សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 7, 2019

នាយករដ្ឋមន្រ្តីកម្ពុជា: «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ នៅរាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីថា មេដឹកនាំសឹង្ហបុរីបានចូលរួមចំណែក សម្លាប់ ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹក នាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?
ការប្រតិកម្មធ្ងន់ៗរ​បស់នាយករដ្ឋមន្រ្តីនៃកម្ពុជា បុរស ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​ទ្វីប​អាស៊ី​ និង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​សប្តាហ៍​មុន​ បានលើកឡើងថា ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជា។​
បុរសខ្លាំង ហ៊ុន សែន បានផ្ញើសារពិសេសតាមរយៈ Facebook ទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី​ លី ស៊ានឡុង យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯ.ឧ នាយករដ្ឋមន្ត្រី សឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយ លើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេល ដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។...»
ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបប ប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។
សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជា ប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំ ថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជាផងដែរ។
បុរសខ្លាំង ហ៊ុន សែនបន្តថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី សឹង្ហបុរីនេះ ក៏ជាការប្រមាថដល់ ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេល នេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួម ចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
បុរសខ្លាំង ហ៊ុន សែនបន្តទៀតថាចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើលោកចាត់ទុកការកាត់ទោស មេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?។
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការ​បរទេសរបស់វៀតណាម ​បាន​បង្ហាញ​ការ ​«សោក​ស្តាយ» ចំពោះការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ​កាលពី​សប្តាហ៍​មុន​ ដែល​ថា​ ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​ នៅ​ឆ្នាំ​១៩៧៩ ​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជាផងដែរ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​អ្នកស្រី​ Le Thi Thu Hang​ បាន​ឆ្លើយ​តប​ជា​សាធាណៈ
នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ​ថា​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​សឹង្ហបុរី «មិន​បង្ហាញ​ពី​ការណ៍​ពិត​នៃ​ប្រវត្តិ​សាស្រ្ត ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​អវិជ្ជ​មាន​លើ​ការ​យល់​ឃើញ​របស់​សាធារណ​ជន»
តាម​រយៈ​គេហ​ទំព័រ​ក្រសួរងការ​បរទេស​វៀតណាម​ អ្នក​ស្រីបាន​លើក​ឡើង​ថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចេញ​សាល​ក្រម​លើ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហមកាល​ពីខែ​វិច្ឆិកា​ឆ្នាំ​មុន។​
លោកស្រីបន្តថា«សាល​ក្រម​នេះ​គឺ​ជា​ភ័ស្តុតាង​ជាក់​ស្តែង​ចំពោះ​ការណ៍​ពិត​ជាប្រវត្តិ​សាស្ត្រ​ ហើយ​វា​ផ្តល់យុត្តិធម៌ និង​ប៉ះប៉ូវ​ការ​ខូចខាត​ដល់​ជនរង​គ្រោះ​ដែល​សាលក្រម​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ និង​សហគមន៍​អន្តរ​ជាតិ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger