សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 16, 2019

ក្រសួងការបរទេសកម្ពុជា ប្រតិកម្មនឹងស្ថានទូតអាមេរិក ជុំវិញករណីឃុំខ្លួនលោកកឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការលើកឡើងបញ្ហារបស់លោក កឹ​ម សុខា ពី សំណាក់ស្ថានទូតអាមេរិក គឺជាទង្វើខ្វះការទូត និងមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាតាមរយៈ Facebook នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានបង្ហោះសារមួយរំលឹកពីការជាប់ឃុំរបស់លោក កឹម សុខា។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រសួងការបរទេស និងសហប្រតិបត្ដិការ អន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកាយវិការនេះ។ ក្រសួងការបរទេសចាត់ទុកសារអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីរបស់លោក កឹម សុខានេះ បង្ហាញនូវចេតនាយ៉ាងច្បាស់ដើម្បីបំភាន់សាធារណៈមតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើបែបនេះ ហើយចាត់ទុកកាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរព ចំពោះអធិបតេយ្យភាពរបស់កម្ពុជា។
«ក្រសួងការបរទេស ត្រូវបង្ខំចិត្តក្រើនរំលឹកដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អំពីមាត្រា៤១ នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូត សហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ កម្ពុជាឡើយ»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីថ្លែងការណ៍នេះបានរំលឹកអាមេរិកថា «ព្រះរាជាណាចក្រកម្ពុជា តែងតែគោរពអធិបតេយ្យ ភាពរបស់ប្រទេសដទៃ ហើយមិនដែលធ្វើអត្ថាធិប្បាយលើរឿងអាស្រូវគួរឱ្យខ្មាស់អៀន របស់មន្ដ្រី ជាន់ខ្ពស់ និងអ្នកនយោបាយរបស់ប្រទេសណាមួយឡើយ។ ទង្វើក្នុងទិសដៅលំអៀងបែបនេះរបស់ស្ថានទូតសហរដ្ឋអាមេរិក គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង បច្ចុប្បន្នរបស់ប្រទេសទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលបម្រើដល់ ប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ»
ទន្ទឹមនឹងការទាមទារឱ្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែល
មានហេតុផលនយោបាយ និងគ្មានការទូតនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រជាជនកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger