សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, July 22, 2017

លោកហ៊ុន សែនប្រកាសជួយថវិការ៥ម៉ឺនដុល្លារសម្រាប់ សាងសង់ចេតិយ លោក កែម ឡី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងភរិយា សម្រេចធ្វើបុណ្យជាមួយគ្រួសារលោក
បណ្ឌិត កែម ឡី។
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានសម្រេចឧបត្ថម្ភថវិការហូតដល់ទៅ ៥ម៉ឺន ដុល្លារអាមេរិក សម្រាប់រួមចំណែកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី ដែល ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីជាងមួយឆ្នាំមុន នៅកណ្តាលរាជធានីភ្នំពេញ។
ការសម្រេចជួយឧបត្ថម្ភថវិកាជាលើកទីនេះ គឺធ្វើឡើងភ្លាមៗបន្ទាប់ពីការអំពាវនាវស្វែងរកថវិកា សាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ពីសំណាក់លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុស បង្កើតរួចមក។
ការប្រកាសជួយថវិកាបន្ថែមចំនួន៥ម៉ឺនដុល្លារ ដល់ប្អូនប្រុសរបស់លោកកែម ឡីនេះ គឺធ្វើឡើង បន្ទាប់ពីលោកហុង លីម តំណាងរាស្ត្រខ្មែរនៅអូស្ត្រាលី កាលពីយប់ថ្ងៃសុក្រ បានស្នើឲ្យប្អូនប្រុស លោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធកុំទទួលយកលុយបច្ច័យ១ម៉ឺនដុល្លារពីលោកលោក ហ៊ុន សែន។
លោកហ៊ុន សែន ក៏មានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មានមួយក្នុងស្រុកស្និទ្ធនឹងលោកថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែល គណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ លោកនឹងជួយ ឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។
ចំណែកលោក កែម រិទ្ធិសិទ្ធ តាមរយៈសារព័ត៌មានដ៏មានឥទ្ធិពលនោះ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែ កក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេល សាង សង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។
ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក កែម រិទ្ធិសិទ្ធ បានសម្តែងក្តីរីករាយ និងគោរពស្ញប់ស្ញែង យ៉ាងខ្លាំងចំពោះទឹកចិត្តប្រកបដោយមេត្តាធម៌របស់លោក ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់លោកសម្រាប់ជួយសាងសង់ចេតិយ បងប្រុស របស់ លោក។
ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាការឧបត្ថម្ភរបស់លោក ហ៊ុន សែន លើកទីពីរហើយសម្រាប់ក្រុមគ្រួសារ សពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការ ជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី។
លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកទឹកចិត្តរបស់លោក ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ ធំធេងបំផុតសម្រាប់ក្រុមគ្រួសារ របស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេច
បាននោះឡើយពេញមួយជីវិតនេះ។
សូមបញ្ជាក់ក្រោយ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ជាង​មួយ​ឆ្នាំ​មក​នេះ សមត្ថកិច្ច​ទើប​រក​ឃើញ​ឃាតក​ម្នាក់​តែប៉ុណ្ណោះ​មក​កាត់​ទោស គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ឃាតកម្ម​នេះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ។ ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ក៏​កំពុង​ជាប់​នៅ​ពន្ធនាគារ ព្រោះ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី។ ចំណែកសមាជិកព្រឹទ្ធសភា មគពីគណបក្សប្រឆាំង អ្នកស្រី ​ឡាក់ ថានីក៏កំពុងជ្រកកោន នយោបាយនៅប្រទេសហ្វាំងឡង់ ដើម្បីរត់គេចពីការចាប់ខ្លួន ក្នុងសំណុំរឿងចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាអ្នកសម្លាប់លោកកែម ឡីនេះដែរ៕

ប្អូនប្រុសបង្កើតរបស់លោកកែម ឡី គឺលោកកែម រិទ្ធិសិទ្ធ​បោះបង់ចោល បក្សប្រឆាំងនិងក្រុមសង្គម
ស៊ីវិល មកសុំជំនួយថវិកាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនវិញ។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger