សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, April 11, 2018

លោកសម រង្ស៊ីសង្ឃឹមលេីជប៉ុនជួយរូបលោកនិងគណបក្ស ប្រឆាំងបានចូលរួមការបោះឆ្នោត នៅខែកក្កដាខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
រូបផ្លុកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលប្រទេះឃេីញបង្ហោះលេី
ហ្វេសប៊ុករបស់ លោកសម រង្ស៊ីផ្ទាល់។
មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិលោក សម រង្ស៊ី និងភរិយាមានក្តីសង្ឃឹមយ៉ាងខ្លាំងទៅលេីរដ្ឋាភិបាល នៃប្រទេសជប៉ុន ក្នុងការជួយជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចរចាជាមួយរូបលោក ដេីម្បី ឈានទៅដល់កិច្ចព្រមព្រៀងនយោបាយមួយរវាងគណបក្សកាន់អំណាចនិងគណបក្សសង្គ្រោះជាតិ ដេីម្បីឲ្យរូបលោកមកចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ ជាមួយលោកហ៊ុន សែន នៅចុងខែ កក្កដា ខាងមុខនេះ។
លោកសម រង្ស៊ីនិងភរិយា ដែលអមដំណេីរដោយអ្នកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង​ ដែលសុទ្ធតែជាតំណាងរាស្ត្ររបស់បក្សប្រឆាំង ដែលលោកហ៊ុន សែនបានរំលាយចោលកាលពី ពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំមុននោះ បាន​ធ្វើ​ដំណើមករ​ដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១០ ខែ​មេសា ដើម្បី​​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ស្រប​ពេល​ការបោះឆ្នោត​ខិត​ជិត​មកដល់​ហើយ។
ប្រទេស​ជប៉ុន កាលពី​ចុង​សប្ដាហ៍​មុន​បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​របស់​ខ្លួន ចង់​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន រៀបចំ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី។ ម្យ៉ាងទៀត ប្រទេស​ជប៉ុន ធ្លាប់​មាន​ប្រវត្តិ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដោយ​ជោគជ័យ​រួចមក​ហើយ​កាលពីដេីមទសវត្ស ឆ្នាំ ១៩៩០។
លោក សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មានជប៉ុន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ជាមួយ​នឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត រួមមាន​អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាងផង គឺ​ដើម្បី​ជា​ឱកាស​បាន​ជម្រាប​មន្ត្រី​ជប៉ុន ដោយ​ផ្ទាល់​អំពី​ការពិត នៃ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក សម រង្ស៊ី សង្ឃឹម​ថា ប្រទេស​ជប៉ុន នឹង​អាច​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បំផ្លាញ​ចោល​អស់ បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ លោក កឹម សុខាពីក្បត់ជាតិ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ លោក សម រង្ស៊ី សង្ឃឹម ថា​ប្រទេស​ជប៉ុន នឹង​អាច​ជួយ​រក​ដំណោះស្រាយ​នយោបាយ​បាន ដោយសារ​ជប៉ុន​ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ដល់​កម្ពុជា និង​មាន​ឥទ្ធិពល​ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ​ខ្មែរ​នា​ពេល​កន្លងមក ដូចជា កាលពី​ជាង ២០​ឆ្នាំមុន ក្រោយ​រដ្ឋប្រហារ​យោធា នៅ​កណ្ដាល​ក្រុងភ្នំពេញ ប្រទេស​ជប៉ុន ក៏បាន​ជួយ​រក​ដំណោះស្រាយ ឲ្យ​អ្នកនយោបាយ​ខ្មែរ​ដែរ។ ម្យ៉ាងទៀត ប្រទេស​ជប៉ុន ជា​ប្រទេស​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​គំរូ​មួយ នៅ​ក្នុង​តំបន់​អាស៊ី។
ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ទៅ​ជប៉ុន​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ពីរ​ថ្ងៃ ក្រោយ​រដ្ឋមន្ត្រី ការបរទេស​ជប៉ុន​លោក តារ៉ូ កូណូ (Taro Kono) ទើបតែ​ជួប​ប្រមុខរដ្ឋាភិបាល គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី៨ ខែ​មេសា នៅ​កម្ពុជា ដើម្បី​ផ្ដល់​ប្រាក់កម្ចី និង​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍន៏​ដល់​កម្ពុជា និង មិន​ភ្លេច​ដាស់តឿន​រដ្ឋាភិបាលលោក ហ៊ុន សែន អំពី​បញ្ហា​នយោបាយ ពាក់ព័ន្ធ​នឹង​ការ​បោះ ឆ្នោត​ជាតិ​ខាងមុខ​នេះ​ដែរ។
ទោះបីជា​រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​ជាច្រើនលើក​ច្រើនគ្រា នៅ​រាល់​ជំនួប​ផ្លូវការ​ជាមួយ​ភាគី​កម្ពុជា ថា​ប្រទេស​ជប៉ុន ព្រួយបារម្ភ​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​តែងតែ​ក្រើន​រម្លឹក ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន​វិល​ទៅ​រក​ការ​ចរចា រវាង​អ្នកនយោបាយ​របស់​បក្ស​ធំៗ​ទាំងពីរ គឺ​គណបក្ស​កាន់អំណាច និងគណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ ឲ្យ​បាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​យ៉ាងណាក៏ដោយ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ច្រានចោល កិច្ច​ខិតខំ​ប្រឹងប្រែង ផ្នែក​ការទូត​របស់​ជប៉ុន ក្នុង​ការ​ស្វះ​ស្វែងរក​ការផ្សះផ្សា​ជាតិ​នេះ។ កាលពី​ពីរ​សប្ដាហ៍​មុន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហ៊ុន សែន ថែមទាំង​បាន អះអាង​ថា​ជប៉ុន​មិន​ខ្វល់​នឹង​រឿង​រក​ដំណោះស្រាយ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​នោះ​ទេ។
លោកបញ្ជាក់ថា «ជប៉ុន​គេ​មិន​មក​ធ្វើ​រឿង​ឆ្កួតៗ​នោះ​ទេ។ ជប៉ុន​គេ​ស្គាល់​ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្មែរ​ច្បាស់​ណាស់»

លោកសម រង្ស៊ីអមដោយ ភរិយា លោកស្រី ជូឡុង សូមូរ៉ា និង លោកអេង ឆៃអ៊ាង ព្រម
ទាំងអ្នកស្រី មូរ សុខហួរ មកដល់ជប៉ុន។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger