សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, April 17, 2018

សារ​ឆ្នាំ​ថ្មី​របស់​​មេដឹកនាំ​បក្សកាន់អំណាច និងបក្សប្រឆាំង ដូចទឹកនិងប្រេង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


បើទោះបីជា​ឆ្នាំ​ចាស់ ឆ្នាំរកា ទើបនឹង​បាន​ឆ្លង​ផុត​ទៅ​ហើយ​ក៏ដោយ ក៏ក្រុមអ្នកកាន់អំណាចនៅ កម្ពុជា មិនទាន់បេីក​ភ្លេីងខៀវ ឲ្យក្រុមមន្ត្រីបក្សប្រឆាំងវិលចូលស្រុកដេីម្បីបន្តអាជីព នយោបាយ របស់ខ្លួន ឡេីងវិញដែរ ហេីយសារជូនពររបស់មេដឹកនាំនៃបក្សកាន់អំណាចលោក នាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង គឺប្រៀបដូច <<ទឹក និងប្រេង>> ដែលមិន អាច ចូលគ្នាជាថ្លុងមួយបានឡេីយ ហេីយតាមរយះសាររបស់មេដឹកនាំកំពូលទាំងពីរ បង្ហាញឲ្យ ឃេីញថាវិបត្តិ​វឹកវរ​ផ្នែក​នយោបាយ នៅ​មិនទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ឡើយ។ បញ្ហា​នេះ ហាក់​បន្ត​តាម​លង​បន្លាច​ក្រុម​មេដឹកនាំ​នយោបាយ​ខ្មែរ គ្រប់​ពេលវេលា ដែល​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ឈប់​និយាយ និង​គិតដល់​ឡើយ បើទោះបីជា​ពេលវេលា​នោះ ជា​ពេលវេលា​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​នាំគ្នា​អបអរ ប្រារព្ធ​ពិធី បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ទទួល​ប្រសិទ្ធពរ​ជ័យ សព្វ​សាធុការពរ​ពី​ទេវតា ឆ្នាំ​ថ្មី ក៏ដោយ។
ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​ថ្មី ឆ្នាំច ពី​ខេត្ត​សៀមរាប នៅ​គ្រា​ពលរដ្ឋ​ទូទាំង​ប្រទេស​ជូនពរ​គ្នា​ទៅវិញទៅមក​ចង់បាន​សេចក្ដី​សុខ​សប្បាយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ មិន​ភ្លេចលេីកឡេីង អំពី​បញ្ហា​សង្គ្រាម ដោយ​លើក​យក​ពី​ឧទាហរណ៍​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​នៅ​ប្រទេស​ស៊ីរី​មក​និយាយ។ លោក​អះអាង​ថា គ្មាន​ការ​សប្បាយ​រីករាយ​ណាមួយ អាច​កើតមានឡើង​ក្រោម​ភ្នក់ភ្លើងសង្គ្រាម​នោះ​ឡើយ។
លោកបន្តថា៖ «វា​ពិត​ណាស់ គ្មាន​សន្តិភាព វា​ក៏​គ្មាន​ការ​អភិវឌ្ឍ​ណាមួយ ហើយក៏​គ្មាន​ការ​ជួបជុំ​សប្បាយរីករាយ​ណាមួយ​ដែរ។ គេ​មិន​អាច​ឃើញ​នូវ​អ្វី​ដែល​ជា​ព្រឹត្តិការណ៍ នៃ​ការ​ជួបជុំ​សប្បាយ រីករាយ​ក្រោម​គ្រាប់បែក ក្រោម​គ្រាប់​ផ្លោង។ សូម​ក្រឡេក​មើល​ទៅ​ប្រទេស​ស៊ីរី តើ​ប្រទេស​ស៊ីរី មាន​លទ្ធភាព​ដើម្បី​នឹង​រៀបចំ​នូវ​ការ​សប្បាយ​រីករាយ​នោះ​ទេ បើ​ប្រទេស​នេះ នៅតែ​ហែកហួរ​ដោយ​សង្គ្រាម?»
បន្ថែម​ពីលើ​នេះ ទំនងជា​ភ័យខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ខាងមុខនេះ​ក៏​មិន​ដឹង ក្រោយ​ពី​លោក​បាន​រម្លាយ​ដៃគូ​ប្រកួតប្រជែង​នយោបាយ ដ៏​ស្វិតស្វាញ​ចោល​ពី​សង្វៀន​នយោបាយ ដើម្បី​ធានា​និរន្ត​ភាព​នៃ​ជ័យជម្នះ​គណបក្ស​របស់​លោក លោក ហ៊ុន សែន លើកឡើង​នៅ​ផ្នែក​ខាងដើម​បង្អស់​នៃ​សារ​ជូនពរ​របស់​លោក​ថា ឆ្នាំច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺជា​ឆ្នាំ ដែល រដ្ឋាភិបាល​របស់​លោក នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់គ្នា​កុំបី​ខាន ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​អ្វីមួយ ដែល​លោក​ហៅថា ជា​ម្ចាស់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន។ លោក ហ៊ុន សែន ក៏បាន​លើកឡើង​នៅ​ក្នុង​សារ​នោះ​ដែរ​ថា របប​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ តាមរយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌​ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជាថ្មី​នេះ។
ចំណែក​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី នៅឯនាយសមុទ្រវិញ លោក​បាន​សរសេរ​សារ​ជូនពរ​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទំព័រ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​ថា លោក និង​ក្រុម​អ្នកតស៊ូ​ទាំងអស់ ក្នុង​ជួរ​គណបក្ស​សង្គ្រោះជាតិ និង​ចលនា​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់ផ្ដើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ យ៉ាង​ពិត​ប្រាកដ។ លោក​សូម​ឲ្យ​ដំណើរការ​បោះឆ្នោត​សព្វថ្ងៃ ដែល​លោក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ  ឲ្យ​ក្លាយទៅជា​ដំណើរការ​បោះឆ្នោត​ត្រឹមត្រូវ​វិញ ក្នុង​ពេល​មួយ​សមស្រប ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ មានឱកាស​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ បាន​យ៉ាង​ពិត​ប្រាកដ ដែល​អ្នកនយោបាយ​ទាំងអស់ ត្រូវតែ​គោរព​ដាច់ខាត។
នៅថ្ងៃ ទី ១៧​ មេសានេះ ឆ្នាំចាស់បានកន្លងផុតទៅ មួយថ្ងៃពេញហេីយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនទាន់បង្ហាញជំហរណាមួយដែលអាចឲ្យលោកសម រង្ស៊ីនិងគណបក្សប្រឆាំងវិល
ចូលឆាកនយោបាយវិញនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger