សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, May 23, 2017

លោកកឹម សុខាបន្ត ធ្វើយុទ្ធនាការរកសម្លេងឆ្នោតតាម បណ្តាខេត្ត ទូទាំងប្រទេស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោក កឹម សុខាចុះជួបអ្នកគាំទ្រនៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកមិញនេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកកឹម សុខាកំពុងបន្តដំណើរយុទ្ធនាការឃោសនាបោះឆ្នោត
ឃុំ-សង្កាត់អណត្តិទី៤នេះ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ដោយនាព្រឹកនេះលោក​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោតនៅ​ខេត្ត​កំពង់ឆ្នាំង ហើយបន្តដំណើរទៅខេត្តពោធិ៍សាត់ទៀត នៅ
រសៀលនេះ។
គ្រាន់តែមកដល់ស្រុកបរិបូណ៌ នាខេត្តកំពង់ឆ្នាំងភ្លាម លោកមេបក្សប្រឆាំងរូបនេះ បានលើកឡើង
ពី ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលលោកថាមានន័យថា​ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋលោកបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិអំណាច ទើបអាចការពារផលប្រយោជន៍របស់ខ្លួនបាន

លោកកឹម សុខាក៏នៅតែបន្ត​ពន្យល់ពី​អត្ថន័យ​នៃ​ពាក្យ «ដូរ ឬ​មិន​ដូរ» ដល់​សមាជិក​គាំទ្រ​ក្នុង​ខេត្ត​នេះ និង​បាន​ប្រកាសរំលាយក្រសួង​អភិវឌ្ឍន៍​ជនបទ ចោល ដោយ​ផ្តល់​ជំនួស​មក​វិញ​នូវ​ថវិកា​ជាតិ​ជូន​ឃុំ-សង្កាត់​ទាំងអស់​នៅ​ទូទាំង​ប្រទេស ៥០​ម៉ឺន​ដុល្លារ ​(កន្លះលានដុល្លារ) សហរដ្ឋ​អាមេរិក សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង
រាស្ត្រ​ឆ្នាំ​២០១៨ បាន​ដឹកនាំ​ប្រទេស​នា​ថ្ងៃ​ខាង​មុខ។
យុទ្ធនាការ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​មក​ឃោសនា​រក​សំឡេង​ឆ្នោត​តាម​ឃុំ-សង្កាត់​មួយ​ចំនួន​នា​ខេត្តកលំបង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ថា បើ​បក្ស​នេះ​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ បាន​ដឹកនាំ​ប្រទេស នឹង​លុប​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចោល ព្រោះ​មិន​បាន​បម្រើ​ដល់​ប្រយោជន៍​ពលរដ្ឋ និង​ចាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ។
លោកបញ្ជាក់ថា៖ «មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ហើយ​ទៅ​ធ្វើ​បាបអ្នក​ចាញ់​ទេ មិន​មែនអ្នក​ឈ្នះ​ទៅ​រាំ​បទ​ញី​កែងជើង ហើយ​អ្នក​ចាញ់​ដេក​គុក​ទេ គឺ​មិន​មែន​អ៊ីចឹង​ទេ។ សង្គ្រោះ​ជាតិ ឈ្នះ គឺ​
ខ្មែរ​អ្នក​ឈ្នះទាំងអស់​គ្នា។ អ្នក​ចាញ់​ក៏​ឈ្នះ អ្នក​ឈ្នះ​ក៏​ឈ្នះ គឺ​ខ្មែរ​សុខ​ទាំងអស់​គ្នា»
លោក កឹម សុខា បាន​ពន្យល់​អត្ថន័យ​ពាក្យ «ដូរ ឬ​មិន​ដូរ» ទៅ​សមាជិក​គាំទ្រ​រាប់​រយ​នាក់​នៅ​តាម​មូលដ្ឋាន​នីមួយៗ។ លោក​ថា ពាក្យ​ដូរ​ក្នុង​ន័យ​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​សកម្មភាព​នា​ថ្ងៃ​អនាគត
ត្រូវ​ដូរ​មេ​ឃុំ ចៅ​សង្កាត់​មិន​ស្អាតស្អំ ដាក់​ជំនួស​មេ​ឃុំ ចៅ​សង្កាត់​អ្នក​ស្អាតស្អំ ឬ​មិន​បក្សពួក​និយម ហើយ​សកម្មភាព​ការងារ​ជួយ​ដល់​ទុក្ខ​កង្វល់​ពលរដ្ឋ ជាដើម។
លោកបន្តថា៖ «ដាក់​មេ​ឃុំ​ដែល​ធ្វើ​លិខិតជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា។ ដូរ ឬ​មិន​ដូរ​បង
​ប្អូន? ដូរៗៗៗ គ្រាន់​តែ​ពាក្យ​ថា​ដូរ​ប៉ុណ្ណឹង​សោះ ខឹង​ដែរ?»
ប្រតិកម្ម​របស់​លោក ផៃ ស៊ីផាន ទាក់ទង​ការ​លើក​ឡើង​របស់​លោក កឹម សុខា រឿង​លុប​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចោល នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ដោយ​ចាត់​ទុក​ការ​
លើក​ឡើង​នេះ​នាំ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មតិ​សាធារណជន ជាពិសេស​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។
លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​ការ​ប្រកាស​លុប​ចោល​ក្រសួង​អភិវឌ្ឍន៍​ជនបទ ថា​មិន​ខុស​គ្នា​ពី​យុទ្ធនាការ​បំបែក​ឆ្នាំង​បាយ និង​បំផ្លាញ​ជីវភាព​កម្មករ​កម្ពុជា ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី បាន​ញុះញង់​កុំ​ឲ្យ​អ្នក​បណ្ដាក់ទុន​របស់​សហគមន៍​បរទេស​មក​កាន់​កម្ពុជា កន្លង​មក​ដែរ។
លោក ផៃ ស៊ីផាន បាន​ចោទ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​មាន​បំណង​បំផ្លាញ​ជីវភាព​នៃ​ការ​រីក​ចម្រើន​របស់​ប្រជា​កសិករ​នៅ​តាម​ទី​ជនបទ​នា​ថ្ងៃ​អនាគត។
នា​ឱកាស​ជួបជុំ​សមាជិក​គាំទ្រ​កាល​ពី​ថ្ងៃ​ ទី​២១ -២២ ខែ​ឧសភា នា​ទីស្នាក់ការ​ធំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង លោក កឹម សុខា ក៏បាន​លើកឡើងពីផែនការ លុបក្រសួងអភិវឌ្ឍន៏ជនបទចោលផងដែរ​ដោយលោកលើក​យក​គោល​នយោបាយ ឬ​ចំណុច​ល្អ​ចំនួន​៥ របស់​គណបក្ស​នេះ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ជា​មេ​ឃុំ ចៅ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ 
ខែ​មិថុនា មាន​ដូចជា ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ឃុំ-សង្កាត់ លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍ​ដោយ​ធានា​ការ​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ ផ្តល់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​រើសអើង មិន​ពុក​រលួយ ធានា​ការពារ​សន្តិសុខ​ដោយ​ទប់ស្កាត់​បំបាត់​គ្រឿង​ញៀន ល្បែង​ស៊ី​សង និង​ចោរកម្ម និង​វិមជ្ឈការ​អំណាច​សេវា​សាធារណៈ ហើយ​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស នឹង​ទទួល​បាន​ថវិកា ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អភិវឌ្ឍ​ឃុំ-សង្កាត់​នីមួយៗ តាម​រយៈ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។
ការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។ ហើយការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃ ទី ៤ មិថុនាខាង
មុខនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger