សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 21, 2017

រដ្ឋសភាគ្រោងតែងតាំងសមាជិក គ.ជ.បថ្មីជំនួសសមាជិក ៣រូបបានសុំលាលែង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សមាជិកគ.ជ.ប ​លោកស្រី តែ ម៉ានីរ៉ុង លោក រ៉ុង ឈុន និងអនុ​ប្រធាន​ គ.ជ.ប.
 លោក គួយ ប៊ុនរឿន។


អគ្គលេខាធិការរដ្ឋសភាបានឲ្យដឹង​ថា រដ្ឋសភាកំពុង​ត្រៀមជ្រើសរើសក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់​ពី​សមាជិក​ គ.ជ.ប. ៣​រូប​កូតា​គណបក្ស​ប្រឆាំង បាន​ស្នើ​សុំ​លាលែង​ពី​តួនាទី ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង។
អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ម្សិល​មិញនេះ។
មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប បាន​លើក​ឡើងនៅ​ក្នុង​លិខិត​ស្នើ​សុំ​លា​លែង​ពី​តំណែង​នោះ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បែង​ចែក​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ​ទៅ​ឲ្យ​បក្ស​ផ្សេង​ទៀត ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​នោះ គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត ព្រម​ទាំង​បាន​រំលោភ​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានអះអាងនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា រដ្ឋសភា បា​ន​ទទួល​​​លិខិតពីសមាជិក គ.ជ.ប. បីរូបដែលសុំលាលែងពីតំណែងកាលពីថ្ងៃចន្ទម្សិលមិញ ដោយថា​ នៅ​ក្នុង​សង្គម​ប្រជា​​ធិប​តេយ្យ ការសុំលាលែងពីតួនាទី គឺ​ជាសិទ្ធិរបស់បុគ្គល។
លោក ឡេង ប៉េងឡុង បាន​អះ​អាង​ថា គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​​​​នៃរដ្ឋសភា បានពិនិត្យសំណើរ នោះរួចហើយ​ ហើយ​ថា ​រដ្ឋសភាកំពុង​​ត្រៀម​ជ្រើស​​រើសសមាជិក គ.ជ.​ប.ថ្មី ​សម្រាប់​ជំ​នួសអ្នកទំាង បីរូបនោះ មិនឲ្យផុតពីកន្លះខែនោះទេ។
លោកមាន​ប្រសាសន៍ថា៖ «យើងកំពុងធ្វើ យើងកំពុងដំណើរការជ្រើសរើសអ្នកជំនួស[សមាជិក គ.ជ.ប បីរូប] បើតាមច្បាប់ប្រហែល១៥ថ្ងៃ»
លោក ហ៊ីង ធីឫទ្ធិ ​គឺ​ជា​សមាជិក​មួយ​រូប​ទៀត​នៃ​ថ្នាក់​ដឹកនាំ គ.ជ.ប. ដែល​ជ្រើស​រើស​ដោយ​គណបក្ស​ប្រឆាំង​នោះ ប៉ុន្តែ ឈ្មោះ​លោក​ពុំ​មាន​នៅ​ក្នុង​លិខិត​ស្នើ​សុំ​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ​ឡើយ។
គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧​ថា អាសនៈ​សភា​ចំនួន ៥៥​របស់​បក្ស​ប្រឆាំង នឹង​ត្រូវ​បែង​ចែក​ទៅ​គណបក្ស​ចំនួន ៦ ដែល​ពុំ​ទទួល​បាន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger