សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 11, 2017

ព័ត៌មានថាលោក ហ៊ុន សែនមានបញ្ហាសុខភាពទៅព្យាបាល នៅក្រៅប្រទេស កាន់តែខ្ចរខ្ចាយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងភរិយា ព្រមទាំងកូនៗប្រសារ។


ព័ត៌មានថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានបញ្ហាសុខភាព ហើយទៅព្យាបាលនៅក្រៅប្រទេស នោះ វាកាន់តែខ្ចរខ្ចាយឡើងៗ នៅពេលនេះ ដោយអ្នកលេងហ្វេសប៊ុកខ្លះ​នៅតែជជីកចង់ដឹងពី
វត្តមានរបស់លោកនាយករដ្ឋន្ត្រី ដែលខណះនេះមិនមាននរណាម្នាក់បង្ហើបឲ្យដឹង ពីទីតាំងស្នាក់
នៅរបស់លោកនៅឡើយ។
ក៏ប៉ុន្តែជា​ការ​ឆ្លើយតប​ទៅ​នឹង​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​មាន​មន្ទិល​ចំពោះ​អវត្តមាន​របស់​លោក (ហ៊ុន សែន) នៅ​ក្នុង​ប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ កក្កដា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា «នេះ​ហើយ​គឺ​ខ្ញុំ​ជា ហ៊ុន សែន ដែល​ពួក​ជន​ពាល​កំពុង​ស្វែងរក»
ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​រូបថត​មួយ​ចំនួន​ជាមួយ​ភរិយា កូន ចៅ និង​មន្ត្រី​មួយ​ចំនួន​របស់​លោក មាន​ដូចជា​លោក គន់ គីម លោក ជា សុផារ៉ា និង​អ្នក​ជំនួញ លោក គិត ម៉េង ជាដើម។ អម​ជាមួយ​រូបថត​ទាំងអស់​នេះ លោក ហ៊ុន សែន សរសេរ​ថា «តើ​ខ្ញុំ​មាន​សិទ្ធិ​សប្បាយ​រីករាយ​ជួបជុំ​កូន​ចៅ​ដូច​ក្នុង​រូបថត​នេះ​ដែរ​ឬ​ទេ? តើ​ខ្ញុំ​ត្រូវ​ប្រាប់​មនុស្ស​គ្រប់​គ្នា ពិសេស​ពួក​ជន​ពាល​ថា ខ្ញុំ​កំពុង​ឋិត​នៅ​ទីនេះ ឬ​ទីនោះ​ដែរ​ឬ​ទេ?»
បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ថា​បើ​ទោះ​លោក​ផ្ទេរ​សិទ្ធិ ឬ​មិន​ផ្ទេរ​សិទ្ធិ ទោះ​លោក​ឋិត​នៅ​ទីណា ក៏​លោក​នៅ​តែ​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​ជាតិ ពិសេស​បង្ក្រាប​លើ​ការ​បង្ក​ចលាចល​របស់​ក្រុម​ដែល​លោក​ចាត់​ទុក​ថា​ជា​ជន​ពាល ជា​ក្រុម​ជ្រុល​និយម និង​ក្រុម​កូន​អ្នក​ក្បត់​ជាតិ ជាដើម។ លើស​ពី​នេះ លោក ហ៊ុន សែន បាន​សរសេរ​ព្រលយ​ពាក្យ​ហាក់​ឌឺដង​ថា បើ​ចង់​ដឹង សុំ​សាកមើល​ទៀត​ផង។
រូបថត​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មាន​សភាព​ខុស​គ្នា​ស្រឡះ​ពី​រូប​ដែល​លោក​បង្ហោះ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ពេល​ដែល​ដំណឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​បែក​ធ្លាយ​ថា លោក​មាន​ជំងឺ ហើយ​កំពុង​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ រូបថត​កាល​ពី​ចុង​សប្ដាហ៍​នោះ បង្ហាញ​រូប​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​យារ​ដៃ​វាយ​កូន​ហ្គោល (Golf) ដែល​ហាក់​ដូចជា​ចង់​បង្ហាញ​ថា លោក​មាន​សុខភាព​ល្អ​ដែល​អាច​នៅ​លេង​កីឡា​បាន និង​ហាក់​ដូចជា​មាន​គោល​បំណង​ច្រានចោល​ការ​ផ្សព្វផ្សាយ​ថា​លោក​កំពុង​មាន​ជំងឺ​នោះ។ ប្រហែល​ជា​មិន​អាច​ផ្អឹប​ព័ត៌មាន​បាន​តទៅទៀត នៅ​ដើម​សប្ដាហ៍​នេះ លោក​ក៏​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ទៀត​ដែល​លោក​ថត​ជាមួយ​គ្រួសារ និង​ក្រុម​អ្នក​ហែហម​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រូប​ទាំងនេះ​ហាក់​មិន​បង្ហាញ​ស្ថានភាព​ស្វាហាប់​របស់​លោក​ប៉ុន្មាន​ទេ ហើយ​ឃើញ​ហាក់​ដូចជា​មាន​បង់​រុំ​ជុំវិញ​ចង្កេះ​លោក​ថែម​ទៀត​ផង។
កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា អគ្គលេខាធិការ​រាជ​រដ្ឋាភិបាល បាន​ផ្ញើ​លិខិត​ជម្រាប​ពី​ការ​លើក​ពេល​កិច្ច ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ចំនួន ២​សប្ដាហ៍ គឺ​នៅ​ថ្ងៃ​សុក្រ ទី​៧ និង​ទី​១៤ កក្កដា។ ការ​ប្រកាស​លើក​ពេល​កិច្ចប្រជុំ​ទៅ​ពេល​ក្រោយ​នេះ ស្រប​ពេល​ដែល​មាន​ការ​លេច​ឮ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។
ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​តែ​ប្រកែក​ថា លោក ហ៊ុន សែន មិន​មាន​ឈឺ​អ្វី​ឡើយ ហើយ​ក៏​កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ការ​លើក​ពេល​ប្រជុំ​ចំនួន ២​សប្ដាហ៍​ទៅ​ពេល​ក្រោយ​នេះ លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ដឹង​មូលហេតុ​ច្បាស់​នោះ​ទេ ដោយ​លោក​ថា​វា​ជា​ការ​ចាត់ចែង​របស់​អគ្គលេខាធិការ​រាជ​រដ្ឋាភិបាល ឬ​ក៏​មាន​របៀបវារៈ​រវល់​យ៉ាង​ណា លោក​ក៏​មិន​ដឹង។
ជាទូទៅ កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ច្រើន​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ នា​វិមាន​សន្តិភាព ក្រោម​ការ​ដឹកនាំ​កិច្ចប្រជុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ស្រប​ពេល​ដែល​គណៈរដ្ឋមន្ត្រី​លើក​ពេល​កិច្ចប្រជុំ ២​សប្ដាហ៍​នេះ​ដែរ នៅ​ពេល​រដ្ឋសភា ក៏​មាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដើម្បី​ពិភាក្សា​អនុម័ត​ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដែល​ឈាន​ដល់​ការ​ដក​ហូត​សិទ្ធិ​ទណ្ឌិត​មិន​ឲ្យ​លូកលាន់​ជាមួយ​គណបក្ស​នយោបាយ តាម​សំណើ​របស់​លោក ហ៊ុន សែន នោះ គឺ​ពុំ​មាន​វត្តមាន​ចូលរួម​របស់​លោក ហ៊ុន សែន ដែល​ជា​អ្នក​បញ្ជា​ឲ្យ​កែប្រែ​ច្បាប់​នេះ​ដូច​ពេល​កន្លង​ទៅ​ឡើយ។
ខណៈ​ដែល​មាន​ហេតុការណ៍​កើត​ឡើង​ផ្ទួន​បែប​នេះ ប្រភព​ច្បាស់​ការ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​​ដឹង​ថា លោក ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ពេល​លេង​វាយ​កូន​ហ្គោល​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ដួល​បាក់​ឆ្អឹង​ត្រគាក រួច​បាន​ចេញ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​នៅ​ក្រៅ​ប្រទេស។ ប្រភព​ដដែល​នេះ​បន្ត​ថា គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក ហ៊ុន សែន នៅ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​រយៈពេល ១​ខែ។
ទោះ​ជា​យ៉ាង​ណា ថ្លែងប្រាប់អ្នកកាសែត ​នៅ​ថ្ងៃ​ទី​១១ កក្កដា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥសាន ថា​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ ហើយ​ថា​លោក ហ៊ុន សែន កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​បំពេញ​ការងារ​ធម្មតា។ លោក​ថា ដោយសារ​តែ​មាន​អ្នក​ដុត​កំហឹង​លោក ហ៊ុន សែន ពី​រឿង​អវត្តមាន​នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើប​លោក ហ៊ុន សែន ឆ្លើយតប​វិញ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក។
ទាក់ទង​នឹង​ការ​លើក​ពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​វិញ លោក សុខ ឥសាន ថា​វា​ជា​សិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី។ ចំពោះ​អវត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​លោក សុខ ឥសាន បកស្រាយ​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​ចូលរួម ក៏​បក្ស​កាន់​អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ច្បាប់​ដែរ។
លោកបញ្ជាក់ថា៖ «គ្មាន​អី​ប្រែប្រួល គ្មាន​អី​ចម្លែក​ទេ នាយក​រដ្ឋមន្ត្រីលោក​មាន​សិទ្ធិ​ក្នុង​ការបង្ហាញ​មុខ ឬ​មិន​បង្ហាញ​មុខ វា​មាន​ទាស់​អី ប៉ុន្តែ​ការ​ដឹកនាំ​ប្រទេស​វា​នៅ​តែ​មាន​ដំណើរការ​និរន្តរភាព​ដដែល អត់​មាន​បញ្ហា​អី​ពាក់ព័ន្ធ​ដល់​ការ​ដឹកនាំខ្វះ​ចន្លោះ​អ្វី​ទេ»
កន្លង​ទៅ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី លោក​តែង​បង្ហោះ​ហ្វេសប៊ុក ពេល​ខ្លះ​អម​ដោយ​រូបថត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​លោក។
លោក សុខ ឥសាន ថ្លែង​ថា ជា​គោលការណ៍ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ទៅ​បំពេញ​បេសកកម្ម ឬ​អវត្តមាន​នៅ​ក្នុង​ប្រទេស នាយក​រដ្ឋមន្ត្រី​តែង​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ស្តីទី។ ប៉ុន្តែ​លោក​ថា ដោយសារ​តែ​លោក ហ៊ុន សែន មិន​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​ហើយ ទើប​វា​មិន​មាន​ការ​ផ្ទេរ​សិទ្ធិ​នោះ៕
រូបថតដកស្រង់ពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមិនបានបញ្ជាក់ថាថតនៅទីណានោះទេ។



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger