​មិន​ស្គាល់» 
លោក យិន ចន្ធី មេបញ្ជាការ​វរការពារ​ព្រំដែន​លេខ ១០៣ ថ្លែង​ថា​លោក​កំពុង​តែ​ចូលរួម​នឹង​កម្លាំង​ចម្រុះ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ក្នុង​នោះ​រួម​មាន​ការ​សួរនាំ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ​នោះ​ទេ។
លោក មាស ប្រុស អ្នក​នាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ជនជាតិ​វៀតណាម​ទាំង ៧ នាក់​ និង​ខ្មែរ​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​មន្រ្តី​តុលាការ ២ រូប និង​គណៈកម្មការ​បាន​និង​កំពុង​តែ​ចុះ​ពិនិត្យ​កន្លែង​កាប់​ឈើ​ក្នុង​ដែន​ជម្រក។លោកបន្តថា«តាម​គេ​និយាយ​មាន​ពាក់ព័ន្ធ​ច្រើន​នាក់​អ៊ីចឹង​មែន។ តែ​ការ​ស៊ើបអង្កេត​កំពុង​តែ​បន្ត។ បើ​កាល​ណា​និយាយ​វា​បែក​អស់​ហើយ» 
លោក សុក រដ្ឋា អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី​បាន​កត់ស្គាល់​ថា​បទល្មើស​ព្រៃឈើ​បាន​កំពុង​តែ​កើត​មាន​ឡើង​ចាប់​តាំងពី​ឆ្នាំ ២០០១ មក​ដោយសារ​តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​គ្មាន​លទ្ធភាព​ទប់ស្កាត់​ហើយ​មន្ត្រីមួយ​ចំនួន​មាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ថែម​ទៀត។ លោកថា«កាប់​តាំងពី​ព្រៃ​ស្រោង​រហូត​ព្រៃ​របោះ​ហើយ​កន្លែង​ខ្លះ ក្លាយ​ជា​វាល​រហោឋាន​តែ​ម្តង។ការ​កាប់​ហ្នឹង​នៅ​តែ​មាន​គឺ​គ្រាន់​តែ​ប្តូរ​រូបភាព​ពី​អនាធិបតេយ្យ​ទៅ​ជា​លួចលាក់ និង​ពី​ពេល​ថ្ងៃ​ទៅ​ពេល​យប់» 
លោក​សង្កេត​ឃើញ​ថា​​ ដោយសារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ទប់ស្កាត់​មិន​បាន​ទើប​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ទៅ​បង្ក្រាប​ដោយ​ផ្ទាល់​ហើយ​មាន​ប្រសិទ្ធភាព​ជាង​មុន។ តែនៅពេលភ្លេចខ្លួន ក៏បទល្លើសព្រៃឈើ
បន្តកើតឡើងវិញភ្លាមផងដែរ៕
លោក សៅ សុខាមេប៉េអឹមលើផ្ទៃប្រទេសដឹកនាំកម្លាំងចុះបង្ក្រាបបទល្លើសព្រៃឈើ កន្លងមក តែមិនសូវមានប្រសិទ្ធិភាពប៉ន្មាននោះទេ។

 រថយន្តដឹកឈើរបស់ក្រុមឈ្មួញខ្មែរនិងយួនឆ្លងដែនទៅយួនតាមច្រកអូរយ៉ាដាវនៃ ខេត្តរតនគិរី។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger