សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 18, 2017

ព្រឹទ្ធសភាលើកដៃយល់ព្រមទៅលើ​វិសោធនកម្ម​ច្បាប់​ស្តីពី ​គណបក្សនយោបាយ លើកទី២ដើម្បី ទប់ស្កាត់​សង្គ្រាម​ពាក្យ​សំដី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសាយ ឈុំប្រធានព្រឹទ្ធសភា បើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣
នាព្រឹកមិញនេះ។
 
ព្រឹទ្ធសភាកម្ពុជា​យល់​ព្រម​ទាំង​ស្រុងទៅលើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ លើកទី
២ ដោយ​គ្មាន​វត្ត​មាន​​សមាជិក​ព្រឹទ្ធសភាពី​បក្សប្រឆាំងចូលរួមនោះទេ។
​ការអនុម័តរបស់ព្រឹទ្ធសភានៅថ្ងៃអង្គារនេះ គឺធ្វើឡើងតែមួយសប្តាហ៍ក្រោយពី​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ចំនួន៦៦​រូប​ដែល​បាន​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ បា​នអនុ​ម័​ត​សេចក្តី​ស្នើច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើធ្វើវិ​សោ​​ធន​កម្មជា លើកទី២។
នៅព្រឹក​ថ្ងៃ​ទី​១៨ កក្កដានេះ​ ព្រឹទ្ធសភាដែល​មាន​តែ​សមាជិក​បក្សកាន់​អំណាច​ចូល​រួមចំនួន​៤២រូប
​​ក៏​បាន​យល់​ព្រម​ទាំង​ស្រុង​ទៅ​លើ​វិសោធនកម្ម​នេះ​ដោយ​គ្មាន​កែ​ប្រែ​ដោយ​ថាច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​​នីតិ​រដ្ឋ​ និងសុខ​សន្តិភាព​ជូន​ប្រជា​ពល​រដ្ឋ ទប់ស្កាត់​សង្គ្រាម​ពាក្យ​សំដី។
អ្នកនាំពាក្យ​ព្រឹទ្ធិ​សភា​លោក​ ម៉ម ប៊ុននាង មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថាការ​ចូល​ឬមិន​ចូល​ពី​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង គឺ​ជាសិទ្ធ​របស់​ពួកគេ តែ​ថាលិទ្ធិប្រជា​ធិបតេយ្យគឺ​ត្រូវ​គោរព​សំឡេង​ភាគ​ច្រើន​ ​។
លោកថា៖ «នៅ​ក្នុងនេះ​ដែរ​គឺ​អត់​មាន​កែប្រែ​អី​ទេ​គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទាំង​អស់ អត់​មា​ន​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញនោះ​ទេ អត់​បាន​រំលោភ​ទៅ​លើ​លិទ្ធិប្រជា​ធិបតេយ្យ​នោះ​ទេ អត់​បាន​ធ្វើ​ឲ្យ​បែក​បាក់​ជាតិ​នោះ​ទេ»
ទោះ​ជាយ៉ាង​ណា​ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី និង​ជា​សមាជិកព្រឹទ្ធ​សភាលោក ទាវ វណ្ណុល​ បាន​ឲ្យ​​ដឹង​ថា ការ​សម្រេច​មិន​ចូល​រួម ដោយសារ​សមាជិក​ព្រឹទ្ធ​សភាបក្ស​ប្រឆាំង​យល់ថា ការ​ធ្វើ​វិសោធន កម្ម​នេះ​គឺ​មិន​បាន​បម្រើ​ផល​ប្រយោ​ជន៍​ប្រជា​រាស្រ្ត​ខ្មែរ​ទេ គឺ​បម្រើ​ប្រយោជន៍​​ទៅ​លើ​បុគ្គលច្រើន​ជាង និង​កំពុង​តែ​ធ្វើ​ឲ្យ​លិទ្ធិ​ប្រជា​​ធិបតេយ្យ​ដើរ​ថយ​ក្រោយ។
លោក​ថា៖ «គេ​បាន​សម្រេច​ធ្វើ​វិសោធនកម្មមួយ​សារ​ទៀត​ដោយ​សារ​ការ​ធ្វើ​វិសោធនកម្មមុន​ហ្នឹង
​គេ​មិន​អាច​បំពេញ​បំណង​បុគ្គល​ណា​មួយ​ដែល​ចង់​បានហ្នឹង។ ដែល​គាត់​ចង់​បាន​ច្បាប់​ហ្នឹង​អញ្ចឹង​បាន​ជា​គេ ធ្វើ​វិសោធនកម្ម​ហ្នឹង​មួយ​សារ​ទៀត។ អញ្ចឹង​បើ​បី​ខែ​ធ្វើ​វិសោធនកម្ម​ម្តង​ដើម្បី​បំពេញ​ចិត្ត មនុស្ស ​ម្នាក់​អញ្ចឹង​យើង​មិន​អាច​ទៅ​ចូល​រួម​អញ្ចឹង​កើត​ទេ»
គួររំលឹក​ផង​ដែរថាការកែច្បាប់គណបក្សនយោបាយជាលើកទី២នេះធ្វើតាមបញ្ជារបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងខែ​មិថុនា​កន្លង​ទៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា។
អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន អះអាងថា ច្បាប់នេះនឹង​រា​រាំង​​មិន
ឲ្យ​មាន​ការ​ដាក់តាំងរូបលោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទេ ដោយលោកចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។
ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើង វិញ​ម្តង​ហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់​ពីបា​ន​ចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខ​រដ្ឋ​ស្តីទី​ ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិននាពេលនោះ។
នៅពេលនេះ មិនទាន់មានព័ត៌មានឲ្យដឹងថាព្រះមហាក្សត្រនឹងយាងទៅប្រទេសចិនទៀត ដើម្បី គេចវេសពីការឡាយព្រះហស្ថលេខាលើច្បាប់នេះទៀតឬយ៉ាងណានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger