សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 3, 2017

សមត្ថកិច្ចចាប់បញ្ជូនលោកកឹម សុខាទៅឃុំខ្លួននៅពន្ធនាគារ ត្រពាំងថ្លុងជាប់ព្រំដែនយួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខាត្រូវបានសមត្ថកិច្ចចាប់ វាយខ្នោះយ៉ាងអនោចអធម ជាទីបំផុត 
កាលពីយប់ម៉ោង១២ និង៣៥នាទី នាគេហដ្ឋានរបស់លោក។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់ព្រំប្រទល់វៀតណាម។
​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថាបន្ទាប់​ពី​កង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស ៨​នាក់​ទៀត​ដល់​ផ្ទះ​របស់​លោក ប្រធានគណបក្សប្រឆាំងនេះ នៅ​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ ២០១៧ ក៏បានបញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងថ្លុង តែម្តង។
ទីប្រឹក្សា​របស់​លោក កឹម សុខា និង​ជា​នាយ​ខុទ្ទកាល័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា មាន​ប្រសាសន៍​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គរក្ស​ចំនួន ៨​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​របស់​លោក កឹម សុខា ស្ថិត​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក។
លោក​បន្ត​ថា ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​ស្ថានការណ៍​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ។ លោក​ថា មេធាវី​របស់​គណបក្ស​នឹង​ពិនិត្យ​មើល​ចំពោះ​បញ្ហា​នេះ។
ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​ប៉ុន្មាន​នាទី រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ទុក​ឲ្យ​ករណី​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដើម្បី​អោយ​តុលាការ​ចាត់ការ​តាម​ច្បាប់។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​អះអាង​ថា ករណី​ចាប់​ខ្លួន​នេះ មន្ត្រី​នគរបាល​ផ្អែក​ហេតុផល​ថា​ជា​ករណី​ជាក់ស្ដែង​ទៅ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។
រដ្ឋាភិបាល​បញ្ជាក់​ទៀត​ថា តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កម្ពុជា ដែល​ហៅ​ខ្លី​ថា ស៊ីប៊ីអិន(CBN =Cambodian Broadcasting Network) មាន​ប្រភព​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ភស្តុតាង​ដទៃ​ទៀត អាជ្ញាធរ​ចោទ​ថា​លោក កឹម សុខា មាន​ផែនការ​សម្ងាត់​ឃុបឃិត​ជាមួយ​បរទេស​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋាភិបាល​ចាត់​ទុក​ការ​ឃុបឃិត​នេះ​ថា​ជា​អំពើ ​ក្បត់​ជាតិ​ដែល​ជា​បទល្មើស​មាន​ចែង​ក្នុង​មាត្រា​៤៤៣ ក្នុង​ក្រម​ព្រហ្មទណ្ឌ។
បើទោះបីជាអាជ្ញាធរអះអាងថា លោក កឹម សុខាត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមក៏​ដោយ ក៏ក្រុមគ្រួសារលោកកឹម សុខា មិនទាន់អាចដឹងពីទីកន្លែងឃុំខ្លួនលោកកឹម សុខាពិតប្រាកដនោះទេ។
កញ្ញា កឹម សមាធីតា កូន​ស្រី​ពៅ​របស់​លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា ក្រុម​គ្រួសារ និង​មេធាវី​លោក កឹម សុខា នៅ​មិន​ទាន់​បាន​ដឹង​ពី​កន្លែង​ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​នេះ។
ចំណែក​ឯ​កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា កញ្ញា​ក៏​មិន​ទាន់​បាន​ដឹង​ពី​ទីកន្លែង​ឃុំ​ខ្លួន​លោក កឹម សុខា ជាក់​លាក់​នៅ​ឡើយ​ដែរ។ កញ្ញា​បន្ត​ថា ក្រុម​គ្រួសារ​ចង់​ទៅ​ឲ្យ​ដល់​មណ្ឌល​ឃុំ​ឃាំងត្រពាំងផ្លុង​ភ្លាមៗ។
កញ្ញា កឹម មនោវិទ្យា បាន​បញ្ជាក់​ដូច្នេះ បន្ទាប់​ពីសារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។
លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង ៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger