សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 10, 2019

សម័យនេះហើយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ មិនគួរប្រើល្បិចចាស់ របស់ហេង ពៅ ឃាត់ខ្លួនមន្ដ្រី ធនធានទឹកម្នាក់ច្រលំ ដោយចោទ ថាពាក់ព័ន្ធគ្រឿងញៀននោះទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ សម័យនេះទៅហើយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មិនត្រូវបន្ត ប្រើល្បិចថោកទាបបន្សល់ទុកដោយលោកហេង ពៅ អតីតស្នងការរាជធានីភ្នំពេញនោះទេ។ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ម៉ក់ ជីតូ ចេញមុខពន្យល់អំពីករណីការឃាត់ ខ្លួនមន្ដ្រីធនធានទឹក និងឧតុនិយមម្នាក់ ឈ្មោះ ឡាយ ប៊ុនថូ ដោយច្រលំថា មន្ដ្រីរូបនេះ ពាក់ព័ន្ធ គ្រឿងញៀន នៅត្រង់ចំណុចតាមដងវិថីព្រះមុនីវង្ស ក្បែរស្ថានីយ៍សាំងសូគីម៉ិច (ច្រមុះជ្រូក) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលយប់ពីថ្ងៃទី០៨​ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាមួយគ្នានេះ លោក ម៉ក់ ជីតូដែលមានងារនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានសូមអភ័យទោស រដ្ឋមន្ត្រីក្រសួងធនធានទឹក និងមន្ត្រីឈ្មោះ ឡាយ ប៊ុនថូ ចំពោះកំហុស ឆ្គងរបស់មន្ត្រីនគរបាលរបស់លោក ដែលអនុវត្តន៍ច្បាប់ច្រឡំបែបនេះ។

លោក ម៉ក់ ជីតូ ដែលអតីតជាមន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានឲ្យដឹងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គម ស្ដីពី សកម្មភាពរបស់មន្ត្រី នៃមន្ទី រប្រឆាំងគ្រឿងញៀន ដែលបានភ័ន្តច្រលំ ឃាត់ខ្លួនមន្ត្រី នៃក្រសួងធនធានទឹក។ ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមផែនប្រឆាំងគ្រឿងញៀន ខ្ញុំសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា៖ ទី១៖ ពិតជាមានការភ័ន្តច្រលំ ឃាត់ខ្លួនមន្ត្រីឈ្មោះ ឡាយ ប៊ុនថូ កាលពីវេលាម៉ោង២៣៖០០ នាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩មែន និងទី២៖ មូលហេតុដែលកើត មានហេតុការណ៍នេះ ដោយសារពេលចាប់បានជនសង្ស័យ ដកហូតបានថ្នាំញៀន ជនសង្ស័យ បានចង្អុលមេខ្លោង។ ដោយពេលយប់ ភិនភាគ សំលៀកបំពាក់ និងទីតាំងជាប់កន្លែងប្រតិបត្តិការ (ចំណុចតាមដងវិថីព្រះមុនីវង្ស ក្បែរស្ថានីយ៍សាំងសូគីម៉ិច ច្រមុះជ្រូក) ជនសង្ស័យ បានចង្អុល មេខ្លោង កម្លាំងជំនាញក៏ឃាត់ ហើយក៏ប្រទ្រុះប្រទ្រះ នាំយកមកមន្ទីរប្រឆាំងគ្រឿងញៀន។ ក្នុងស្ថានភាពរាងស្រវឹងបន្តិច ពិបាកក្នុងការសាកសួរ សមត្ថកិច្ចក៏បានយកជនសង្ស័យដំបូង មកសួរប្រទល់មុខទើបដឹងថា ជនសង្ស័យចង្អុលច្រលំ។ ក្នុងនាមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្នុងនាម រូបខ្ញុំផ្ទាល់បានសូមទោស លោករដ្ឋមន្ត្រីធនធានទឹក ចំពោះកំហុសឆ្គងនេះ»
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ដទៀតថា «ខ្ញុំចាត់ទុកហេតុការណ៍នេះ ពិតជាកំហុសឆ្គងរបស់ មន្ត្រី នុវត្តន៍ច្បាប់ ដែលត្រូវកែប្រែ និងដកបទពិសោធន៍។ យើងខ្ញុំនឹងខិតខំពង្រឹងវិន័យ ក៏ដូចជា ការការអនុវត្តជំនាញ និងច្បាប់ដល់កងកម្លាំង»
ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក៏សូមថ្លែងអំណរគុណ និងស្នើសូមកិច្ចសហការពី គ្រប់មជ្ឈដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមកែលំអ ដល់កងកម្លាំងនគរបាលជាតិ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ពិសេសបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបុរសម្នាក់ ជាមន្ដ្រីធ្វើការនៅក្រសួងធនធានទឹក និងឧតុនិយម ដែលសង្ស័យថា ជាមេក្លោងជួញដូរគ្រឿងញៀន នៅត្រង់ចំណុច តាមដងវិថីព្រះមុនីវង្ស ក្បែរស្ថានីយ៍សាំងសូគីម៉ិច (ច្រមុះជ្រូក) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីនាំសួររួចមកទើប ដឹងថា ចាប់មនុស្សច្រលំ។
ទោះជាយ៉ាងណា មហាជនមើលឃើញថានេះជាកំហុសរបស់ក្រុមមន្ត្រីនគរបាលដ៏ធ្ងន់ធ្ងរមក លើប្រជាពលរដ្ឋស្លូតត្រង់ ដែលក្រុមលោក ម៉ក់ ជីតូមិនគួរបន្តយកល្បិចថោកទាបរបស់លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញកំពុងជាប់គុកមកអនុវត្តទៀតទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger