សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 14, 2019

អាមេរិកមិនបណ្តោយអោយចិនក្តោបក្តាប់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ តាមចិត្តនោទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សហរដ្ឋអាមេរិក​ជំរុញ​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ឲ្យ​រៀប​ចំ​យន្តការ​អភិវឌ្ឍន៍​ឲ្យ​ច្បាស់លាស់​ពី​គោលនយោបាយ ការ​រៀប​ចំ​បរិស្ថាន និង​សុវត្ថិភាព​របស់​ប្រជាជន ខណៈ​ប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិពល​លើ​តំបន់​នេះ។

សហរដ្ឋអាមេរិក​ តាមរយៈ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ បាន​រៀប​ចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៣ មិថុនា ឆ្នាំ ២០១៩ក្នុង​ការ​ជំរុញ​ដល់​ប្រទេស​នៅ​តាម​ដង​ទន្លេ​ឡាន​ឆាង និង​មេគង្គ​ ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​មាន​យន្តការ​ក្នុង​ការ​អភិវឌ្ឍ​ទាំង​រយៈពេល​ខ្លី និង​វែង​ឆ្ងាយ​ក្នុង​តំបន់​នេះ។

ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ លោក Walter Douglas មាន​ប្រសាសន៍​ថា ​សហរដ្ឋអាមេរិក​គាំទ្រ​ជានិច្ច​ដល់​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទាំង​ឡាយ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ​តាម​រយៈ​ជំនួយ​ផ្សេង​ៗ​ដែល​បាន​ផ្ដល់​ឲ្យ​។

លោក Walter Douglas មាន​ប្រសាសន៍​​ថា៖ «ហេតុ​នេះ​ហើយ​បាន​រដ្ឋាភិបាល​របស់​យើង​សម្រេច​ចំណាយ​ទាំង​ថវិកា ពេលវេលា ក្នុង​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​​ និង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ និង​ដៃ​គូ​របស់​យើង​ក្នុង​ការ​បង្កើត​ជា​ចក្ខុវិស័យ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា»

ទីប្រឹក្សា​ក្រសួង​ការបរទេស​កម្ពុជា ​លោក ស៊ឹម វីរៈ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​បង្កើត​នេះ ​ដោយ​ថា ​វា​នឹង​ជួយ​ឲ្យ​មាន​យន្តការ​ច្បាស់លាស់​សម្រាប់​ប្រទេស​ក្នុង​តំបន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន តាម​រយៈ​ជំនួយ​នានា​មក​កាន់​តំបន់​នេះ​។ លោក​បន្ថែម​ថា​ តំបន់​មេគង្គ​ មិន​គួរ​ក្លាយ​ជា​ទីតាំង​នយោបាយ​របស់​ប្រទេស​ណា​មួយ​ឡើយ​។

លោក ស៊ឹម វីរៈ មាន​ប្រសាសន៍​ថា៖ «វេទិកា​មេគង្គ​មិន​គួរ​ក្លាយ​ជា​ទី​តាំង​នយោបាយ​ប្រឆាំង​ខាង​ណា​នោះ​ទេ​ ដូចជា ប្រឆាំង​ចិន ប្រឆាំង​អាមេរិក ប្រឆាំង​ជប៉ុន ប្រឆាំង​កូរ៉េ ប្រឆាំង​ឥណ្ឌា ឬ​ក៏​ក្លាយ​ជា​ទី​តាំង​ភូមិសាស្ត្រ​នយោបាយ​ខាង​ណា​នោះ​ទេ ​ដែល​ធ្លាប់​កើត​មាន​រួច​មក​ហើយ​កាល​ពី​អតីត​កាល»

អគ្គនាយក​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក ពូ សុធីរៈ មាន​ប្រសាសន៍​ថា ​ជំនួយ​ពី​ប្រទេស​ជា​ដៃ​គូ​មក​កាន់​តំបន់​មេគង្គ​នេះ​មាន​ទំហំ​ច្រើន​ដែល​អាច​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាច​ទាញ​យក​ជា​ប្រយោជន៍​បាន ជា​ពិសេស​កម្ពុជា។ តែ​លោក​ថា ​ប្រទេស​កម្ពុជា​គួរ​មាន​យន្តការ និង​ការ​ទទួល​យក​មួយ​ដែល​សម​ស្រប​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ដ៏​ត្រឹមត្រូវ​ដល់​ប្រទេស​ខ្លួន។

លោក​ ពូ សុធីរៈ មាន​ប្រសាសន៍ថា៖ «ការ​ស្វែង​រក​ជំនួយ​ពី​បរទេស​ហ្នឹង ​គឺ​ធ្វើ​ម៉េច​ឲ្យ​វា​ត្រូវ​ចំ​គម្រោង​អាទិភាព​របស់​យើង​ផង​។ អ្វី​ដែល​យើង​ចង់​បាន​សំខាន់​បំផុត​នោះ​សម្រាប់​កម្ពុជា​យើង​ដែល​ទាក់ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​រៀប​ចំ​មួយ​ដែល​មាន​ចីរភាព​ ហើយ​ប្រកប​ទៅ​ដោយ​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ហ្នឹង​ វា​បាន​ធ្លាក់​ទៅ​ដល់​ខាង​ក្រោម»

បើ​តាម​លោក ពូ សុធីរៈ តំណាង​ប្រទេស​ និង​អ្នក​ជំនាញ​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មាន​មក​ពី​សហរដ្ឋ​អាមេរិក ចិន កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌា កូរ៉េ និង​ជប៉ុន។

កាល​ពី​ឆ្នាំ​២០១៦ ​កន្លង​ទៅ​ ប្រទេស​ចិន​ផ្ដល់​ជំនួយ​ជាង៣០០លានដុល្លារ​ដល់​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្នុង​ការ​ទទួល​យក​ ដើម្បី​បែងចែក​ទៅ​អភិវឌ្ឍ​ប្រទេស​រៀង​ខ្លួនសម្រាប់រយៈពេល៥ឆ្នាំ ក្នុង​នោះ​ប្រទេស​កម្ពុជា​បាន​ទទួល​គម្រោង​ចំនួន ​១៤​ ​ដែល​មាន​តម្លៃ​ប្រមាណ ​១៤លានដុល្លារ​អាមេរិក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger