សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 13, 2018

កម្មករ​ដែលថៅកែរោងចក្ររត់ចោលចង់​ឲ្យ​ក្រសួងការងារ​ស្វែងរក ​ម្ចាស់​រោងចក្រ​មកដោះស្រាយ បញ្ហាប្រាក់ឈ្មួល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

កម្មករ-កម្មការនីរោងចក្រ ឈរយាមនៅច្រកចូលរោងចក្រដែលចៅកែរត់ចោល តាំងពី
ថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៏មុន នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រី​ពី​ក្រសួង​ការងារ​បាន​ជួប​ជាមួយ​កម្មករ​មកពី​រោងចក្រ​ ៣ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​ម្ចាស់​រោងចក្រ​បាន​គេច​ខ្លួន​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​កាលពី​សប្តាហ៍​មុន ខណៈ​កម្មករ​កំពុង​ទៅ​ស្តាប់​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពីថ្ងៃ ពុធ កន្លងមក។ ហេីយកម្មករ​ចង់​ឲ្យ​ក្រសួង​ស្វែងរក​ម្ចាស់​រោងចក្រ​ដែល​គេច​ខ្លួន​មកដោះស្រាយ បញ្ហាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៏ផ្សេងទៀត ដែលថៅកែរោងចក្រមិនបានបេីកជូនពួក គាត់ មុនពេលរត់គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៏មុន។។
ប៉ុន្តែ អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ មិន​បាន​ថ្លែង​អំពី​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ទេ ប៉ុន្តែ​កម្មករ​បាន​ថ្លែង​ថា ពួកគេ​ត្រូវ​បាន​មន្ត្រីក្រសួងការងារផ្តល់​ឲ្យ​នូវ​ជម្រើស​ ២ ​គឺ លក់​ទ្រព្យ សម្បត្តិ​ដែល​នៅ​សល់​របស់​រោងចក្រ ឬ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​។
ទោះ​យ៉ាង​ណា​ក្តី​លោក សូត ចេត មន្ត្រី​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ដែល​តំណាង​ឲ្យ​កម្មករ​បាន​ថ្លែង​ថា កម្មករ​ចង់​ឲ្យ​ក្រសួង​ស្វែងរក​ម្ចាស់​រោងចក្រ​ដែល​គេច​ខ្លួន​ជា​មុនសិន​។
លោក​សូត ចេត បាន​ថ្លែង​ថា មន្ត្រី​ក្រសួង​ «គ្រាន់តែ​ព្យាយាម​បញ្ចុះបញ្ចូល​កម្មករ​ឲ្យ​ទទួល​យក​នូវ​ដំណោះស្រាយ​លក់​ទ្រព្យសម្បត្តិ​រោងចក្រ​» លោក​បន្ត​ថា​៖ «ទោះជា​យ៉ាង​ណា​ក្តី ការ​លក់​ទ្រព្យ សម្បត្តិ​នឹង​មិន​ទទួល​បាន​ប្រាក់​ច្រើន​ទេ ដូច្នេះ​កម្មករ​មិន​ចង់​បាន​ដំណោះស្រាយ​នេះ​ទេ​»
លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារបាន​បដិសេធ​និយាយ​ថា​តើ​រដ្ឋាភិបាល កំពុង​ទាក់ទង​ជាមួយ​ម្ចាស់​រោងចក្រ​ទាំង​ ៣ ​នេះ​ ឬ​អត់​នោះ​ទេ ដែល​ជា​រោងចក្រ​កម្មសិទ្ធិ​របស់​ចិន​តៃវ៉ាន់​រួមមាន​រោងចក្រ Yu Da Garment Industry, Yu Fa Garment Industry និង S.R.E. Garment Co. Ltd.។ លោក ហេង សួរ បាន​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​គិត​ថា នៅ​ប្រទេស​ណា​ក៏ដោយ ពួកគេ​នឹង​មិន​ប្រាប់​អំពី​ការ​ចរចា​នោះ​ទេ។ វាអាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​»
លោក​បន្ថែម​ថា​៖ «ទុក​ឲ្យ​ដំណើរការ​នេះ​ចប់​សិន​»«យើង​ដឹង​អំពី​របៀប​នាំ​យក​ភាគី​ទាំង​ ២ ​មក​ជួប​គ្នា​»
គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​កំណត់​អត្តសញ្ញាណ​ជនជាតិ​តៃវ៉ាន់ ឈ្មោះ Mei-Fen Lee ជា​ម្ចាស់​រោងចក្រ Yu Fa Garment Industry ស្ត្រី​ម្នាក់​ដែល​បាន​លើក​ទូរស័ព្ទ​នៅ​ក្រុមហ៊ុន​បាន​ដាក់​ទូរស័ព្ទ​ចុះ​កាលពី​ម្សិលមិញ​​នៅពេលសារព័ត៌មានជាតិខ្មែរព្យាបាមទាក់ទង។
ករណី​ម្ចាស់​រោងចក្រ​រត់​គេច​ខ្លួន​បាន​ក្លាយ​ជា​បញ្ហា​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​លើក​ឡើង​នូវ​គំនិត​កាលពី​ឆ្នាំ​ ២០១៧កន្លងទៅថ្មីៗនេះ  ​អំពី​ការ​តម្រូវ​ឲ្យ​រោងចក្រ​ផ្តល់​ប្រាក់​បំណាច់​កិច្ចសន្យា​នៅ​រាល់​ការបញ្ចប់​កិច្ចសន្យា​នីមួយៗ​។
ក្រុម​អ្នកតស៊ូ​មតិ​សិទ្ធិ​ការងារ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ស្រដៀង​គ្នា​។
លោកស្រី Esther Germans ប្រធាន​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តួអង្គ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ និង​មន្ត្រី​រដ្ឋាភិបាល​គួរ​ពិចារណា​តម្រូវ​ឲ្យ​រោងចក្រ​ដាក់​ប្រាក់​តម្កល់​។
លោកស្រី Germans បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «ប្រាក់​កក់​របស់​រោងចក្រ​អាច​ប្រើ​ដើម្បី​សង​ប្រាក់​ឈ្នួល​កម្មករ ប្រាក់​បំណាច់​ និង​អត្ថប្រយោជន៍​ដទៃ​ទៀត នៅពេល​ម្ចាស់​រោងចក្រ​រត់​ចោល​កម្មករ​»
ទោះបី​យ៉ាង​ណា​ក្តី អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ថ្លែង​ថា កម្មករ​ត្រូវ​បាន​ការពារ​យ៉ាង​ខ្លាំង​រួច​ហើយ ហើយ​ថា​កម្មករ​នៃ​ក្រុមហ៊ុន​ណា​ក៏ដោយ​អាច​មាន​ហានិភ័យ​ដែល​និយោជក​របស់​ពួកគេ​ក្ស័យធន​។ លោក​បាន​ថ្លែង​ថា​៖ «វា​គឺ​ដូច​ក្រុមហ៊ុន​ធ្វើការ​ជម្រះ​បញ្ជី​។ វា​គ្មាន​អ្វី​ពិសេស​ទេ​»
ទោះ​យ៉ាង​ណា​លោក ខេន លូ បាន​ទទួល​ស្គាល់​ថា ការ​លក់​ទ្រព្យសម្បត្តិ​រោងចក្រ​ជាធម្មតា​មិន​គ្រប់គ្រាន់​ក្នុង​ការ​សង​ការ​ខាតបង់​របស់​កម្មករ​ទេ​។
លោក​​ ខេន លូ បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​ក្រុមហ៊ុន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​សងបំណុល​ទាំង អស់ នោះ​វា​នឹង​មិនមែន​ជា​ការ​ជម្រះ​បញ្ជី​នោះ​ទេ​»
កម្មការិនី​អាយុ​ ៣៦ ​ឆ្នាំ​ម្នាក់​ឈ្មោះ ដឹក ដឿន ដែល​មាន​ផ្ទៃពោះ ៨ ខែ និង​ធ្វើការ​នៅ​រោងចក្រ Yu Da អស់​រយៈពេល​ ៩ ​ឆ្នាំ​មក​ហើយ បាន​សម្ដែង​ការ​ខក​ចិត្ត​អំពី​ស្ថានភាព​នេះ​។
អ្នកស្រី​បាន​និយាយ​ថា​៖ «វា​មើល​ទៅ​អាក្រក់​ដែល​និយោជក​បរទេស​អាច​ធ្វើ​ដូចនេះ​យ៉ាង​ងាយ ស្រួល​នៅ​ក្នុង​ប្រទេស​របស់​យើង គេច​ខ្លួន​ដោយ​មិន​ទទួល​ខុសត្រូវ​»។ អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «...យើង​ដែល​ជា​កម្មករ មើល​ទៅ​ដូច​សំរាម យើង​ខំ​ធ្វើការ​ណាស់ នៅ​ទី​បញ្ចប់ យើង​មិន​ទទួល​បាន​សូម្បី​តែ​ប្រាក់ខែ​»
ទាក់ទងនឹងថៅកែរោងចក្រកាត់ដេរ រត់ចោលកម្មករនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាមិនទាន់មាន ប្រតិកម្មអ្វីនៅឡេីយនោះទេ ទាំងការថ្លែងជាសាធារណះ និងនៅលេីបណ្តាញសង្គមហ្វេសប៊ុក របស់លោក៕
 ឧបករណ៍និងសម្ភារះកាត់ដេរ នៅក្នុងរោងចក្រដែលថៅកែរត់ចោលកម្មករ ហេីយ
ក្រសួងការងារស្នេីរឲ្យកម្មករយល់ព្រមលក់សម្ភារះទាំងនេះ យកលុយមកសងថ្លៃ
ប្រាក់ឈ្នួលវិញ។ 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger