សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 22, 2018

គណបក្សCNRP មិនចាប់អារម្មណ៏នឹងPM ហ៊ុន សែនសម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក នោះទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

គណបក្សសង្គ្រោះជាតិ (CNRP) មិនចាប់អារម្មណ៏នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្សផ្ទាល់របស់លោក ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក នោះទេ។
កាលពីម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការ ដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក ក្រោយ​សហរដ្ឋអាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ​មេ​អង្គរក្ស​របស់​លោក គឺ​លោក ហ៊ីង ប៊ុនហៀ​ង ដើម្បី​ជា​ការ​ព្រមាន​មួយ​ទៅ​រដ្ឋាភិបាល ​លោក ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅមុន​ការ​បោះឆ្នោត​ជាតិ។
សមិទ្ធផល​ថ្មីៗ​នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​ទួល​ក្រសាំង ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្រោម​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ក្រោម​ការគ្រប់គ្រង​របស់​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀ​ង ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​លោក ហ៊ុន សែន សម្ពោធ​នៅ​ថ្ងៃ​ទី​២១ មិថុនា រួមមាន អគារ​បញ្ជាការដ្ឋាន​អង្គរក្ស អគារ​ការិយាល័យ​ទទួល​ភ្ញៀវ​សម្រាប់​ស្នាក់នៅ អាគារ​ការិយាល័យ​មេបញ្ជាការ មេ​បញ្ជាការរង បញ្ជាការដ្ឋាន​កង​អង្គរក្ស សាល​ប្រជុំ សាល​ទទួល​ភ្ញៀវ ដោយមាន​បំពាក់​សម្ភារ និង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​រហូតដល់​ទៅ ជាង ៤​លាន​ដុល្លារ​អាមេរិក។
លោក ហ៊ីង ប៊ុនហៀ​ង មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ទីបញ្ជាការ ដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នៅ​ទួល​ក្រសាំង​នេះ​ថា ការ​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៤​លាន ​ដុល្លារ​នេះ គឺជា​ថវិកា​របស់​សប្បុរស​ជន និង​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា ទីតាំង​អគារ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​នេះ អតីត​ជា​តំបន់​បឹង ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត ទើប​លោក ហ៊ុន សែន បញ្ជា​ឲ្យ​សាងសង់​ទីតាំង​នេះ​ឡើងវិញ​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទទួល​បាន​អាគារ​ស្នាក់នៅ និង​ការិយាល័យ​ធ្វើការ​បាន​ល្អ​ប្រសើរ បំពាក់​ដោយ​សម្ភារ​យោធា​គ្រប់ គ្រាន់ ក្នុង​អ្វីមួយ​ដែល​លោក​អះអាង​ថា ដើម្បី​បុព្វហេតុ​បំពេញបេសកកម្ម​ការពារ​ជាតិ​មាតុភូមិ។
មេបញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន រូប​នេះ ថ្លែង​រំឭក​បន្ត​ទៀត​ថា កម្លាំង​នៅ​ទីបញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នេះ មាន​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ និង​សន្តិសុខ​របស់​លោក ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ដែល​លោក​អះអាង​ថា ពិសេស​គឺជា​កងកម្លាំង​សេនាធិការ​ផ្ទាល់​សម្រាប់​គណៈបញ្ជាការ​ក្រុងភ្នំពេញ និង​មាន​សមត្ថភាព​អាច​ចល័ត​កងទ័ព​បាន​នៅ​គ្រប់កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ស្របតាម​សភាពការណ៍​ជាក់ស្ដែង​ចាំបាច់ ឬ​ដើម្បី​ទប់ស្កាត់​រាល់​សភាព ការណ៍​នានា​ដែល​អាច កើតមានឡើង​ជាយថាហេតុ។
ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០០៩ ហើយ​បែងចែក​ជាច្រើន​ផ្នែក ជា​កងឯកភាព​ផ្សេងៗ​ក្នុង​នោះ​រួមមាន ផ្នែក​អន្តរាគមន៍ ផ្នែក​ប្រយុទ្ធ សង្ក្រោះ សិល្បៈ កសិកម្ម ពេទ្យ ជាដើម។ ទីបញ្ជាការដ្ឋាន​នេះ​កើត​ចេញពី​កងវរសេនាតូច​លេខ ២៤៦ ដែល​ជា​កងពល​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ក្នុង​សម័យ​រដ្ឋ​កម្ពុជា ឆ្នាំ​១៩៩០។ របាយការណ៍​នានា​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន មាន​អង្គរក្ស និង​ក្រុម​ទ័ពស្រួច​ឯកជន​មិន​តិច​ជាង ៣​ពាន់​នាក់​ឡើយ នៅ​ទីបញ្ជាការ​ដ្ឋាន​របស់​លោក​នេះ បំពាក់​ដោយ អាវុធ​ធ្ងន់​ទំនើបៗ ស្មើនឹង​កង​យោធពល​ខេមរភូមិន្ទ​ថ្នាក់​ជាតិ​ដែរ ក្នុង​នោះ​រួមមាន យន្តហោះ រថក្រោះ រថពាសដែក​មិន​តិច​ជាង ១០០​គ្រឿង និង​កាំជ្រួច​ហ្វូង​បេអឹម ២១ (BM-21) ជា​អាវុធ​ប្រតិកម្ម​រហ័ស​ជាច្រើន​គ្រឿង​ទៀត​ផង ព្រមទាំង​កាំភ្លើង​គ្រប់​ធុន​ក្រោម​ការ​ឧបត្ថម្ភ​របស់​មហាអំណាច​ចិន។ គិត​រហូត​មក​ទល់​ពេល​នេះ ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នេះ មាន​អាយុកាល​ជិត​១០​ឆ្នាំ​ហើយ។ កាលពី​ឆ្នាំ​២០១០ ទី​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នេះ បាន​ចង​សម្ព័ន្ធភាព​យោធា និង​ពាណិជ្ជកម្ម ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Unite International ដែល​គ្រប់គ្រង​ដោយ​ឈ្មួញ​ចិន​ឈ្មោះ Fu Xianting ដែល​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​ធំ​នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ ធ្លាប់​បាន​ផ្តល់​វិភាគទាន​ជាច្រើន​ដល់​កង​អង្គរក្ស​នេះ រួមមាន​ទាំង​ការ​ផ្តល់​ម៉ូតូ​ចំនួន​២២០​គ្រឿង​កាលពី​ឆ្នាំ​២០០៩។ ទីបញ្ជាការ​ដ្ឋាន​របស់​លោក ហ៊ុន សែន នេះ រង​ការ​ចោទប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​រួមមាន ការដឹកនាំ​ធ្វើ​រដ្ឋប្រហារ និង​បោក​គ្រាប់បែក​សម្លាប់​ហ្វូង​បាតុករ​អហិង្សា​កាលពី​ឆ្នាំ​១៩៩៧ ការចូលរួម​ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម និង​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​លើ​តំណាងរាស្ត្រ គណបក្ស​ប្រឆាំង កាលពី​ឆ្នាំ​២០១៥ ជាដើម។
ជាច្រើនលើក​ជាច្រើន​សារ មន្ត្រី​ជាន់ខ្ពស់​គ្រាក់ៗ​នៃ​ទីបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន តែង តែ​ប្រកាស​ប្ដេជ្ញា​ចិត្ត និង​ត្រៀមខ្លួន​ទុកជា​ស្រេច ចេញ​ប្រតិបត្តិការ​ស្ម័គ្រ​ស្លាប់​ដើម្បី​ការពារ​ក្រុម​គ្រួសារ​ពូជពង្ស​ត្រកូល ហ៊ុន ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏បាន​ប្រកាស​ផង​ដែរ​ថា នឹង​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ ទៀតផង។
គណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាមួយនេះ មិនចាប់អារម្មណ៏ នឹងការសម្ពោធទីបញ្ជាការដ្ឋានកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននេះទេ ដោយពួកគេបញ្ជាក់ថា <<សម្តេចតេជោ ហ៊ុន សែនធ្វេីអ្វីក៏ធ្វីទៅ>> នេះជាការបញ្ជាក់របស់លោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកហ៊ុន សែនរំលាយចោលកាលពីថ្ងៃ ទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧កន្លងមក៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger