សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 6, 2019

កម្ពុជានៅតែចាត់ទុកEBAជារឿងសំខាន់ហេីយស្នេីឲ្យសហភាព​អឺរ៉ុប ​ពិនិត្យមើល​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​នៃលទ្ធិប្រជាធិបតេយ្យនិង សិទ្ធិមនុស្ស នៅកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

កម្ពុជានៅតែចាត់ទុកEBAជារឿងសំខាន់ ហេីយក្រសួងការបរទេស​កម្ពុជា​ស្នើ​ឱ្យ​ប្រតិភូ​សហភាព​អឺរ៉ុប​ពិនិត្យមើល​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ដែល​រដ្ឋាភិបាល​សម្រេច​បាន​​នា​​ពេល​​កន្លង​មក ចៀសវាង​ការ​មើល​ឃើញ​តែមួយ​ជ្រុង និង​សរសេរ​របាយការណ៍​ដែល​មិន​ឆ្លុះបញ្ចាំង​ការពិត​អំពី​ស្ថានការណ៍​នៅ​កម្ពុជា។ សំណើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ប្រតិភូ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី៦ មិថុនា នេះ។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កេត សោផាន់ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ជំនួប​នេះ​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ក្នុង​សង្គម ដោយ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ​។ លោក​អះអាង​ទៀត​ថា បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​បញ្ហា​ដីធ្លី​ជាដើម មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ទៅមុខ​យ៉ាង​ច្រើន ហើយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​ប្រតិភូ​សហភាព​អឺរ៉ុប​កត់សម្គាល់​អំពី​សមិទ្ធផល​ទាំងនេះ​ផង​ដែរ។ លោកថា៖ «ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ឆ្លៀត​រឭក​ដែរ​ថា កម្ពុជា​បាន​ធ្វើ​ការងារ​ទៅ​តាម​អ្វី​ដែល​ជា​សេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី៣ ខែ​១២ ឆ្នាំ​២០១៨ ហើយ​ក៏បាន​ជម្រាប​ជូន​ភាគី​ភ្ញៀវ​អំពី​វឌ្ឍនភាព​ជាច្រើន អ្វី​ដែល​រដ្ឋាភិបាល​ប្រាជ្ញា​ថា នឹង​ធ្វើ ដូចជា ក្នុង​ការ​ពង្រឹង​លំហ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព ការងារ បញ្ហា​ដោះស្រាយ​វិបត្តិ​ដីធ្លី​ជាដើម»
អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ព្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បាន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។ ក៏ប៉ុន្តែ​ជាថ្មី​ម្តង​ទៀត លោក​ថា ភាគី​កម្ពុជា​នឹង​មិន​អនុវត្ត​តាម​សំណើ​ទាំងឡាយ​ណា ដែល​ប៉ះពាល់​ដល់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​នោះ​ឡើយ​។
ប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា និង​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ រួមមាន​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​រងគ្រោះ​ដីធ្លី នៅ​អំឡុង​សប្ដាហ៍​នេះ​។ បេសកកម្ម​លើក​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ពីព្រោះ​របាយការណ៍​នេះ​នឹង​ត្រូវ​យក​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​គណៈកម្មការ​អឺរ៉ុប ក្នុង​ការ​សម្រេចចិត្ត​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger