សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 19, 2017

បក្សកាន់អំណាចប្រៀបធៀបលោកកឹម សុខា ជា “ក្រូចអស់ទឹក” ខ្លាចមហាយក្សតាមបំបិទ ភស្តុតាង​ដល់ក្នុងគុក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មន្ត្រី​បក្ស​កាន់​អំណាចលោកសុខ ឥសានប្រៀបធៀបលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ជា ក្រូចអស់ទឹក ខ្លាចមហាយក្សតាមបំបិទភស្តុតាង​ដល់ក្នុងគុកទើប ​ខាង​ពន្ធនាគារ​ដាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​ឃុំ​ខ្លួន​លោក មេបក្សប្រឆាំងរូបនេះ ដោយ​សម្អាង​ថា ដើម្បី​ការពារ​អាយុ​ជីវិត​របស់គាត់។
មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​សារ​ការពារ​ជំនួស​តុលាការខាងលើនេះ​ថា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​ជា​ការ​ត្រឹមត្រូវ ដើម្បី​ការ​ពារ​អាយុជីវិត​លោក កឹម សុខា។ សារ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយ​កាសែត​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ កញ្ញា លោក សុខ ឥសាន ហៅ​លោក កឹម សុខា ថា ជា​តួ​ឯក​ក្នុង​ការ​អនុវត្ត​ឧបាយកល​ដាក់​ចេញ​ដោយ​មហាយក្ស។
លោក​បន្ត​ថា ដូច្នេះ​លោក​ កឹម សុខា ផុយ​ស្រួយ​ណាស់ បើ​សិន​ជា​មហាយក្ស​ចង់​បំបាត់​ដាន​ឧបាយកល​របស់​ខ្លួន​ដោយសារ​លោក កឹម សុខា បាន​ក្លាយ​ជា​ក្រូច​អស់​ទឹក​ហើយ មិន​ចាំ​បាច់​ទុក​សំបក​ជា​សាក្សី​បាន​ប្រយោជន៍​អី​ទៀត​ទេ។ លោក សុខ ឥសាន បាន​ចោទ​ជា​សំណួរ​ទៅ​ខាង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដែល​ចង់​ឲ្យ​ដក​កាមេរ៉ា​ចេញ​ពី​បន្ទប់​នោះ ថា​តើ​មេធាវី​ហ៊ាន​ធានា​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​អាយុ​ជីវិត​លោក កឹម សុខា ឬ​ទេ? សូម​ឆ្លើយ​ប្រាប់​គាត់ផង។
ជា​ការ​ឆ្លើយ​តប​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង ៥​រូប ដែល​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក សំ សុគង់ បាន​ប្រាប់​បណ្តាញព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ថា ការ​ធានា​សុវត្ថិភាព​ជន​ជាប់​ឃុំ​ជា​ការ​សំខាន់​ក៏​ពិត​មែន ប៉ុន្តែ​ភារកិច្ច​ធានាសុវត្ថិភាព​ជនជាប់​ឃុំ​​ គឺ​ជា​បន្ទុក​របស់​មន្ត្រី​ពន្ធនាគារ​ ដែល​មាន​កម្លាំង និង​បំពាក់​អាវុធ​ដើម្បី​ថែរក្សា​សន្តិសុខ​អ្នក​ជាប់​ឃុំ​ទូទៅ។
លោក សំ សុគង់ បន្ត​ថា ក្រុម​មេធាវី​ពួកគាត់​ចាត់​ទុក​ថា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​​រហូត​ចូល​ដល់​ក្នុង​បន្ទប់​ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ​ដូច្នេះ គឺ​ជា​ការ​អនុវត្ត​នាំ​ឲ្យ​រំលោភ​លើ​សិទ្ធិឯកជន​របស់​លោក កឹម សុខា យ៉ាង​ធ្ងន់ធ្ងរ។
ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សុខ ឥសាន នៅ​តែ​យល់​ថា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺ​នៅ​តែ​ចាំបាច់ ដោយ​លោក​លើក​យក​ករណី​អតីតកាល​មក​ធ្វើ​ជា​សម្អាង​ការពារ​ជំហរ​របស់​គាត់ ទោះ​ជា​គ្មាន​ច្បាប់​ចែង​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ឧទាហរណ៍​ក្នុង​ករណី​សម្លាប់​លោក ថាច់ ជា និង លោក កែវ សង់គីម កាល់​ជំនាន់​សាធារណរដ្ឋ​ខ្មែរ និង​ករណី​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្ការ កាល​ពី​ខែ​មករា ឆ្នាំ​២០០៤ និង​មនុស្ស​ដទៃ​ទៀត​ដែល​លោក សុខ ឥសាន ចាត់​ទុក​ថា ជា​អ្នក​បម្រើ​នយោបាយ​ប្រឆាំង។
ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា កន្លង​ទៅ​នេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី ឱ្យ​ដក​កាមេរ៉ា​សុវត្ថិភាព និង​ឧបករណ៍​ស្រូប​សំឡេង​ចេញ​ពី​បន្ទប់​ឃុំឃាំង​ដោយ​មេធាវី​អះអាង​ថា ការ​អនុវត្ត​បែប​នេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ផង ផ្ទុយ​ច្បាប់​ស្ដីពី​ពន្ធនាគារ និង​ផ្ទុយ​ទៅ​នឹង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ផង។ ពួកគាត់​ក៏​បាន​ស្នើសុំ​​ឲ្យ​លោក កឹម សុខា បាន​ស្ដាប់​វិទ្យុ ព្រម​ទាំង​ស្នើ​អនុញ្ញាត​ឱ្យ​ក្រុម​មេធាវី ​យក​ឯកសារ​ច្បាប់ និង​សំណុំ​រឿង ​ចូល​ជួប​ពិគ្រោះ​យោបល់​រវាង​មេធាវី និង​កូន​ក្ដី​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កន្លង​ទៅ​នេះ ក្រុម​មេធាវី​របស់​លោក កឹម សុខា ក៏​បាន​ប្ដឹង​សុំ​តុលាការ​សម្រេច​ឱ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។
សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នឹង​បើក​សវនាការ​ ជុំវិញ​បណ្ដឹង​ប្រឆាំង​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា នៅថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ​នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger