សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, April 18, 2018

លោកសម រង្ស៊ីមានសុទិដ្ឋិនិយមថាជប៉ុននិងឥណ្ឌូណេស៊ីអាច ជួយឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោះនៅខែកក្កដា ខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 លោកសម រង្ស៊ី និង លោក បណ្ឌិត. Fadli Zon អនុប្រធានរដ្ឋសភា នៃប្រទេសឥណ្ឌូនេស៊ី
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសភាឥណ្ឌូនេស៊ី កាលពីថ្ងៃ ទី ១៧ មេសា។
 
លោកសម រង្ស៊ីនិងក្រុមមន្ត្រី​គណបក្សប្រឆាំង​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សហគមន៍​អន្តរជាតិ ជាពិសេសប្រទេសជប៉ុន និងឥណ្ឌូណេស៊ី​នឹង​ជួយ​ស្វែងរក​ដំណោះស្រាយ បញ្ចប់​ជម្លោះ​នយោ បាយ​នៅ​កម្ពុជា​បាន ដើម្បី​បើកឱកាស​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួត​ប្រជែង​បោះ ឆ្នោត​នៅ ខែ កក្កដា ​ឆ្នាំ​២០១៨នេះ។
លោក សម រង្ស៊ី ប្រធាន​ចលនា​បក្ស​សង្គ្រោះជាតិ ដែលមានមូលដ្ឋាននៅក្រៅប្រទេសកាលពីថ្ងៃ 
ទី ១៧ មេសា ២០១៨ និងគណៈប្រតិភូ អតីតតំណាងរាស្ត្រខ្មែរ មកពីគណបក្សសង្គ្រោះជាតិមួយ ចំនួនក៏បានជួបជាមួយ លោក បណ្ឌិត. Fadli Zon អនុប្រធានរដ្ឋសភា នៃប្រទេសឥណ្ឌូនេស៊ី និង តំណាងរាស្ត្រ ឥណ្ឌូនេស៊ីមួយចំនួនទៀត នៅមន្ទីររដ្ឋសភាឥណ្ឌូនេស៊ី ក្នុងទីក្រុងហ្សាកាតា (Jakarta) ដេីម្បីស្វះស្វែងរកការជ្រោមជ្រែង ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ នេះ ជួយធ្វេីយ៉ាងណាឲ្យគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាវិលចូលឆាក នយោបាយវិញ
មុនជំនួបខាងលេីនេះ លោកសម រង្ស៊ីបានថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​១៣ មេសា​ថា របប​របស់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ មិន​ខុស​ពី​របប ប៉ុល ពត នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា របប​លោក ហ៊ុន សែន មិន​អាច​នៅ​ឯកោ​ដឹកនាំ​ប្រទេស​តែឯង​បានទេ។ កម្ពុជា​ត្រូវការ ប្រទេស​ផ្សេងៗ​ទៀត​ជា​មិត្ត ពិសេស​កម្ពុជា​នៅតែ​ពឹង​លើ​ជំនួយ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដកដង្ហើម​សេដ្ឋកិច្ច​បាន។
លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នយោបាយ​ប្រជាភិថុតិ លើ​យុវជន និង​កម្មករ​រោងចក្រ ដែល​លោក​ដឹកនាំ​មិនល្អ ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន បង្ខំចិត្ត​បិទទ្វារ ហើយ​លោក ហ៊ុន សែន ចេញមុខ​ផ្ដល់​លុយ​ឲ្យ​កម្មករ​ម្នាក់​បន្តិចបន្តួច​នោះ មិន​អាច​ធានា​និរន្តរភាព​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​របស់​កម្មករ​បាន​យូរ​អង្វែង​ឡើយ។
លោក សម រង្ស៊ី ប្ដេជ្ញា​ថា នៅ​ពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ខាងមុខនេះ គណបក្ស​សង្គ្រោះជាតិ​នឹង​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ថា របប​លោក ហ៊ុន សែន មិន​អាច​បោះឆ្នោត​ដែល​គ្មាន​ដៃគូ​ប្រហាក់ប្រហែល​ចូលរួម​ប្រកួត​បានទេ ដោយសារ​សហគមន៍​អន្តរជាតិ​កំពុងតែ​ឃ្លាំមើល​ការអនុវត្ត​របស់​លោក ហ៊ុន សែន បើ​មិន​ដូច្នោះ​ទេ ប្រទេស​ម្ចាស់​ជំនួយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នឹង​បិទ ការ​លើកលែង​ពន្ធ​ផលិតផល​របស់​កម្ពុជា​ជាមិនខាន។
ប៉ុន្តែលោកសុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច អះអាង​ថា គណបក្ស​ប្រឆាំង​បរាជ័យ​លើ​ការ​ពឹង​ពាក់​បរទេស ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ស្វែង រក​ដំណោះស្រាយ​នយោបាយ​នោះ។
លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេហ្គ្រាម (Telegram) នៅ​ថ្ងៃ​ទី​១៦ មេសា ថា 
នៅ​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃទី​២៩ ខែ កក្កដា ខាងមុខនេះ ច្បាស់​ជា​អត់​មាន​វត្តមាន​​គណបក្សប្រឆាំង​ដែល​លោក​ថា បាន​ស្លាប់​ទៅ​ហើយ​នោះ​ទេ។ លោក​បន្ថែម​ថា ទោះបីជា​គ្មាន​បក្ស​ប្រឆាំង ក្នុង​ការ​បោះឆ្នោត​ក្ដី ក៏​នៅ​មាន​គណបក្ស​ជាច្រើន​ទៀត​ចូល​ប្រកួតប្រជែង​បោះ ឆ្នោត​ដែរ។
លោកបន្តថា ហើយ​ការបោះឆ្នោត​លើក​នេះ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចង់​បាន
អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង ២៨​ប្រទេស បាន​សម្រេច​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​នៅ ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ត្រូវតែ​ចាត់​វិធានការ​ទណ្ឌកម្ម​ជាក់លាក់​មួយ​ចំនួន​ទៅលើ​របប​ក្រុងភ្នំពេញ ដើម្បី​ស្តា​រស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​បច្ចុប្បន្ន ឲ្យ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ។
សេចក្ដីសន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​កម្រាស់ ៤​ទំព័រ ផ្ញើ​ទៅ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទាំងអស់​សរសេរ​ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន នៅ​បន្ត​ដដែល​ដូច្នេះ​នោះ។ ទណ្ឌកម្ម​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការបញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​ទំនិញ​ដទៃ​ទៀត ដែល​អឺរ៉ុប​ព្រម​អនុគ្រោះ​ដល់​កម្ពុជា​នា​ពេល​កន្លងមក​នោះ​ទេ។
អ្នកស្រី មួរ សុខហួរ អតីតតំណាងរាស្ត្រខេត្តបាត់ដំបង លើក​លើកឡើង​ថា របប​លោក ហ៊ុន សែន ត្រូវ​ការ​ភាព​ស្របច្បាប់ និង​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ បញ្ហា​នេះ ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ គណបក្ស​កាន់អំណាច​មិន​អាច​រៀបចំ​ការបោះឆ្នោត ដែល​គ្មាន​ដៃគូ​ប្រកួត គឺ​គណបក្ស​សង្រ្គោះជាតិ​ចូលរួម​បាន​ទេ។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនទាន់បន្ទន់ឥរិយាបទរបស់លោក ទៅតាមការ ចង់បានរបស់សហគមន៏អន្តរជាតិ និងគណបក្សប្រឆាំងឡេីយ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger