សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, November 20, 2017

លោកហ៊ុន សែនជំរុញឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា ដេីម្បីឲ្យNGOs ឆាប់ស្លាប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅ​អាមេរិកឲ្យ​កាត់ជំនួយ​ទាំង​អស់ ដោយ​ថា ការ​កាត់​ជំនួយ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់អង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្រោមការឧបត្ថម្ភ​ពីអាមេរិក ទៅ វិញនោះទេ។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ខែ​វិច្ឆិកា ក្នុងពិធី​សំណេះសំណាលជាមួយ​កម្មករកម្មការិនី​ជាង ៤​ពាន់នាក់​នៅឯកោះ​ពេជ្រ។
លោក ហ៊ុ​ន សែន បានលើកឡើងថា៖ «ហើយយកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែ ម្ដង ព្រោះកាត់​ទៅវាងាប់អា NGO [អង្គការក្រៅរដ្ឋាភិបាល] ក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូន របស់ឯងតែម្ដងទៅ ស្អីឡើងកាត់ៗ កាត់ទៅ»

លោក ហ៊ុន សែន ថា កម្ពុជាមិនអាចឱនក្បាល និងធ្វើឲ្យបាត់បង់អធិប​តេយ្យ​ភាព ឯករាជ្យជាតិ នោះទេ ដោយ​គ្រាន់​​តែ​ចង់បានជំនួយបរទេសបន្តិចបន្ទួចនោះ។
លោក ហ៊ុ​ន សែន បន្ថែមថា បន្ទាប់ពីអាមេរិកប្រកាសកាត់ជំនួយដល់​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC)មក លោក​បាន​ទៅចរចាជាមួយចិន ​ហើយចិន​បាន​យល់​ព្រមផ្ដល់​ជំនួយ​ដល់​ស៊ីម៉ាក់​ទាំង​អស់ ទើប​អាមេរិក​​បានព្រមផ្ដល់​ជំនួយ​ឲ្យកម្ពុជា​វិញ ព្រោះអាមេរិកព្រួយ​បារម្ភ​​ខ្លាច​ចិន​ដើរ​តួនាទី​ជំនួស​ខ្លួននៅកម្ពុជា។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បន្ថែមថា លោកមិនខ្លាចនឹងការគម្រាមដាក់ទណ្ឌកម្មលើ ការបញ្ជារទិញទំនិញ​ពី​កម្ពុជា​នោះទេ ដោយសារចំនួនអ្នកបញ្ជាទិញមានខ្ពស់ជាងឆ្នាំមុន ហើយ​លោក​ថា អ្នក​ដែល​គម្រាម​បិទ​បញ្ជា​ទិញ​នោះ ​នឹងប្រឈម​មុខ​ជា​មួយ​វិស័យ​ឯកជនរបស់ខ្លួនដែល បានចុះកិច្ច​សន្យា​ជាមួយកម្ពុជារួចហើយ។
ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។
បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នោះ បាន​លើក​ឡើង​ថា កម្ពូជា​កំពុង​ឃ្លាត​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​រំលោភសិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តចាត់ការ គណបក្សប្រឆាំងទៅតាមច្បាប់ដដែល រហូតដល់ថ្ងៃនេះក្រុមមន្ត្រីគណបក្សកាន់អំណាចបាននាំគ្នាតម្លាក់ស្លាក និងពាក្យស្លោករបស់ គណបក្សប្រឆាំងចោលនៅទូទាំងប្រទេសទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger