សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 22, 2017

ស៊ុយអែតប្រកាសផ្តាច់ជំនួយពីកម្ពុជា បន្ទាប់ពីលោកហ៊ុន សែនរំលាយបក្សប្រឆាំង បានជោគជ័យ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកស្រី ឯកអគ្គរដ្ឋទូតប្រទេស ស៊ុយអ៊ែត Maria-Sargren ប្រចាំកម្ពុជា។


ស្ថានទូត​ស៊ុយអែត​ប្រចាំក​ម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថាប្រទេស​នេះ​កំពុង​តែ​សើរើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​​ស្ថានភាព​នយោបាយ​កំពុង​វវិឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ស៊ុយអែត បាន​ចាត់​ទុក​ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ស្ថានទូត​ស៊ុយអែត​ប្រកាស​ថា រដ្ឋាភិបាល​ស៊ុយអែត​បញ្ជាក់​ច្បាស់​ថា នឹង​ផ្ដោត​លើ​កិច្ច​សហការ​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បង្កើន​ការ​គាំ​ទ្រ​ដល់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។
ផ្ទុយ​ទៅ​វិញ ស្ថានទូត​ស៊ុយអែត បញ្ជាក់​ថា ប្រទេស​នេះ​បាន​សម្រេច​មិន​ផ្ដួច​ផ្ដើម​កិច្ច​សហប្រតិបត្តិ ការ​ផ្នែក​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ លើក​លែង​តែ​វិស័យ​អប់រំ និង​ការ​ស្រាវ​ជ្រាវ​តែ​ប៉ុណ្ណោះ។
អគ្គរាជទូត​ស៊ុយអែត​ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លោកស្រី អេននីកា ប៊ិន ដេវីត បាន​ថ្លែង​ព្រមាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​​ថា ស៊ុយអែត​នឹង​ពិចារណា​លើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ត្រូវ​បាន​រំលាយ​ចោល​នោះ។
សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​ថា ជា​ការ​ដើរ​ឃ្លាត​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ សហគមន៍​អន្តរជាតិ​ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ផង​ដែរ បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​បក្ស​ប្រឆាំង ហើយ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំ និង​សមាជិក ១១៨​នាក់​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger