សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 12, 2017

វិទ្យុអាស៊ីសេរីសម្រេចបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ហើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


វិទ្យុ​អាស៊ីសេរី ឲ្យដឹងថា ស្ថាប័នខ្លួន ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ ​មួយ​រយៈពេល ក្រោយដំណើរការជិត២០ឆ្នាំ។ ការប្រកាសផ្អាកប្រតិបត្តិការនៅកម្ពុជា របស់អាស៊ីសេរី នេះ គឺធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយការប្រកាសបិទដូចគ្នា របស់ស្ថាប័ន កាសែត ឌឹ ខេមបូឌា ដេលី។
បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី១២ កញ្ញា អាស៊ីសេរី អះអាងថា នេះ គឺជាការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល អាស៊ីសេរី បានចោទរដ្ឋាភិបាលថា កំពុងធ្វើទុក្ខបុកម្នេញ និងរិត ត្បិតដល់សិទ្ធិគណបក្សនយោបាយ អង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងគូ បដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨។
វិទ្យុ​អាស៊ីសេរី យល់ថា «រដ្ឋាភិបាល​បាន​ឆក់​យក​ឱកាស​គ្រប់​បែប​យ៉ាង ដើម្បី​តាមដាន​ធ្វើ​ទុក្ខបុក ម្នេញ​មក​លើ​ក្រុម​អ្នក​រិះគន់ គូបដិបក្ខ​នយោបាយ ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ប្ដេជ្ញា​រាយការណ៍​អំពី​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា»
យ៉ាងនេះក្ដី វិទ្យុ​អាស៊ីសេរី ថា នឹង​បន្តផ្សាយព័ត៌មានអំពី​បញ្ហា និង​ព្រឹត្តិការណ៍នានាក្នុងសង្គម​កម្ពុជា តាមរយៈ រលកធាតុអាកាស​វិទ្យុ​កម្រិត​ទាប តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ យូធូប  (YouTube) និង​គេហទំព័រ​អនឡាញ (www.rfa.org/khmer/) បន្ត​​ទៀត។
វិទ្យុ​អាស៊ីសេរី ដែលគាំទ្រថវិកា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយនេះ អះអាងថា ខ្លួនបាន ប្រតិបត្តិការ​ក្នុងប្រទេសកម្ពុជា អស់​រយៈពេល​ជិត២០​ឆ្នាំ​​ហើយ និងថា បាន​ផ្ដល់ឲ្យប្រជាពលរដ្ឋ​កម្ពុជា នូវ​ដំណឹង និង​ព័ត៌មាន​ឯករាជ្យ ប្រកប​ដោយ​ភាព​ជឿជាក់ និង​ជា​ទី​ទុក​ចិត្ត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger