សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, May 27, 2017

ក្រសួងការពារជាតិចោទក្រុមសង្គមស៊ីវិលថាប្រមាថ មាក់ងាយ និងលាបពណ៌កងទ័ព

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី
ក្រសួងការពារជាតិ ក្នុងឯកសណ្ឋានយោធាដូចគ្នា។


មន្ត្រី​អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ចោទក្រុមអង្គការសង្គមស៊ីវិលខ្លះថាបាន ​​ប្រមាថ​មាក់ងាយ និង​កលាប​ពណ៌​មក​លើ​កងទ័ព​ហើយក្រសួងនឹង​អាច​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​ចំពោះការ
ប្រមាថទាំងនេះ។
នៅពេល​នេះ ​ក្រសួង​ការពារជាតិ ក៏បាន​ទាត់ចោល​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ហើយ​បាន​ចាត់​ទុក​ថា សេចក្ដី​ថ្លែងការណ៍​នេះ មាន​ចេតនា​ញុះញង់ និង​លាប​ពណ៌​មក​លើ​កង​យោធពល​ខេមរភូមិន្ទទាំងមូល។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​
ទី​២៦ ខែ​ឧសភា ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ឆ្នាំ​២០១៧ ដោយ​បាន​ចាត់​ទុក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ មាន​ចេតនា​ញុះ
ញង់ លាប​ពណ៌ និង​ប្រមាថ​មាក់ងាយ​ដល់​កិត្តិយស តួនាទី និង​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ។
ការ​ឆ្លើយ​តប​ពី​ក្រសួង​ការពារជាតិ​នេះ កើត​ឡើង​ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កំពុង​រង​ការ​រិះគន់​ខ្លាំង ថា​រំលោភ​តួនាទី​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់ ក្រោយ​ពី​លោក​បាន​ថ្លែង​វាយ​បំបាក់​ធ្មេញ​ចំពោះ​ជន​ណា​ម្នាក់​ដែល​ហ៊ាន​ចេញ​តវ៉ា​ជុំវិញ​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ ដោយស្រែកថា ដូរៗ ដូរៗ ឬស្រែកថា ចុះចេញទៅ! ហ៊ុន សែនអើយ!”
ការ​ព្រមាន​ពី​លោក ទៀ បាញ់ នេះ ក៏​រង​ការ​រិះគន់​ពី​អ្នក​តាមដាន​នយោបាយ​ទៀត​ថា គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ការពារជាតិ ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ ព្រោះ​តួនាទី​របស់​យោធា គឺ​ទុក​សម្រាប់​អន្តរាគមន៍​ក្នុង​ករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ ឬ​នៅ​ពេល​បរទេស​រំលោភ​បំពាន​បូរណភាព​ទឹកដី​ប៉ុណ្ណោះ មិន​មែន​យក​មក​បង្ក្រាប​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ​ទេ។
ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ បាន​បកស្រាយ​ថា កង​យោធពល​ខេមរភូមិន្ទ​យល់​ច្បាស់​អំពី​ច្បាប់​បោះឆ្នោត តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ហើយ ដូច្នោះ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ការ​បង្គាប់​បញ្ជា​មក​លើ​កងទ័ព និង​រំលោភ
​ដ៏​ធ្ងន់ធ្ងរ​មក​លើ​កងទ័ព ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ក្រសួង​ការពារ​ជាតិ អះអាង​ទៀត​ថា អនុសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​ខ្លួន​កន្លង​មក មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ឡើយ។
បន្ថែម​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត បាន​បញ្ជាក់​បន្ថែមទៀត​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ គឺ​ជា​ការ​ប្រាប់​ទៅ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នៃ​បន្ទប់​ស្ថានការណ៍​ទាំង​នោះ ដែល​លោក​ថា បាន​រំលោភ​មក​លើ​កងទ័ព។
លោក​បញ្ជាក់​ថា ក្រសួង​ការពារជាតិ នឹង​រង់ចាំ​មើល​ថា តើ​ពួកគេ​នឹង​អាច​ឈប់​រំលោភ​មក​លើ​កងទ័ព​ដែរ​ទេ ហើយ​ប្រសិន​ក្រុម​ទាំង​នេះ​នៅ​តែ​រំលោភ ក្រសួង​នឹង​អាច​ពិនិត្យ​តាម​ផ្លូវ​ច្បាប់។
លោកបន្តថា៖ «ព្រោះ​កងទ័ព​គឺ​ជា​កងទ័ព​របស់​ជាតិ របស់​រដ្ឋាភិបាល ហើយ​យើង​ថ្នាក់ដឹកនាំ​ហើយ មិន​ចាំបាច់​មាន​ការ​ណែនាំ​ពី​ពួក​គាត់​ទៀត​ទេ ម្យ៉ាង​ទៀត​ការ​ណែនាំ​របស់​ពួកគាត់ មាន​ចេតនា​អាក្រក់​មួយ​ដើម្បី​ញុះញង់​ឱ្យ​រើសអើង មិន​មែន​ជា​ការ​លើក​ឡើង​ធម្មតា​ទេ»
​ទោះជា​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បកស្រាយ​ថា អត្ថន័យ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍ មិន​មាន​បំណង​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ការពារជាតិ ឡើយ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​កម្លាំង​យោធា​ដែល​ការពារ​សុវត្ថិភាព​ការិយាល័យ​បោះឆ្នោត ត្រូវ​ប្រកាន់​យក​អព្យាក្រឹត និង​ទប់ស្កាត់​កុំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ។
លោក សំ គន្ធាមី យល់​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ បែប​នេះ ហាក់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក និង​ខុស​ពី​គោលបំណង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល។
លោកថា៖ «ធម្មតា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ តែងតែ​រិះគន់​អ៊ីចឹង​ហើយ ហើយ​មិន​ឱ្យ​មាន​ការ​រិះគន់​ម៉េច​កើត នេះ​គឺ​ជា​បញ្ហា​តិចតួច​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​ដូច​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ដែល​ថា រហូត​មាន​ការ​ញុះញង់​អ៊ីចឹង​ទេ»
​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៃ​បន្ទប់​ស្ថាន
ការណ៍​សម្រាប់​ការ​បោះឆ្នោត បាន​ស្វាគមន៍​សេចក្ដី​ណែនាំ​រួម​របស់​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ដែល​បញ្ជា​ទៅ​កងកម្លាំង​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​មិន​ត្រូវ​គំរាមកំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នៅ​អំឡុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ឡើយ។
សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ ស្នើ​ឱ្យ គ.ជ.ប និង​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត ត្រូវ​រំលឹក និង​ព្រមាន​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ​ណា ដែល​មិន​គោរព​តាម​ក្រមសីលធម៌ បទបញ្ជា នីតិវិធី គ.ជ.ប ច្បាប់​បោះ​ឆ្នោត​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បរិយាកាស​អំណោយផល និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ចេញ​ទៅ​បោះឆ្នោត​ខាង​មុខ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger