សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 14, 2017

រដ្ឋាភិបាលកម្ពុជាទទូចសុំឲ្យសហរដ្ឋអាមេរិកពិចារណា ដកទណ្ឌកម្មទិដ្ឋាការវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសម្លឹងមើលលោក  វីល្លៀម ហៃដ្ត ឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅក្នុងពិធីមួយនាពេលកន្លងមក។

រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធទី ១៣ កញ្ញា ឆ្នាំ ២០១៧ ដោយ ស្នើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពិចារណាទណ្ឌកម្មផ្នែកទិដ្ឋាការមកលើក្រុមមន្ត្រីក្រសួងការ បរទេសឡើងវិញ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្អាកការចេញទិដ្ឋាការ ដោយ ហាមមិនឲ្យរដ្ឋមន្ដ្រី និងមន្ត្រីក្នុងក្រសួងការបរទេសខ្មែរជាច្រើនរូប និងក្រុមគ្រួសាររបស់ពួកគេ ធ្វើ ដំណើរទៅប្រទេសមហាអំណាចមួយនេះបន្ដទៀត។
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃពុធទី១៣ខែកញ្ញាម្សិលមិញ ក្រសួងការបរទេស កម្ពុជា អះអាងថា​ ការដែលខ្លួនមិនបាននាំយកជនជាតិដើមខ្លួន ដែលមានទោសលើទឹកដី អាមេរិក ត្រឡប់មកមាតុភូមិវិញនោះ គឺជាវិធានការមនុស្សធម៌មួយរបស់រដ្ឋាភិបាលកម្ពុជា និងធ្វើតាមការស្នើសុំរបស់ពួកគេ ដែលថា ចង់បន្ដរស់នៅជាមួយគ្រួសារនៅទីនោះ
ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្ដាយ ដែលរដ្ឋាភិបាលអាមេរិក សម្រេចផ្អាកលែង ចេញទិដ្ឋាការដល់មន្ដ្រីក្រសួងការបរទេសកម្ពុជា ដោយថា នេះជាការបំពានស្មារតីកិច្ច សហប្រតិ បត្តិការក្នុងកម្មវិធីមាតុភូមិនិវត្ត រវាងប្រទេសទាំងពីរ។
ទណ្ឌកម្មផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងចំពេល រដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា នៅពីក្រោយនិងគាំទ្របក្សប្រឆាំង ក្នុងគោលបំណងដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន។​ ហើយ ករណីនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ត បានចេញ សេចក្ដីថ្លែងការណ៍ច្រានចោល ដោយថា ជាការចោទប្រកាន់គ្មានមូនដ្ឋាន និងប្រាស់ចាកពីការពិត ទាំងស្រុង។
ទូតអាមេរិកប្រចាំកម្ពុជា អះអាងថា ចាប់​ពី​ថ្ងៃ​ទី​១៣​ខែកញ្ញាឆ្នាំ២០១៧ ស្ថានទូតនេះ នឹង​​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ B1/B2 ដល់​មន្ត្រី​ក្នុងក្រសួង​ការបរទេស​កម្ពុជា ​ដែល​មានឋានៈ​ចាប់​ពី​ថ្នាក់​អគ្គនាយក​ដ្ឋាន រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល(រដ្ឋមន្ត្រី) រួមទាំង​សមាជិក​​ក្នុងក្រុម​គ្រួសារ របស់ពួកគេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយលើគេហទំព័រស្ថានទូតអាមេរិកប្រចាំ កម្ពុជា នៅថ្ងៃទី១៣កញ្ញា។
ការផ្អាកចេញទិដ្ឋាការនេះ ទូតអាមេរិកលើកហេតុផលថា «មានប្រទេសមួយចំនួន បានបដិសេធ មិនទទួលយក ឬ ប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេលទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ»
កាលពីខែសីហាឆ្នាំ២០១៧ រដ្ឋាភិបាល​​អាមេរិក បានប្រកាសថា នឹង​ដាក់​ទណ្ឌកម្មផ្នែក​​ទិដ្ឋាការ ​លើ​កម្ពុជា និងប្រទេស ៣ផ្សេងទៀត រួមមាន ​អេរីទ្រា ​ហ្គីណេ និង​សេរ៉ាឡេអូន បន្ទាប់ពីប្រទេសទាំងនេះ បានបដិសេធទទួល​យក​ជន​ជាតិ​ខ្លួន ដែលមានទោសលើ​ទឹក​ដី​អាមេរិក ឲ្យត្រឡប់ទៅមាតុភូមិ កំណើតវិញ។
នៅពេលនេះ ទំនាក់ទំនងអាមេរិក-កម្ពុជា ហាក់កាន់តែតានតឹងឡើង ដោយស្ថានទូតអាមេរិកប្រចាំ កម្ពុជា កាលពីថ្ងៃទី១៣កញ្ញាម្សិលមិញនេះដែរ បានចេញសេចក្ដីប្រកាសព័ត៌មានមួយទៀត ដោយ ប្រាប់ឲ្យពលរដ្ឋអាមេរិកកាំង ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បង្កើនការប្រុងប្រយ័ត្ន សុវត្ថិភាព។ ស្ថានទូតនេះ ពន្យល់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន នឹងធ្វើឲ្យមានភាព តានតឹង ខ្លាំង ក្នុងប្រទេសកម្ពុជា ដែលពលរដ្ឋអាមេរិកត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger