សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 19, 2018

​ប្រទេស​អាល្លឺម៉ង់​សម្រេច​ព្យួរ​ទិដ្ឋាការ​សម្រាប់​លោកហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជាដទៃទៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកឧបនាយករដ្ឋមន្ត្រី ស ខេងកំពុងរងនូវ
ទណ្ឌកម្មទិដ្ឋកាពីប្រទេសអាល្លឺម៉ង់។

​ប្រទេស​អាល្លឺម៉ង់​សម្រេច​ព្យួរ​ទិដ្ឋាការ​សម្រាប់​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដទៃ​ទៀតនៅក្នុងជួរគណះរដ្ឋមន្ត្រីរបស់លោក ជុំ​វិញ​អ្វី​ដែល​អាល្លឺម៉ង់ និងសហគមន៍​អឺរ៉ុប​​ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ប្រជាធិតេយ្យ​កម្ពុជា​ធ្លាក់​ចុះ​។
កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ បាន​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​លក្ខណៈ​ឯកជន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក និង​សមាជិក​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។
រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​សម្រេច​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​កម្ពុជាបែប​នេះ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​កែ​ប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​ត្រឡប់​ទៅ​ដូច​ដើម​វិញ​នោះ។
បើ​តាម​ការ​ចុះផ្សាយ​ដដែល​នេះ ជំហរ​រដ្ឋាភិបាល​អាល្លឺម៉ង់​បែប​នេះ បាន​កើត​ឡើង​នៅ​មុន​ដំណើរ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ។
អ្នក​វិភាគ​នយោបាយ​ជើង​ចាស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ជំហរ​បែប​នេះ​របស់​អាល្លឺម៉ង់ ទំនង​ជា​ចង់​បង្ហាញ​ទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ឲ្យ​ងាក​ទៅ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។
បើ​តាម​អ្នក​វិភាគ​នយោបាយ​រូប​នេះ ប្រទេស​កម្ពុជា​នឹង​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច និង​ការទូត ប្រសិន​បើ​មេដឹកនាំ​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ដដែល ដោយ​មិន​សម្រប​សម្រួល​តាម​សេចក្ដី​សម្រេច​របស់​បណ្ដា​ប្រទេស​លោក​សេរី​ទេ​នោះ។
លោកយល់ថា៖«ជាតិមួយ មេដឹកនាំ គេបិទទ្វារមិនឲ្យ​ចូលផ្ទះគេ វាអត់ល្អទាល់តែសោះ​ ប្រហែលជាគិតតែពីរឿងអំណាច​ច្រើនជាង ហើយនឹង​ពឹងផ្អែកលើមហាអំណាច​មួយ​ពីរ ដូចជាប្រទេសចិន​ ទៅមក​ទៅមក​ យើងរស់នៅក្នុងពិភព​តូច។ ពីមុន ពិភពលោកទាំងមូល​ ឥឡូវ​រួញមក​ទៀត​»
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា ដំណាក់កាលនេះអ្នកនយោបាយខ្មែរហាក់កំពុង​ជួយការពិបាក​ក្នុង​ការ​រកដំណោះស្រាយ​នយោបាយ​ឲ្យបានល្អដូចសភាពដើមវិញ ខណៈការបោះឆ្នោតថ្នាក់ ជាតិ​ខិតជិតមក​ដល់។ យ៉ាងណាក៏ដោយលោកថា ដើម្បីកុំឲ្យកម្ពុជារងសម្ពាធអន្តរជាតិ អ្នកនយោបាយខ្មែរត្រូវ​យកបញ្ហាដោះស្រាយគ្នា​ ដោយគិតប្រយោជន៍ជាតិជាធំ ទើប​នាំ​​នាវា​កម្ពុជា​​ឈាន​ទៅ​រក​​ឯកភាព​ជាតិ​ពិត​ប្រាក​ដ​។​
លោកមានប្រសាសន៍ថា«ខ្ញុំចង់ឃើញ ការផ្លាស់ប្តូរ ដោយសុចិត ដោយសុឆន្ទៈពិតប្រាកដ​ពីអ្នកដឹកនាំខ្មែរ ជាជាង​ការទទួលរងពីសម្ពាធ ពីខាង​ក្រៅ​ ដូចយើង​ឃើញ​ហើយសម្ពាធពីក្រៅ​ ពេលខ្លះវាមានប្រសិទ្ធិ​ភាព​នៅពេលគេធ្វើ ប៉ុន្តែក្រោយ​មក​ខ្មែរយើង​វិលទៅរកក្រឡាចាស់​វិញដដែល ដូច​គេថា និយាយថា​កន្ទុយខ្វៀន​​​​​ មក​ខាំតែ​កន្ទយខ្លួនឯងដដែល»
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី៦ខែធ្នូថា បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ បន្ទាប់​ពី​គណបក្ស​ប្រឆាំ​ង​ដ៏​ធំ​នៅ​កម្ពុជា​ត្រូវ​បាន​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។
ក្រោយមក​ទៀត កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សហគមន៍​អឺរ៉ុបបាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្មដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន ដោយថា ការទណ្ឌកម្មនេះគឺ ចង់ឲ្យរដ្ឋាភិបាលកម្ពុជាស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​។ ប៉ុន្តែលោក នាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៥ ខែធ្នូ​បានថ្លែងក្នុងកម្មវិធីមួយថា លោកមិនខ្វល់ចំពោះការដាក់ទណ្ឌកម្មនេះទេ ហើយថា ការ​ដាក់​ទណ្ឌកម្ម​នោះមិន​ប៉ះពាល់​ដល់​រូប​លោក​នោះឡើយ​។ លេីសពីនេះ គេសង្កេតឃេីញលោកហ៊ុន សែនចេញមុខប្រឆាំងនឹងអាមេរិកដោយប្រេីពាក្យធ្ងន់ៗទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger