សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, April 20, 2018

ការរកឃេីញកាហ្វេថ្មពិលនៅវៀតណាម ជំរុញឲ្យអាជ្ញាធរ​កម្ពុជា​រឹត​បន្តឹង​ នៅ​លើ​​ទំនិញ​នាំ​ចូល​ពី​ប្រទេសនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សមត្ថកិច្ចវៀតណាម ចុះពិនិត្យទីតាំងផលិត កាហ្វេមួយកន្លែង ដែលរកឃេីញថា
មានផលិតកាហ្វេ ពីកាកសំណល់ថ្មពិល។

បន្ទាប់ពីការរកឃេីញកាហ្វេផលិត ពីថ្មពិលនៅប្រទេសវៀតណាម ក៏ជំរុញឲ្យអាជ្ញាធរ​កម្ពុជា បាន​បញ្ជា​ទៅ​មន្ត្រី​តាម​ច្រក​ព្រំដែន ឲ្យ​បង្កើន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​នៅ​ លើ​​ទំនិញ​នាំ​ចូល​ពី​ប្រទេស នេះ ជា​ពិសេស កាហ្វេ ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ និង​បញ្ឈប់​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែង​ក្លាយ​មួយ​ នៅ​ភាគ​កណ្ដាលនៃ​ប្រទេស​នេះ។
សារព័ត៌មាន​នានា​របស់​វៀតណាម បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​ខេត្ត​ដាណុង បាន​ចុះ​ត្រួត​ពិនិត្យ​សិប្បកម្ម​ផលិត​កាហ្វេ​មួយ ដោយ​បាន​រក​ឃើញ​ថា សិប្បកម្ម​នោះ​បាន​ផលិត​កាហ្វេ​លាយ​ជាមួយ​កាក​សំណល់​ថ្ម​ពិល ដី និង​កម្ទេច​ថ្ម ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​កម្ពុជា​ផង​ដែរ ខណៈ​ដែល​វៀតណាម គឺ​ជា​អ្នក​នាំ​ចេញ​កាហ្វេ​​ធំ​លំដាប់​ទី​ពីរ នៅ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​កាហ្វេ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​។

អគ្គ​នាយក​រង នៃ​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល លោក ឌឹម ថេង បញ្ជាក់នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ស្ថាប័ន​លោក​បាន​ដាក់​បញ្ជា​ទៅ​កាន់​មន្ត្រី​កាំកុងត្រូល​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​រួច​ហើយ ដោយ​ថា ដើម្បី​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​កាហ្វេ​ពី​ប្រទេស​វៀតណាម។ លោក​អះ​អាង​បន្ថែម​ថា កាហ្វេ​ដែល​ផលិត​លាយ​ឡំ​ជាមួយ​កាក​សំណល់​ពុល​ទាំង​នោះ មិន​ត្រូវ​បាន​នាំ​ចូល និង​ចែក​ចាយ​នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ។
លោក​ថា៖ «យើងអាចទប់ស្កាត់បាននូវទំនិញទាំងអស់នោះ មិនឲ្យចូលមកកម្ពុជានោះទេ។ ដូចខ្ញុំបានជម្រាបប្អូនហើយថា កន្លងមកក៏មានការចាប់កាហ្វេដែលមានការសហការជាមួយ​​ប៉ូលីស ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធហ្នឹងចាប់កាហ្វេដែលមិនមានច្បាប់អនុញ្ញាត្តិហ្នឹង ហើយចាប់ពីពេលហ្នឹងមក យើងឃើញថា ចំពោះកាហ្វេ គឺប្រជាជនយើងយកចិត្តទុកដាក់ដែលធ្វើឲ្យប៉ះពាល់ច្រើនដែរប្អូន។ និយាយឲ្យចំទៅ កាំកុងត្រូលរកអត់ទាន់ឃើញ តែយើងមានវិធាការទប់ស្កាត់»
បើ​តាម​សារព័ត៌មាន​វៀត​ណាម Tuoi Tre News អះអាងថា ម្ចាស់​អាជីវកម្ម​កាហ្វេ​មាន​លាយកំទេច​ថ្ម​ពិលនោះ ​បាន​បើក​អាជីវកម្ម​ជាង​មួយ​ឆ្នាំហើយ និង​បាន​លក់​កាហ្វេនេះ​​ទៅកាន់​ទី​ផ្សារ​ជាង ​៣​តោន​រួច​ទៅ​ហើយ​តាំង​ពី​ដើម​ឆ្នាំ​២០១៨​នេះ។
តួលេខ​ពី​​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​នាំ​ចេញ ផលិត​ផលកាហ្វេ​ចម្រាញ់​ដល់​ទៅ​ជាង ១​លាន ៥៩​ម៉ឺន​តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​វៀតណាម​កាន់​កាប់​ចំណែក​ទីផ្សារ​កាហ្វេ​ពិភព​លោក​ដល់​ទៅ ២០​ភាគរយ ហើយ​ប្រទេស​នេះ​រំពឹង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាហ្វេ នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។
តួលេខ​រដ្ឋាភិបាល​វៀតណាម ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​នេះ​នាំ​ចូល​គ្រាប់​កាហ្វេ​ឆៅ​ពី​បណ្ដា​ប្រទេសជិត​ខាង​ខ្លួន​ ក្នុង​នោះ​នាំ​ចូល​ពី​កម្ពុជា​ក្នុង​ចំនួន​រាប់​ពាន់​តោន​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។
តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ ៣​ឆ្នាំ​មុន បង្ហាញ​ថា បើទោះបីជា​កម្ពុជា​ជា​ប្រទេស​ដាំ​កាហ្វេ​នាំ​ចេញ​ក៏​ដោយ ប៉ុន្តែ តម្លៃ​នៃ​ការ​នាំ​ចេញ​កាហ្វេ​ទៅ​បរទេស​​មាន​ត្រឹមតែ​ជាង ៧ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ទំហំ​នៃ​ការ​នាំ​ចូល​កាហ្វេ​ពី​បរទេស​វិញ មាន​តម្លៃ​ដល់​ទៅ​ជាង ៨​លាន​ដុល្លារ​ឯណោះ។
ជាទូទៅ កសិករខ្មែរភាគច្រេីនមិនចាប់អារម្មណ៏នឹងការដាំដំណាំកាហ្វេសម្រាប់លេីកស្ទួយសេដ្ឋកិច្ច គ្រួសារនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger