សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, March 26, 2018

មេ​ឈ្មួញ សាន ច​យ កំពុង​បំផ្លាញ​ព្រៃឈើ​ចុងក្រោយឲ្យវិនាស ហិនហោចនៅខេត្តរតនគិរី និងមណ្ឌលគិរី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មេឈ្មួញសាន ចយ និងគំនរឈេីរបស់ខ្លួន ដែលត្រៀមដឹកយកទៅលក់នៅ
ស្រុកយួន យ៉ាងគឃ្លេីន។

​មេ​ឈ្មួញ សាន ច​យ ដែលត្រូវជាពូបង្កេីតរបស់ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ដល្បីឈ្មោះ នៅខេត្ត ត្បូងឃ្មុំនោះ កំពុងកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​សហគមន៍​អូរ​ល្វា​ក់ ជាប់​ព្រំប្រទល់​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដ៏វិនាសហិនហោច។
ប្រភពពីប្រជាសហគមន៏ឲ្យដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ សាន ច​យ បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​សហគមន៍​អូរ​ល្វា​ក់ យកទៅ​ស្តុក​ទុក​ក្នុង​ចម្ការ​ដូងប្រេង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដូនពេញ ហើយ​បន្ទាប់មក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។
លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា គិតតែ​ពី​រឿង​ផលប្រយោជន៍​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើឈ្មោះ សាន ចយ ​យ៉ាង​មហន្តរាយ​។
​ថ្មីៗ​នេះ​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​អូរ​ល្វា​ក់ ជាប់​ព្រំប្រទល់​រវាង​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ត្រូវបាន​មេ​ឈ្មួញ សាន ច​យ បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មិនឃើញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​មេ​ឈ្មួញ សាន ច​យ អាច​កាប់​ឈើ​និង​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​តោន​ចេញពី​តំបន់​អូរ​ល្វា​ក់ ឆ្លងកាត់​ស្រុក​លំផាត់ ក្រុង​បាន​លុង តាមផ្លូវ​ជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​។​
​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​អូរ​ល្វា​ក់ បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​មេ​ឈ្មួញ សាន ច​យ បាន​ប្រមូល​កម្មករ​និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ប្រភេទ​វ៉េ​អង(V1) ដែលមាន​ចំណុះ​រាប់សិប​ម៉ែត្រគូប​ឬ​រាប់សិប​តោន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​លើកឡើងថា ទំនងជា​មេ​ឈ្មួញ សាន ច​យ ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ល្វា​ក់ យ៉ាង​រលូន​ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​។​
​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា មួយផ្នែក​នៃ​ឈើ​ដែល​មេ​ឈ្មួញ សាន ច​យ ចូល​កាប់​និង​ប្រមូល​ទិញ​ក្នុងព្រៃ​សហគមន៍​អូរ​ល្វា​ក់ ត្រូវបាន​ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​នៅក្នុង​ចម្ការ​ដូងប្រេង​របស់​ក្រុមហ៊ុន​ដូនពេញ​។ នៅពេល​ប្រមូលបាន​ច្រើន​ទើប​មេ​ឈ្មួញ សាន ច​យ ប្រើប្រាស់​រថយន្ត​ប្រភេទ​វ៉េ​អង ចំណុះ​រាប់សិប​ម៉ែត្រគូប​ដឹក​ចេញពី​ចម្ការ​ដូងប្រេង​ក្រុមហ៊ុន​ដូនពេញ ឆ្ពោះទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅក្នុង​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សាន ច​យ ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​ល្វា​ក់ ឲ្យ​វិនាស​សាបសូន្យ​នោះទេ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ ដែលជា​មេការ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប ក៏​កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ល្វា​ក់ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ចូលទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុកផង​ដែរ​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​នៅក្នុងខេត្តនេះ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក សាន ចយ និងលោក ស្រេង ម៉េងដេីម្បីសម្ភាស បន្ថែមពីព័ត៌មានខាងលេីនេះបានទេ នៅថ្ងៃនេះ៕







0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger