សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 6, 2019

បុរសខ្លាំង ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឱ្យយល់ច្រឡំថា យុទ្ធនាការហូបនំបញ្ចុក ឈានទៅ ដល់ការចរចានយោបាយ ជាមួយសម រង្សុី!!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ នៅថ្ងៃនេះថាគ្មានទេការចរចា នយោបាយណាមួយ ទោះបីជាគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង បានដាក់ចេញ នូវយុទ្ធនាការដូចគ្នា គឺទទួលទាននំបញ្ចុក ទូទាំងប្រទេស នាថ្ងៃអាទិត្យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៩ ក៏ដោយ។ 
បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកល វិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងថា យុទ្ធនាការហូបនំបញ្ចុក សាមគ្គី និងឯកភាពជាតិ បានធ្វើឱ្យនំបញ្ចុក ដែលជាផលិតផលខ្មែរនេះត្រូវប៉ាន់ ហើយអាចនឹង មានការផលិតនំបញ្ចុករហូតដល់ រាប់ពាន់តោនក៏ថាបាន។ ទោះជាយ៉ាងនេះក្តី បុរសខ្លាំងហ៊ុន សែន បានមើលឃើញថា អតីតបក្សប្រឆាំង ក៏បានឆ្លៀតឱកាស កេងចំណេញ ដោយវិភាគថា យុទ្ធនាការដូចគ្នានេះជំរុញឱ្យភាគី ទាំងពីរ ឈានទៅការចរចានយោបាយ។

បុរសខ្លាំង ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំកុំយកបញ្ហាដែលខ្ញុំនិយាយនេះ ធ្វើជាការ វិភាគអ្វីផ្សេង ក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចានយោបាយ ស្អីៗ សុំកុំភាន់ច្រឡំ ខ្ញុំនិយាយតែរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិ តាមរយៈ ការទទួលទាននំបញ្ចុកថ្ងៃ៩មិថុនានេះតែម្តង»

កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបុរសខ្លាំង ហ៊ុន សែន ប្រកាសឱ្យសមាជិកគណបក្ស ប្រជាជនកម្ពុជា បើកយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស កាសែតជាតិខ្មែរនិងលោក អេង ឆៃអ៊ាង បានបង្ហោះរូបលោក សម រង្ស៉ី ជាមួយនឹងលោក ហ៊ុន សែន ហើយបង្ហាញអំពីបំណងចង់ ឱ្យមេដឹកនាំទាំងពីរ អង្គុយទទួលទាន នំបញ្ចុកជាមួយគ្នា។

លោកបានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «ប្រសិន បើ លោក ហ៊ុន សែន និងលោក សម រង្សុី អង្គុយទទួលទាន នំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុកនឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួប បង្រួមជាតិ ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា មួយជីវិតឡើយ!»

ចំណែក លោក សម រង្ស៉ី ដែលតែងវាយប្រហារលើ ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជន កម្ពុជា បានបន្ទន់ឥរិយាបទ អំពីការបំភ័យសមាជិករបស់ខ្លួន ក្នុងការទទួលទាននំបញ្ចុកកន្លងមក ក៏បានអំពាវនាវឱ្យសមាជិកខ្លួនទទួលទាននំបញ្ចុកជុំគ្នាដោយរីករាយ នៅថ្ងៃអាទិត្យខាងមុខនេះ ផងដែរ។

លោកបានបញ្ជាក់ថា៖ «ថ្ងៃអាទិត្យ ទី០៩ មិថុនា ខាងមុខនេះ សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ទាំងអស់ នៅប្រទេសកម្ពុជា ជួបជុំគ្នាពិសារនំបញ្ចុកជាមួយគ្នា យ៉ាងសប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ សូមបងប្អូននិងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាន នំបញ្ចុកនេះ ជាមួយយើងផង ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយ ចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ»

ជាមួយគ្នានឹងការប្រកាសកុំឱ្យយល់ច្រឡំថា មានការចរចាននយោបាយដោយសារយុទ្ធនាការនំ បញ្ចុកនេះ បុរសខ្លាំង ហ៊ុន សែន ក៏បានប្រាប់ទៅសមាជិកគណបក្សប្រជាជនកម្ពុជា ដែលរៀបចំ កម្មវិធីនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ មិនត្រូវប្រកាន់បក្ខពួកនោះទេ។ លោកថ្លែងថា នៅតាមមូលដ្ឋាន សមាជិកគណបក្សប្រជាជនកម្ពុជា ក៏អាចអញ្ជើញសមាជិកបក្សដទៃមកចូលរួម ទទួលទានបានដែរ មិនតែប៉ុណ្ណោះ បើសិនជាមានបក្សដទៃហៅសមាជិកគណបក្សប្រជាជន ទទួលទាននំបញ្ចុក បុរសខ្លាំងក៏បានអនុញ្ញាតឱ្យសមាជិកនោះចូលរួមផងដែរ។

នំបញ្ចុកខ្មែរ ពេលនេះ បានក្លាយទៅជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអតីត ក្រុមបក្សប្រឆាំង។ នាពេលកន្លងទៅ ក្រុមប្រឆាំងបានប្រើយុទ្ធនាការហូបនំបញ្ចុក ដើម្បីកៀរគរ កម្លាំងរៀបចំផែនការរង់ចាំស្វាគមន៍ លោកសម រង្ស៊ី ដែល ប្រកាសវិលចូលស្រុកវិញនៅ ឆ្នាំ២០១៩នេះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger