សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, July 22, 2017

បក្សសង្គ្រោះជាតិនឹងសម្រេចដករូបលោកសម រង្ស៊ីនិងលោកកឹម សុខាព្រមទាំងប្តូរឈ្មោះគណបក្ស សម រង្ស៊ី នៅថ្ងៃទី២៥

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

រូបលោកកឹម សុខា ចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយលោក សម រង្ស៊ីនឹងត្រូវដកចេញ
ពីស្លាកគណបក្សនៅទូទាំងប្រទេស ចាប់ពីថ្ងៃ ទី ២៥ កក្កដានេះហើយ។


រូបថត ដែលបង្ហាញលោក កឹម សុខា និងលោកសម រង្ស៊ី  កាន់ដៃគ្នា ហើយលើកដៃទៅលើ នឹងត្រូវ ដកចេញពីស្លាកគណបក្សសង្គ្រោះជាតិ បន្ទាប់ពី គណបក្សប្រឆាំងដ៏ធំមួយនេះប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៥ ខែ ​កក្កដា ខាង​មុខនេះ។
ទន្ទឹមនឹងនេះដែរ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិសរសេរនៅលើហ្វេសប៊ុក របស់ លោកថា រូបថតនេះ ដែលបង្ហាញលោកកឹម សុខា និងរូបខ្ញុំ (សម រង្ស៊ី) ត្រូវបានរដ្ឋាភិបាល បង្ខំឲ្យដកចេញពីគ្រប់ទីកន្លែងសាធារណៈ ដើម្បីមិនឲ្យប្រជារាស្ត្រឃើញទៀត។
លោកសម រង្ស៊ីបន្តថា សូមបងប្អូនជនរួមជាតិ និងក្មួយៗ រក្សាទុករូបនេះ ក្នុងដួងចិត្តរបស់បងប្អូន និងក្មួយៗ ពីព្រោះរូបនេះជានិមិត្តរូបនៃអ្នកស្នេហាជាតិរួបរួមគ្នា តស៊ូដើម្បីនាំមកនូវការផ្លាស់ប្តូរ ទៅរកលទ្ធិប្រជាធិបតេយ្យ។ រូបនេះ ក៏បង្ហាញផងដែរថា ជនពាលមិនអាចទិញយើង សម្លុតយើង ឬបំបែកយើងបានឡើយ
ពាក់ព័ន្ធនឹងករណីនេះដែរ គណបក្ស​សង្គ្រោះជាតិ​នឹង​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៥ ខែ ​កក្កដា ខាង​មុខ ដើម្បី​ប្រាប់​អំពី​ការ​ឈប់​ប្រើប្រាស់​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ត​ទៅ​ទៀត ដោយ​ប្រើប្រាស់​ត្រឹម​រូប​សញ្ញា​ព្រះអាទិត្យ​រះ ប៉ុណ្ណោះ។
គណបក្ស​នយោបាយ​ដែល​រងគ្រោះ​ព្រោះ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ខាង​មុខ​យ៉ាង​ខ្លី នឹង​ប្ដូរ​ទាំង​រូប​សញ្ញា និង​ឈ្មោះ​គណបក្ស​របស់​ខ្លួន។ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស សម រង្ស៊ី ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី បាន​កំណត់​យក​ថ្ងៃ​ប្រជុំ​ដូច​គ្នា គឺ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ ដើម្បី​ជៀសវាង​ការ​រំលាយ​គណបក្ស​ចោល នៅ​ពេល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន។
គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ឈប់​ប្រើ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​នោះ​ត​ទៅ​ទៀត ដោយ​ដាក់​ត្រឹម​រូប​ព្រះអាទិត្យ​រះ ដែល​ជា​ស្លាក​សញ្ញា​ផ្លូវការ​របស់​គណបក្ស​នេះ។ ចំណែក​គណបក្ស សម រង្ស៊ី ដែល​សព្វថ្ងៃ​កំពុង​មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា ក៏​នឹង​ប្ដូរ​ឈ្មោះ​គណបក្ស​ចេញ​ដែរ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង ថា កិច្ច​ប្រជុំ​នោះ​គណបក្ស​នឹង​ណែនាំ ​ទៅ​ថ្នាក់ដឹកនាំ​ទាំង​២៥​ខេត្ត-រាជធានី ពី​ការ​ឈប់​ប្រើ​រូប​ទាំង​នោះ​នៅ​លើ​បដា​ផ្សព្វផ្សាយ​របស់​គណបក្ស។ ទាក់ទង​ការ​ចំណាយ​លើ​ការ​ផ្លាស់ប្ដូរ​នេះ លោក អេង ឆៃអ៊ាង ថា​គណបក្ស​មិន​បាន​គិត​ពី​ការ​ចំណាយ​ទេ ព្រោះ​នេះ​​​ជា​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស។
​លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ប្រើ​តែ​ស្លាក​សញ្ញា​របស់​គណបក្ស គឺ​រូប​ព្រះអាទិត្យ​រះ តាំង​ពី​សប្ដាហ៍​ទី​២ នៃ​​ខែ​កក្កដា នេះ។
​ជាមួយគ្នា​នេះ​ដែរ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោកទាវ វណ្ណុល និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី ប្រាប់​ថា គណបក្ស​របស់​លោក​នឹង​ប្រជុំ​សមាជិក​អចិន្ត្រៃយ៍​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ​ដែរ ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​សមាជ​បក្ស​ប្ដូរ​ឈ្មោះ​គណបក្ស​នៅ​ពេល​ខាង​មុខ​ទៀត។ លោក​ប្រាប់​ថា ចំពោះ​លោក​ផ្ទាល់​ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក​ចង់​ប្ដូរ​ឈ្មោះ​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស ពន្លឺ​ប្រជាធិបតេយ្យ។
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ទោស​មាន​ឈ្មោះ​ជា​ទណ្ឌិត ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ជា​ច្រើន​ករណី បើ​ទោះ​លោក សម រង្ស៊ី ផ្ទាល់​ថា លោក​មិន​មែន​ជា​ទណ្ឌិត ព្រោះ​លោក​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​អាយ៉ង​ក្ដី។
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​យ៉ាង​ប្រញាប់​មិន​ខ្វល់​នឹង​ការ​រិះគន់។ ខ្លឹមសារ​មាត្រា​ខ្លះ​ដែល​ទើប​កែប្រែ​ថ្មី​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ​ចំពោះ​ទោសទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​
តុលាការ ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។
ក្រោយ​ពេល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ឆ្លង​ផុត​រដ្ឋ​សភា និង​ព្រឹទ្ធសភា នៅ​ពេល​នេះ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ។
​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល យល់​ថា ច្បាប់​នេះ​នឹង​ចូល​ដល់​ស្ថាប័ន​ព្រះរាជវាំង​ក្នុង​អំឡុង​មួយ​អាទិត្យ​ទៀត។  ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​យល់​ដូច​គ្នា​នេះ​ដែរ។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​មាន​ផែន​ការ​ច្បាស់លាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព សញ្ញា និង​ឈ្មោះ ដែល​ជាប់​ទាក់ទង​នឹង​លោក សម រង្ស៊ី ព្រោះ​គណបក្ស​នេះ​ដឹង​ថា ខ្លួន​មិន​អាច​រារាំង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​បានទេ។
ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ស្នើ​ទៅ​ព្រះអង្គ​កុំ​ឲ្យ​ឡាយព្រះហស្តលេខា​លើ​​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ប៉ុន្តែ​មិន​ទាន់មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​ព្រះរាជវាំង​​នៅ​ឡើយទេ។
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ច្បាប់​នេះ​នឹង​មាន​សុពល ភាព អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់។
សូមបញ្ជាក់ថា កាលពីពេលធ្វើវិសោធនកម្មលើកទី១នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី មិនបានឡាយព្រះហស្ថលេខាលើច្បាប់ច្បាប់នោះ
ទេ ដោយព្រះអង្គយាងទៅព្យាបាលព្រះរាគនៅប្រទេសចិន ហើយទុកឲ្យលោកសាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ជាអ្នកចុះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាសនេះវិញ៕

គណបក្សសម រង្ស៊ីក៏នឹងត្រូវប្តូរឈ្មោះដែរ ឲ្យស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger