សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 5, 2019

កម្ពុជានិង​វៀតណាមប្រតិកម្មនឹងការលើកឡើង​របស់​ នាយករដ្ឋមន្រ្តី​សឹង្ហបុរី ដែល​ថាវៀតណាម​បាន​ឈ្លាន​ពានកម្ពុជា​យ៉ាងព្រៃផ្សែ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មន្ត្រីជាន់ខ្ពស់កម្ពុជានិង​វៀតណាម បាន​ច្រាន​ចោល​ការលើក ឡើង​របស់​នាយករដ្ឋមន្រ្តី​សឹង្ហបុរី ដែល​ថា វៀតណាម​បាន​ឈ្លាន​ពានកម្ពុជា​នៅឆ្នាំ១៩៧៩។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ​Le Thi Thu Hang ថា ​អ្វី​ដែល​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក Lee Hsien Loong អះអាងមិនបាន​ឆ្លុះបញ្ចាំងពី​សច្ចភាព​នៃប្រវត្តិសាស្រ្តនោះទេ។ តាមការចុះផ្សាយ​របស់​សារព័ត៌មាន ​VN Express របស់វៀតណាម លោកស្រី ​Le Thi Thu Hang បាន​បញ្ជាក់ថា ការរួមចំណែក​ និងការលះបង់​របស់​វៀតណាម​ក្នុងការជួយប្រជាជនកម្ពុជា ដើម្បី បញ្ចប់​របបប្រល័យពូជសាសន៍ខ្មែរក្រហម គឺជារឿង​ពិតដែល​គេទទួលស្គាល់​យ៉ាងទូលំទូលាយ។
បើតាម​អ្នកនាំពាក្យក្រសួងការ​បរទេសវៀតណាមរូបនេះ ភាគី​វៀតណាម​បាន​ជជែក​ពីបញ្ហា​នេះ​ជាមួយ​ក្រសួង​ការបរទេស​សឹង្ហបុរី​រួចហើយ។

នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក Lee Hsien Loong បាន​សរសេរ​សាររំលែក​ទុក្ខ​នៃការស្លាប់​របស់​អតីតនាយករដ្ឋមន្រ្តី​ថៃ លោក​ Prem Tinsulanonda លើទំព័រហ្វេសប៊ុក​របស់លោកកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។ ក្នុងសារនោះ លោក Lee Hsien Loong បាន​រម្លឹក​ដល់​វីរភាព​របស់លោក​​ Prem Tinsulanonda ​ដែលថា ​ហ៊ាន​ប្រឈម​នឹង​វៀតណាម ​នៅ​ពេល​ដែល​វៀតណាម​ធ្វើ​សង្គ្រាម​​ឈ្លាន​ពាន​កម្ពុជា និង​បានរក្សា​សន្តិសុខ​តំបន់​ចាប់​ពី​ពេល​នោះ​មក។ ជាការឆ្លើយតប​កូនប្រុស របស់ខ្លាំង ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី កាលពីថ្ងៃសុក្រសប្តាហ៍មុន បាន​អះអាង​ថា​ លោក Lee Hsien Loong ​លើក​ឡើង​តែ​ជ្រុង​មួយ​នៃ​ប្រវត្តិសាស្ត្រ ដោយ​បាន​បំភ្លេច​ពី​ការ​ឈឺ​ចាប់​របស់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ក្រោម​ការ​ដឹក​នាំ​របស់​ខ្មែរ​ក្រហម។
រីឯ​រដ្ឋមន្រ្តី​ការពារជាតិកម្ពុជា ​លោក​ ទៀ បាញ់ បាន​ប្រតិកម្ម​ថា​​ការ​លើក​ឡើងរបស់មេដឹកនាំសឹង្ហបុរី​​មិនត្រឹម​ត្រូវតាមប្រវត្តិសាស្រ្ត នោះទេ។
ចំណែកពលរដ្ឋខ្មែរសាមញ្ញៗដែលជាអ្នកលេងហ្វេសប៊ុកហាក់ បីដូចជាគាំទ្រការលើកឡើងរបស់ លោក Lee Hsien Loong ទៅវិញ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger