សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, July 24, 2017

នាយករដ្ឋមន្ត្រីហ៊ុន សែនប្តេជ្ញាបន្តដំណើរការមន្ទី​រ​ពេទ្យ​គន្ធបុប្ផា ទោះបីប្រទេសស្វីសឈប់ផ្តល់ជំនួយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងនៅវិមានសន្តិភាពនាព្រឹកមិញនេះ។


លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួងពីរទទួលខុសត្រូវ លើការចំណាយទាំងអស់ដល់ដំណើរ​ការ មន្ទី​រ​ពេទ្យ​គន្ធបុប្ផា ដោយថាបើទោះបីប្រទេសស្វីសឈប់ផ្តល់ជំនួយក៏ដោយ។ ក្រសួងទាំង ពីរ នោះគឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។
មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការច្រើនឆ្នាំមកហើយនៅកម្ពុជា ដោយមន្ទីរពេទ្យនេះផ្តល់​​សេ​វាព្យា​បា​​​​លឥតគិតថ្លៃ ជួយសង្គ្រោះកុមារកម្ពុជារាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ។ បើតាមរបាយការណ៍នានា ថវិ​កា សម្រា​​ប់​ដំ​​ណើ​រការ របស់មន្ទីរពេទ្យ មួយភាគធំគឺ ប្រ​​​ទេ​​សស្វី​ស​​ជាអ្នកឧបត្ថម្ភ។
ក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ​២០១៦​-២០២៥ » នៅវិមានសន្តិភាពនាថ្ងៃទី២៤ខែកក្កដានេះ លោក ហ៊ុន សែន រំឭកថា កន្លង 
ទៅ លោក​ធ្លាប់និ​យាយជា​មួយមេ​ដឹក​នាំ​​​​ប្រ​ទេសស្វីសថា កម្ពុជាពេលនេះមានលទ្ធភាព ធានាដល់ ដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាបាន  ទោះបីម្ចាស់ជំនួយ សម្រេចដកខ្លួនចេញក៏ដោយ។
មន្ទីរពេទ្យគន្ធបុប្ផាបានបង្កើតឡើងជិត៣០ឆ្នាំមកហើយ ជួយសង្គ្រោះកុមារក្រីក្រ ដោយឥតយក
ថ្លៃ បានរាប់លាននាក់។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ជាជនជាតិស្វីស លោក បេអ៊ាត រិចណ័រ បានលាឈប់ពីតំណែងក្រោម ហេតុផលលោកមានជំងឺ។មុនពេលលាឈប់លោកធ្លាប់បង្ហាញការព្រួយបារម្ភថា មន្ទីរពេ​ទ្យនេះ អាចនឹងធ្លាក់​ចុះ​​សេវា​​​ជួ​យសង្គ្រោះដល់កុមារកម្ពុជា នៅពេលដែលម្ចាស់ជំ​នួយនៅប្រទេ​សស្វី​ស  
បា​នកាត់​​បន្ថយ​ប្រាក់​​ឧត្តមជាបន្តបន្ទាប់។
នៅពេលនេះ លោក បេអ៊ាត រិចណ័រ កំពុងស្ថិតនៅប្រទេសកំណើតរបស់លោក ក៏ប៉ុន្តែមិនមាន សេចក្តីរាយការណ៏ពីស្ថានភាពជម្ងឺរបស់លោកនោះទេ។

ទាក់ទងនឹងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ​២០១៦​-២០២៥ លោក ហ៊ុន សែន បានមានប្រសាសន៍ថា សេចក្តីព្រាងអំពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ គឺជាផែនទីបង្ហាញផ្លូវរយៈកាលវែង ដែលផ្តោតលើសសរស្តម្ភចំនួនពីរគឺ ប្រព័ន្ធ ជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ការ​អភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព និង ចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយ កាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាព ងាយរងគ្រោះ រួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សអោយកាន់តែរឹងមាំ និងទូលំ ទូលាយ ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា នេះគឺ ជាការកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធានាអោយបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនសំដៅ លើកកម្ពស់សុខុមាលភាព។
គោលដៅ នៃក្របខ័ណ្ឌគោលនយោបាយនេះ គឺធ្វើការបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងកម្មវិធីដែលមាន ស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃរបប ឬកម្មវិធីទាំងឡាយ ក្នុងប្រព័ន្ធ គាំពារសង្គមទាំងមូល រួមទាំងការពង្រីកវិសាលភាពដែលតូចចង្អៀតនៅឡើយ ដើម្បីឆ្លើយតប​នឹងតម្រូវការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។ លើសពីនេះទៅទៀតគោលនយោបាយនេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធិផលនានាដែល ទទួលបានជោគជ័យនាពេលកន្លងមក ទន្ទឹមនឹងការកំណត់អំពីបញ្ហាប្រឈមដែលកំពុងតែជួប ប្រទះព្រមទាំងបញ្ហាប្រឈមជាយថាហេតុដែលអាចកើតមានឡើងថ្ងៃអនាគត ដើម្បីជាមូលដ្ឋាន និងកំណត់យុទ្ធសាស្រ្ត ឆ្លើយតបនឹងបញ្ហាប្រឈម ទាំងនោះ ដោយផ្អែកលើទិដ្ឋភាពបួនគឺ សមធម៌ ភាពទ្រទ្រង់បាននៃថវិកា ប្រសិទ្ធភាព និងចីរភាព។
ទាក់ទងទៅនឹងគោលនយោបាយនេះដែរ លោក ហ៊ុន សែន បានអោយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលចាប់ផ្តើមមុនគេ គឺការគាំពារសុខភាពស្ត្រីមានផ្ទៃពោះ ពីព្រោះ
ពួកគាត់ពិតជាត្រូវការជំនួយជាចាំបាច់ហើយពួកគាត់អាចជួបបញ្ហាប្រឈមជាច្រើនអំឡុងពេលពរ
ពោះ រហូតដល់សំរាលកូន ដូច្នេះក្រសួងសេដ្ឋកិច្ច និងក្រសួងពាក់ព័ន្ធនានាត្រូវចាប់ផ្តើមធ្វើពី រឿង នេះ មុនគេ ថាត្រូវផ្តល់អោយគេមួយខែប៉ុន្មាន? តែទោះជាយ៉ាងណា ការដោះស្រាយបញ្ហានេះ តម្រូវ អោយមានលក្ខខ័ណ្ឌច្បាស់លាស់មួយចំនួន។ ជាមួយគ្នានោះ បញ្ហាជនពិការ ក៏នឹងត្រូវចាប់ផ្តើម ជា បន្តបន្ទាប់ផងដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសសន៍ផងដែរថា វឌ្ឍនភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ស្របតាមសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងនឹងមានភាពរឹងមាំឡើងវិញជាលំដាប់ និងបានដាក់ ចេញនូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួន គឺការផ្លាស់ប្តូរកម្ពុជាពីប្រទេសដែលមានចំណូល ទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយ និងទៅ ជាប្រទេសដែល
មានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលស្តែងចេញពីការដាក់អោយ ដំណើរការបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បេឡាជាតិសន្តិសុខសង្គមសម្រាប់ មន្រ្តី រាជការស៊ីវិល (ប.ជ.ស) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) និងមូលនិធិជនពិការ(ម.ជ.ព) ព្រមទាំង អនុម័តយុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះដែលជាមូលដ្ឋានគ្រឹះ
សម្រាប់ ការដាក់អោយដំណើរការកម្មវិធីជាតិគាំពារសង្គមមួយចំនួន៕

 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger