សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 15, 2017

ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ​កំពុង​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ ដោយសារ​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។
ខុទ្ទកាល័យ​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ បាន​យាង​ចូល​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ​តាំង​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ វិច្ឆិកា មក​ម្ល៉េះ។
យ៉ាង​ណា​ក៏ដោយ ទីប្រឹក្សា​របស់​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ លោក​ជំទាវ ម៉ម ដាថាលីណែត ថ្លែង​ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា គិត​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​របស់​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មាន​ភាព​ប្រសើរ​ឡើង​ជា​បណ្ដើរៗ​ហើយ ក៏ប៉ុន្តែ​ព្រះអង្គ​នៅ​ពុំ​ទាន់​អាច​កម្រើក​ព្រះ​កាយ​ផ្នែក​ខាង​ឆ្វេង​បាន​នៅ​ឡើយ​ទេ។ ទីប្រឹក្សា​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ដដែល​រូប​នេះ​បន្ត​ថា បញ្ហា​ជំងឺ​របស់​ព្រះអង្គ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ហើយ​ថា ជំងឺ​របស់​ព្រះអង្គ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បើ​ទោះ​បី​ជា​លោក​ជំទាវ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​ទើប​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ អាច​យាង​ចេញ​ពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ហើយ​អាច​ចូល​បម្រើ​ការងារ​ដូច​ធម្មតា​ឡើង​វិញ​នោះ។
ក្រៅ​ពី​តួនាទី​ជា​ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ក៏​មាន​តួនាទី​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក ៩​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ព្រះអង្គ​ក៏​ជា​ស្ថាបនិក និង​​ជា​ព្រះប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) ដែល​ជា​វិទ្យាស្ថាន​ក្រុមប្រឹក្សា​យោបល់ និង​ស្រាវជ្រាវ (Think-Tank) ដ៏​ល្បី​ឈ្មោះ​របស់​កម្ពុជា។
ក្នុង​ពេល​អតីតកាល ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ធ្លាប់​បម្រើ​តួនាទី​ជា​សហឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​សមាជិក​ព្រឹទ្ធ​សភា និង​ជា​សមាជិក​រដ្ឋ​សភា។
ព្រះអង្គ​បាន​យាង​ចូល​បម្រើ​ក្នុង​វិស័យ​នយោបាយ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​១៩៧១ មក​ម្ល៉េះ។ ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ព្រះអង្គ​ម្ចាស់ នរោត្តម សិរិវុឌ្ឍ គឺ​ជា​ព្រះ​អនុជ​មាតា​ទីទៃ​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ។ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មាន​ព្រះជន្ម ៦៦​ព្រះវស្សា។
ព្រះអង្គម្ចាស់នរោត្តម សិរិវុឌ្ឍធ្លាប់មានព្រះជាយាជាជនជាតិបារាំង ដោយមានបុត្រចំនូន២អង្គ។ ក្រោយមកព្រះអង្គបានលែងលះជាមួយជាយាជាជនជាតិបារាំងនោះ ហើយក៏រៀបអភិសេក ជា សម្ងាត់ជាមួយព្រះជាយាថ្មីមួយទៀត ជាជនជាតិខ្មែរយើងវិញ គឺអ្នកម្នាង វាសនា ឌីណា៕

 ព្រអអង្គម្ចាស់ នរោត្តម សេរីវុធ និងអ្នកម្នាង វាសនា ឌីណា។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger