សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 21, 2018

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្តាលជាមួយក្រុមហ៊ុន ហេងអភិវឌ្ឍន៏ ឡេីងមកតវ៉ាដល់ក្រសួងដែនដី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ពល​រដ្ឋ​ជាង ​៥០នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ជិត ៣០០​គ្រួសារដែល​មាន​ជម្លោះ​ដី​ធ្លីជាមួយ 
ក្រុមហ៊ុន ហេងអភិវឌ្ឍន៏ នៅ​​ខេត្តកណ្តាលឡើង​មកតវ៉ា​នៅ​ក្រសួង​ដែន​ដី​សាជា​ថ្មី នៅ
ថ្ងៃនេះ។

ពល​រដ្ឋ​ជាង ​៥០នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ជិត ៣០០​គ្រួសារដែល​មាន​ជម្លោះ​ដី​ធ្លីនៅ​​ខេត្តកណ្តាល​​​ បានឡើង​មកតវ៉ា​នៅ​ក្រសួង​ដែន​ដី​សាជា​ថ្មី បន្ទាប់​ពីរង់​ចាំដំណោះ​ស្រាយ​ជាង​ ១០ឆ្នាំ​​មក​ហើយ​ ប៉ុន្តែ នៅ​តែ​គ្មាន​ដំណោះស្រាយ​​ដដែល​នោះ។
តំណាង​ពល​រដ្ឋ ​លោក អ៊ី វ៉ានី បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹងថា ​ដី​របស់​អ្នក​ភូមិទាំង ​២៩២​គ្រួសារ មាន​ទំ​ហំ៤៥០​ហិកតា ស្ថិត​ក្នុង​ឃុំ​ព្រែកហូ ឃុំ​កណ្តោក ឃុំជើង​កែប នៃ​ស្រុក​កណ្តាល​ស្ទឹង និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ មាន​ទំនាស់ជាង ១៣​ឆ្នាំ​មក​ហើយ បន្ទាប់​ពីក្រុម​ហ៊ុន ហេងអភិវឌ្ឍន៍ របស់​អ្នកស្រី​ សៀង ចាន់​ហេង បាន​វាត​យក​ដី​របស់​ពួកគេ​ក្នុង​ឆ្នាំ​២០០៥។
លោក អ៊ី​ វ៉ានី បាន​ស្នើ​​សុំ​ឲ្យ​រដ្ឋាភិបាល​ចុះ​វាស់​វែង និង​ផ្ដល់ប្លង់​កម្ម​សិទ្ធជូនពួកគេ​ឲ្យបាន​ត្រឹម​ត្រូវ ខណៈ​ដែល​លោក​អះ​អាង​ថា ពល​រដ្ឋ​ទាំង​នោះ​សុទ្ធ​តែ​បាន​កាន់​កាប់ និង​ដាំ​ដុះ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៨០មក​ ពោល​គឺ​មុន​ពេល​ក្រុម​ហ៊ុន​ចូល​មក​ទៅ​ទៀត។
លោក ​អ៊ី វ៉ានី បន្ត​ថា ​ចាប់​តាំង​ពី​ពេលដែល​ក្រុម​ហ៊ុនចូលមក បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​ដែល​ធ្លាប់​តែ​ធ្វើ​ស្រែ​ចម្កា​រ​បាន​ បែរ​ជា​​ត្រូវ​បាត់​បង់​អស់ មិន​ត្រឹម​តែ​ប៉ុណ្ណោះនៅពេលមាន​ការ​តវ៉ា​ខ្លាំង​នៅ​ឆ្នាំ​២០០៩ ក៏មាន​ការ​បាញ់​ប្រហារ​លើ​ពល​រដ្ឋ​ទៀត។
ពល​រដ្ឋ​តវ៉ាម្នាក់​ទៀត​ លោក ញ៉ែម ញៀប អាយុ ៦២​ឆ្នាំ​ បាន​អះ​អាង​ថា ​​ដីរបស់​គាត់​ទំហំ​​ជាង​ ១ហិកតា​ ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ក្រុម​ហ៊ុន ហេង​ អភិ​វឌ្ឍ​ន៍​ នៅ​ឆ្នាំ​២០០៩។ លោក​បាន​ត្អូញ​ត្អែរថា ចាប់​តាំង​ពី​បាត់​បង់ដីមក ​លោក និង​ប្រពន្ធ​ព្រម​ទាំង​កូន ដែល​ពីមុន​ជា​កសិករ​នោះ ​បាន​ធ្លាក់​ខ្លួន​ធ្វើ​ជា​កម្ម​ករ​សំណង់ និង​រោងចក្រ​រហូត​មក​ដល់​ពេល​នេះ ខណៈ​ដែល​ពេលនេះ​មនុស្ស​ជាង ​១០នាក់ ត្រូវ​រស់​នៅ​ក្នុងផ្ទះ​ដែល​មាន​ទំ​ហំ ​៤គុណនឹង​១០​ម៉ែ​ត្រ​ប៉ុណ្ណោះ។
លោក​​ថា៖ «តាំងពី​ក្រុម​ហ៊ុន​ចូល​មកខ្ញុំធ្វើ​កម្ម​ករ​សំណង់​រហូត​អត់​មាន​ធ្វើ​អី!​ កូន​ខ្ញុំ​ស្រី​ធ្វើ​ការ​រោង​ចក្រ ហើយ​បើ​ប្រុស​ៗ​ធ្វើ​ការ​សំណង់។ បើ​បាន​ដី​ហ្នឹង​មក​បាន​បង្ក​បង្កើន​ផល​ដោះស្រាយ​តាម​ប្រភេទដីខ្ញុំ​ដាំ​ឈូក ដាំ​បន្លែអីទៅ»
ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កណ្ដាល បាន​សម្រេចក្ដី​ឲ្យ​អ្នក​ភូមិ​ឈ្នះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៩ ប៉ុន្តែថា អាជ្ញាធរ​មិន​បាន​អនុវត្ត​តាម​សាល​ក្រម​នោះ​ឡើយ។
អគ្គលេខា​ធិការ​រងសម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា លោក ម៉ឺន រតនា បាន​ឲ្យ​ដឹងថា​ បញ្ហា​ពល​រដ្ឋ​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន ​ហេង ​​អភិវឌ្ឍន៍ ​នេះមាន​ជា​យូរ​មកហើយ លើ​សពីនោះ​ទៀត​អាជ្ញាធរ​ស្រុក​បាន​ពន្យា​រ​ពេល​ក្នុង​ការ​ដោះ​ស្រាយទើប​ធ្វើ​ឲ្យ​ពល​រដ្ឋ​ឡើង​មក​តវ៉ា​ដល់​ក្រសួង​នាពេល​នេះ។
បើ​តាម​លោក ​ម៉ឺន រតនា បញ្ហា​ជម្លោះ​នេះ​អាច​ដោះ​ស្រាយ​បាន ​ប្រសិន​ជា​អាជ្ញាធរ​ពាក់​ព័ន្ធ​អនុវត្ត​តាម​សារាចរណ៍​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃកាលពី​ថ្ងៃ​ទី​១៣ មិថុនា ដែល​តម្រូវឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ទៅ​លើ​ដី​ដែល​មាន​ជម្លោះ​នោះ។
​កាល​ពីថ្ងៃ​ទី​ ១៣ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​រទៅ​កាន់​រដ្ឋបាល​ខេត្តនានា​ ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការតវ៉ា​ទាម​ទារ​នានា​របស់ប្រជាពលរដ្ឋ ដោយថា ដើម្បីបញ្ចៀសនូវអំពើហិង្សាផ្សេងៗ ខណៈ ប៉ុន្មានខែចុងក្រោយនេះក្រុមពលរដ្ឋ​មានជម្លោះដីធ្លីបន្ត​ឡើងមកតវ៉ានៅរាជធានីភ្នំពេញជា​បន្ត​បន្ទាប់។
សារព័ត៌មានជាតិខ្មែរ នៅរសលនេះមិន​អាចទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​រៀប​ចំដែន​ដី លោក ឡោ រ៉ាវុធ និង​លោក សេង ឡូត​ ​បាន​នៅឡើយ​ទេ ដោយ​ទូ​រស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger