សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 9, 2018

កម្មករ- កម្មការនីជិត ២ពាន់​នាក់ បម្រើ​ការ​នៅ​រោងចក្រ៤ផ្ទុះការ តវ៉ាដោយចោទថាថៅកែរត់ចោល មិនបេីកប្រាក់ខែ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
  ប្រមុខរាជរដ្ឋាភិបាល ជូនថវិកាដល់កម្មការនីមានផ្ទៃពោះ កាលពីថ្ងៃពុធ នៅខណ្ឌពោធិ៍
សែនជ័យ គឺមុនពេលមួយថ្ងៃ នៃការផ្ទុះបាតុកម្ម កាលពីម្សិលមិញ។

កម្មករ- កម្មការនីជិត ២ពាន់​នាក់ បម្រើ​ការ​នៅ​រោងចក្រ ៤​ ដែល​កាន់​កាប់​ដោយ​ថៅកែ​ចិន​តែ​មួយ បានផ្ទុះការតវ៉ាជាបន្តបន្ទាប់​នៅថ្ងៃនេះ បន្ទាប់​ពី​ពួកគេ​សង្ស័យថា ថៅកែចិន​រូប​នោះ បាន​រត់ចោល ពួកគេ​ដោយ​ពុំ​បាន​បើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
ក្រុម​កម្មករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ច្រក​ទ្វារ​នៃ​​រោងចក្រ​ទាំង ៤ ស្ថិត​នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​​អាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីពួកគេ​ឃើញ​ថា សម្ភារៈត្រូវ​បាន​ដឹក​ចេញពី រោងចក្រ និងបាត់អ្នកគ្រប់អស់ពីក្រុមហ៊ុន។
កម្មករផ្នែកជាងម៉ាស៊ីនធ្វើការនៅរោងចក្រ យ៉ូដា ហ្គាមេន លោក ធុន ពិសិដ្ឋ ឲ្យដឹងថា គណៈគ្រប់ គ្រងក្រុមហ៊ុន បានបាត់ពីរោងចក្រ និងបានលួចដឹកសម្ភារៈ​អស់មួយចំនួនផងដែរកាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ។
លោកបន្ថែមថា៖«យើងធ្វើការសុខៗស្រាប់តែគេរត់ចោលយើងតែម្តង ទៅចោលដោយយើងអត់ ដឹងខ្លួន ដោយ​យប់មិញហ្នឹង អ្នកដែលផ្ទះជួលនៅក្បែររោងចក្រហ្នឹង គេឃើញមានការដឹងអីវ៉ាន ចេញ។ អញ្ចឹង គេក៏ឆោរឡោមក ដើម្បីបានកម្លាំងច្រើន កុំឲ្យថៅកែរោងចក្រហ្នឹងដឹកអីវ៉ានចេញ ហើយមុនហ្នឹងថៅកែដឹកអីវ៉ាន់ចេញជាច្រើនឡាន។ ឥលូវយើងឃាត់បាននៅប៉ុណ្ណឹង យើងអត់ឲ្យវា ចេញអីវ៉ានដើម្បីធ្វើម៉េចឲ្យមានដំណោះស្រាយ។ សំខាន់​គឺ​បើកប្រាក់ខែក៏ដូចប្រាក់អត្ថប្រយោជន៍ ជូនកម្មករសិន»
កម្មករផ្នែកដេរម្នាក់ទៀត អ្នកស្រី ទិត ធឿន ចោទ​ថៅកែរោងចក្រ​នោះ​ថា បាន​រត់ចោលនេះ​ដោយ​មិនបានបើកប្រាក់ឈ្នួលខែ​ចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករទេ ហើយថា កម្មករធ្វើការរោងចក្រនោះ ចន្លោះពី ៧ ទៅ ១០ឆ្នាំ។
អ្នកស្រីបន្ថែមថា «បើសិនបើខាងរោងចក្រគេអត់បើលុយឲ្យ នឹងជួបផលលំបាកច្រើនព្រោះ ចំណាយថ្លៃផ្ទះ ទឹកភ្លើង ខ្វះខាតថ្លៃហូបចុក កូនទៅរៀនយើងខ្វះខាតលុយឲ្យវាចាយព្រោះវារៀន ថ្នាក់ធំយើងត្រូវការលុយ ច្រើន»
អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចុះដោះស្រាយផ្ទាល់ បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ស្រាវ​ជ្រាវ​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ថៅកែ​រោងចក្រ​នោះ​ពិត​ជា​រត់​ចោល​មែន​ឬ​យ៉ាង​ណា។ ប៉ុន្តែ លោក​ថា ក្រសួង​ត្រូវ​ការ​ពេល​វេលា​ ៤៨​ម៉ោង ដើម្បី​បញ្ជាក់​អំពី​បញ្ហា​នេះ។
លោកបន្ថែមថា៖ «ប្រសិនថៅកែរត់ចោលមែន កម្មករនិយោជិត គាត់អាចធ្វើពាក្យបណ្តឹងប្តឹងករណី ហ្នឹងទៅ តុលាការបាន ដើម្បីឲ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់។ តែបើគាត់មិនចង់ប្តឹងទៅ តុលាការ គាត់ធ្វើក្រៅប្រព័ន្ធ​តុលាការ វាជាសិទ្ធិរបស់បងប្អូនកម្មករ»
ប្រធានសហព័ន្ធសហជីពស្ថាបនាសិទ្ធិកម្មករ ដែលចុះដោះស្រាយវិវាទការងារនោះដែរ លោក ម៉ាន់ សា បាន​ប្រាប់​ថា វា​គឺ​ជា​ទង្វើ​ខុស​ច្បាប់ ប្រសិន​បើ​ថៅកែ​រោងចក្រ​នោះ បិទ​រោងចក្រ​ចោល និង​មិន​បាន​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​នោះ។
ស្ត្រី​ម្នាក់​បម្រើ​ការងារ​ផ្នែក​រដ្ឋបាល​នៅ​រោងចក្រ​ យូដា ហ្គាមេន ថ្លែង​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា រោងចក្រ​នេះ ក៏​ពុំ​បាន​ផ្ដល់​ប្រាក់​ខែ​ដល់​គាត់​ផង​ដែរ។
បើ​តាម​មន្ត្រី​រដ្ឋបាល​រូប​នេះ កម្មករ​សរុប​ជិត ២​ពាន់​នាក់ កំពុង​ធ្វើការ​នៅ​រោងចក្រ​ទាំង ៤ ដែល​កាន់​កាប់​ដោយ​ថៅកែ​ជន​ជាតិ​តែ​ម្នាក់។
នៅពេលនេះមិនមានប្រតិកម្មអ្វីពីក្រសួងការងារពាក់ព័ន្ធនឹងការផ្ទុះការតវ៉ារបស់កម្មករ-កម្មការនី រាប់ពាន់នាក់នេះនៅឡេីយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger