សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 4, 2019

សមាគមខ្មែរកម្ពុជាក្រោមប្រារព្ធខួប៧០ឆ្នាំនៃការបាត់បង់ ទឹកដីកំណេីតរបស់ខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អង្គការ សមាគមខ្មែរកម្ពុជាក្រោមបាន ស្នើជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឬបុរសខ្លាំង ហ៊ុន សែន ពិចារណាយកថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិរំលឹកការឈឺចាប់ នៃការបាត់ បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម។
នៅថ្ងៃអង្គារទី៤ ខែមិថុនា គឺខួបលើកទី៧០ឆ្នាំ ដែលអាណាព្យាបាលបារាំងបានផ្ទេរទឹកដីកូសាំង ស៊ីន ឬទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យអាណានិគមវៀតណាមកាន់កាប់ និងមើលការខុសត្រូវបន្ដ កាលពីសម័យនោះ បើទោះបីជាគ្មានការយល់ព្រមពីភាគីកម្ពុជាក៏ដោយ។
នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធខួបលើកទី៧០ នៃទិវាកាន់ទុក្ខជាតិនៃការ បាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លងដោយមានព្រះសង្ឃចំនួន ១៩៤៩អង្គ ដូចរាល់ឆ្នាំ នៅ ក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ។
តំណាងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត់ មានមតិនៅក្នុងពិធីព្រឹកនេះថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែទទួលរងការឈឺចាប់ បន្ទាប់ពីការបាត់បង់ទឹកដីនេះ ដោយថា ពលរដ្ឋខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ ជាដើម បានទទួលរងការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ការកាប់សម្លាប់ ការចាប់ចងដាក់ពន្ធនាគារ និងបំបាត់វប្បធម៌ ភាសា និងសាសនារបស់ពលរដ្ឋខ្មែរ ក្រោមដែលរស់នៅទីនោះ។
លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាយកថ្ងៃទី៤ ខែមិថុនា រំលឹកដល់ការឈឺចាប់ ដែល ប្រទេសកម្ពុជាបានបាត់បង់ទឹកដីនេះទៅប្រទេសវៀតណាម។
លោក ខឿន វីរ៉ាត់ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ឆ្នាំ១៩៤៩ ជាថ្ងៃកាន់ទុក្ខជាតិនៃព្រះរាជាណាចក្រ កម្ពុជា។ ពេលដែលដាក់ចូលបុណ្យជាតិ គឺកំណត់ទីតាំងច្បាស់លាស់ ឲ្យមន្ដ្រីរាជការឈប់ ឲ្យពលរដ្ឋខ្មែរឈប់ ថ្ងៃហ្នឹងជួបជុំគ្នា គឺថ្ងៃកាន់ទុក្ខ រំលឹកខួបដែលបារាំងកាន់ទឹកដីទៅឲ្យយួនគ្រប់ គ្រងបន្»
ថ្លែងក្នុងពិធីនេះផងដែរ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានការសោក ស្ដាយ ដោយថា មានមេដឹកនាំខ្មែរមួយចំនួនបែរជាដឹងគុណវៀតណាម ហើយមិនហ៊ានតវ៉ាចំពោះ ការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ក្ដីដោយអយុត្ដិធម៌ទៅឲ្យវៀតណាមនៅពេល នោះ។
ម្យ៉ាងទៀត លោកថា មេដឹកនាំកម្ពុជាគួរតែព្យាយាមផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាជាងគិត តែពីអំណាច និងធ្វើឲ្យខាតបង់ផលប្រយោជន៍ទៅប្រទេសជិតខាង។   
លោក ថាច់ សេដ្ឋា ថ្លែងថា៖ «នៅក្នុងប្រទេសកម្ពុជាយើង ហាក់ដូចជាខុសពីគេ មិនសូវរំលឹកគុណ ដល់អ្នកដែលតស៊ូ វីរៈបុរសរបស់ខ្លួនសោះ មានខ្លះទៀតទៅដឹងគុណយួនទៅទៀត ឲ្យយើងដឹង គុណយួនម៉េចកើត បើយួនសម្លាប់វីរៈបុរសរបស់ខ្លួនយើង។ ប៉ុន្ដែ ខ្ញុំជឿហើយថា មានតែអ្នកដែល បានទទួលប្រយោជន៍ពីយួន អ្នកដែលយួនបន្ដុប ដែលបានផលប្រយោជន៍ពីយួនហ្នឹងហើយ ជា អ្នកដឹងគុណយួននោះ»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការទាមទារយកថ្ងៃ ទី៤ ខែមិថុនា ជាទិវាជាតិនោះ គឺមិនអាចទៅរួចនោះទេ និងថា គ្រាន់តែជាការដាក់បន្ទុកលើ រដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ។
លោក សុខ ឥសាន អះអាងផងដែរថា ការទាមទារយកទឹកដីកម្ពុជាក្រោមត្រឡប់មកវិញ គឺមិន អាចធ្វើទៅបាននោះទេ ដោយថា បារាំងបានកាត់ទឹកដីទៅឲ្យវៀតណាមរួចទៅហើយ ហើយកម្ពុជា ក៏មិនមានសិទ្ធិស្របច្បាប់ ក្នុងការទាមទារយកមកវិញនោះដែរ។     
លោក បន្ដថា៖ «តាំងពីឆ្នាំ១៩៤៩ មកទល់ដល់ពេលនេះ មានរាជរដ្ឋាភិបាលជាង៧០ ហើយមិន ដែលមានរដ្ឋាភិបាលណាគិតពីរឿងយកថ្ងៃទី៤ ខែមិថុនាហ្នឹង ធ្វើជាទិវាបាត់បង់ដែនដីកម្ពុជា ក្រោមទេ។ ដូច្នេះ អ្នកស្នើហ្នឹងហាក់ដូចជាដាក់បន្ទុកមកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន។ […] ក៏ប៉ុន្ដែសម្រាប់ដែនដីកម្ពុជាក្រោម ៧០ឆ្នាំហើយហ្នឹង យើងអត់មានទាមទារអីតាំងពីដើមមក ខ្ញុំយល់ថា វាអត់ឈ្នះគេទេ»។  
បើទោះបីជាទឹកដីកម្ពុជាក្រោមបានបាត់បង់ និងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមក៏ពិតមែន ប៉ុន្ដែ ពលរដ្ឋខ្មែរនៅទីនោះនៅតែបន្ដទាមទារសិទ្ធិសេរីភាព និងសិទ្ធិមូលដ្ឋានមួយចំនួន ដែល ត្រូវបានធានាដោយច្បាប់អន្ដរជាតិ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger