សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 7, 2018

រដ្ឋាភិបាល​ចិនប្រកាសប្រឆាំងជនជាតិចិនរកស៊ីខុសច្បាប់ នៅកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកប្រធានាធិបតីចិន ស៊ី ហ្សីនពីន (Xi Jinping)
ជួបគ្នាកន្លងមក។
រដ្ឋាភិបាល​ចិន ប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​អ្នក​វិនិយោគ​ចិន ឬ​ជន​ជាតិ​ចិន ទាំង​ឡាយ​ណា​ដែល​បានកំពុងរស់នៅនិងរកស៊ីមិនស្របច្បាប់នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ។
រដ្ឋាភិបាលចិនក៏ព្រមានជនជាតិរបស់ខ្លួន​ដែលមាន​បំណង​ចង់​មក​បណ្ដាក់​ទុន​សាងសង់​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ ឬ​យក​ទីតាំង​ខេត្ត​នេះ ធ្វើ​ជា​កន្លែង​លេងល្បែង​ស៊ីសង និង​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ខុស​ច្បាប់។ ភាគី​ចិន ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​មិន​គាំទ្រ​រាល់​សំណើ​ទាំង​ឡាយ​ណា​ដែល​ចង់​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​ទីក្រុង​ស៊ិនជិន​ទី​ពីរ ឬ​ឆាយណា​ថោន (China Town)
​ការ​ប្រកាស​នេះ ធ្វើ​ឡើង​តាម​រយៈ​ស្ថានទូត​ចិន នៅ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ​នេះ ដែល​ហាក់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​នានា​ជុំវិញ​បញ្ហា​អសន្តិសុខ និង​ការ​បាត់បង់​សណ្ដាប់ធ្នាប់ ដោយសារ​តែ​ការ​ហូរ​ចូល​ជា​គំហុក​នូវ​ជនជាតិ​ចិន ក្នុង​ទឹក​ដី​ខេត្ត​ព្រះសីហនុ នេះ។
​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​នេះ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ស្យុង បូ លើក​យក​ហេតុផល​ថា ការ​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​តំបន់​មួយ​ដែល​សម្បូរ​​ដោយ​កាស៊ីណូ​នេះ នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់​ផលប្រយោជន៍​របស់​វិនិយោគិន​ចិន នៅ​ខេត្ត​ព្រះសីហនុ។ លោក​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ការណ៍​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ទេសចរណ៍​របស់​ជនជាតិ​ចិន ព្រមទាំង​ប៉ះពាល់​សម្រាប់​រយៈពេល​យូរ​អង្វែង​ដល់​អនាគត​ការ​អភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ ផង​ដែរ។ លោក ស្យុង បូ លើក​ឡើង​ថា ភាគី​ចិន នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា រួមគ្នា​កសាង​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយ​ទៅ​ជា​កំពង់ផែ​ខ្នាត​អន្តរជាតិ ដែល​អាច​ទាក់ទាញ​វិនិយោគិន​ចិន កាន់​តែ​ច្រើន​ឡើង​ឲ្យ​មក​វិនិយោគ​នៅ​ខេត្ត​នេះ​បន្ត​ទៀត។
ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​កម្ពុជា ឲ្យ​អនុវត្ត​ច្បាប់​ឲ្យ​បាន​យ៉ាង​តឹងរ៉ឹង​បំផុត ពោល​គឺ​មិន​ត្រូវ​បន្ធូរបន្ថយ​ទោស​ដោយសារ​តែ​គិត​ដល់​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​កម្ពុជា ឡើយ ចំពោះ​ជនសង្ស័យ​ជា​ជន​ជាតិ​ចិន ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ច្បាប់​នៅ​កម្ពុជា។
​កាល​ពី​ពេល​ថ្មីៗ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន់ មីន បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​បញ្ជាក់​អំពី​បញ្ហា​នៃ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក យន់ មីន បញ្ជាក់​ថា កំណើន​ជនបរទេស​ក្នុង​ខេត្ត​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន ដូចជា បង្ក​ឱកាស​ដល់​ជនជាតិ​ចិន ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទល្មើស បង្ក​អសន្តិសុខ និង​ចាប់​ជំរិត​អ្នក​វិនិយោគ។ ជនបរទេស​មួយ​ចំនួន​គេចវេះ​មិន​ព្រម​បំពេញ​បែប​បទ​តាម​នីតិវិធី ខ្លះ​បើក​បរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ខ្លះ​ផឹក​ស៊ី ឡូឡា និង​វាយ​តប់​គ្នា​តាម​ទី​សាធារណៈ។ ចំណែក​ស្លាក​យីហោ​ហាង សណ្ឋាគារ កាស៊ីណូ និង​ការដ្ឋាន​ខ្លះ សរសេរ​អក្សរ​បរទេស​សុទ្ធ ឬ​សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស​ជាដើម។
​បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ មាន​វត្តមាន​ជនជាតិ​ចិន សរុប​ជិត ៤.៥០០​នាក់។ ខេត្ត​នេះ​មាន​កាស៊ីណូ​ចុះ​បញ្ជី​ស្រប​ច្បាប់​សរុប​ចំនួន ២៤​កាស៊ីណូ ហើយ​ភាគ​ច្រើន​នៃ​កាស៊ីណូ​ទាំង​នេះ ប្រតិបត្តិ ឬ​វិនិយោគ​ដោយ​វិនិយោគិន​ជនជាតិ​ចិន។
ទោះជាយ៉ាងណា ប្រទេសចិនបានផ្តល់ជំនួយហិរញ្ញវត្ថុនិងការគាំទ្រផ្នែកនយោបាយច្រេីនជាង គេបង្អស់មកឲ្យរដ្ឋាភិបាលកម្ពុជា នាពេលចុងក្រោយនេះ បន្ទាប់ពីតុលាការកំពូលបានរំលាយ គណបក្សសង្គ្រោះជាតិចោលនៅថ្ងៃ ទី ១៦ វិច្ឆិកា ឆ្នាម២០១៧ តាមបណ្តឹងរបស់រដ្ឋាភិបាល​ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger