សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 19, 2018

តុលាការខេត្តព្រះសីហនុចេញដីកាឃុំខ្លួនអ្នកបេីកបររថយន្តបុក សម្តេចក្រុមព្រះនិងអ្នកម្នាងអ៊ុក ផល្លាទទួលអនិច្ចកម្ម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកបេីកបររថយន្តហាយឡែនឌេី បុកព្រះទីនាំង សម្តេចក្រុមព្រះ ឈ្មោះ ម៉ិល សារ៉េត
ត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួន។
(ព្រះសីហនុ)៖ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្រេចឃុំខ្លួនអ្នកបើករថយន្តតាក់ស៊ី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ បណ្តាលឲ្យទ្រង់រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានទទួលអនិច្ចកម្ម។
តាមដីកាឃុំខ្លួន អ្នកបើករថយន្តរូបនេះមានឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែស បណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ»
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា អ្នកបើករថយន្តរូបនេះ ត្រូវបានលោកឲ្យកម្លាំងយកចេញពីមន្ទីរពេទ្យ ទៅបង្ហាញខ្លួននៅតុលាការ ហើយនៅល្ងាចថ្ងៃនេះ ត្រូវតុលាការចេញដីកាឃុំខ្លួនតែម្តង។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលអនិច្ចកម្មដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើ ផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុក ព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួល ហាយឡែនឌើ បានព្យាយាមបើកជែងរថយន្តធំមួយគ្រឿងបើកក្នុងទិសដៅស្របគ្នាក្នុងទិសដៅពី ខេត្តព្រះសីហនុ មកភ្នំពេញ ក៏ជ្រុលចូលទៅបុកព្រះទីនាំងសម្តេចក្រុមព្រះ ដែលមានទិសដៅផ្ទុយ គ្នានោះតែម្តង។
គ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ រីឯសម្តេចក្រុមព្រះបានរងរបួសធ្ងន់ធ្ងរ។ ដោយឡែក ភាគីរថយន្តហាយឡែនឌើវិញ ដែលមានអ្នកជិះរហូតដល់ទៅ៦នាក់ បានរងរបួសធ្ងន់ស្រាល តែបុរសជនជាតិចិនម្នាក់ ដែល ជិះក្នុងរថយន្តហាយឡែនឌើដែរ គឺរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។ ចំណែក អ្នកបើកបររថយន្តសម្តេចក្រុមព្រះ បានរងរបួសស្រាល។
ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរ គណបក្សហ៊្វុនស៊ិនប៉ិចស្នេីឲ្យអជ្ញាធរបេីកការស៊េីប អង្កេតករណីគ្រោះថ្នាក់ចរាចរណ៏ ដ៏រន្ធត់នេះផងដែរ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញេប ប៊ុនជិន ទទូច​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏លេីសម្តេចក្រុមព្រះនិងអ្នកម្នាងអ៊ុក ផល្លា ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​រក​យុត្តិធម៌​ថ្វាយដល់​សម្ដេចក្រុមព្រះ និងព្រះនាងព្រមទាំង​ជនរងគ្រោះដទៃៗទៀត។
លោក ញេប ប៊ុនជិន បានអះអាង​នៅ​រសៀល​ថ្ងៃទី​១៨ មិថុនា​ថា ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ដោយសារ​សមាជិក​គណបក្ស​ចង់​ឲ្យ​របួស​របស់​ព្រះអង្គ​បាន​ធូរស្រាល​ចាប់​រហ័ស។
លោក ញេប ប៊ុនជិន បន្ត​ថា ចំពោះ​សព​អ្នក​ម្នាង អ៊ុក ផល្លា វិញ គឺ​បាន​បង្កើត​​គណៈកម្មការ​បុណ្យ​ធ្វើ​បុណ្យ​សព ដោយ​តម្កល់​​ធ្វើបុណ្យ​នៅ​វត្តបទុមវត្តី ចាប់ពី​ថ្ងៃ​ទី​១៨ រហូតដល់​២០​មិថុនា ហើយ​នឹង​បូជាសព​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា តែម្ដង។ លោក ញេប ប៊ុនជិន អះអាង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ស្ថាប័ន​ណា​ចូល​លុយ​ដើម្បី​ធ្វើបុណ្យ​នៅឡើយ​ទេ។
អ្នកម្នាង អ៊ុក ផល្លា ទទួលអនិច្ចកម្ម នៅ​ម៉ោង​១២​ថ្ងៃត្រង់ ក្រោយពី​គ្រោះថ្នាក់​ចរាចរ​ណ៏នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា គឺ​បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ។ ចំណែកសម្តេចក្រុមព្រះរងរបួសធ្ងន់ បាក់ជេីង និងមានហូរឈាមតាម ត្រចៀក និងមាត់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger