សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 9, 2019

លោកហ៊ុន សែនត្រូវតែរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះដោយសារ ចាញ់បោកក្រុមហ៊ុន​ សេវិន អិន.ជី (7 NG) របស់ឧកញ៉ា ស្រី ចន្ធូ និងស្រី សុធា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកហ៊ុន សែនដែលអ្នកទទួលខុសត្រូវធំជាងគេនៃរបបក្រុងភ្នំពេញ ត្រូវតែរកយុត្តិធម៌ជូន ពលរដ្ឋរងគ្រោះដោយសារ ចាញ់បោកក្រុមហ៊ុន​ សេវិន អិន.ជី (7 NG) របស់លោក ឧកញ៉ា ស្រី សុធានិង ឧកញ៉ា ស្រី ចន្ធូជាកូនប្រុស។
ពាក់ព័ន្ធនឹងរឿងនេះ សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែននិង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី រវាង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ សេវិន អិន.ជី (7 NG) ជាមួយ​នឹង​ពលរដ្ឋ​ជា​អតិថិជន​ជាច្រើន​នាក់ បន្ទាប់​ពី ក្រុមហ៊ុន​រង​ការ​ចោទ​ថា លក់​ដី​ខ្យល់​ឱ្យ​អតិថិជន និង​ថែមទាំង​ប្ដឹង​បក​អតិថិជន​ទៀត​ផង។ អភិបាល​កណ្ដាល​ លោក ម៉ៅ ភិរុណថា មិន​អាច​លូកដៃ​អន្តរាគមន៍​រឿង​នេះ​បានទេ ព្រោះ​គ្មាន​បណ្ដឹង​ពី​ពលរដ្ឋមករូបលោកផ្ទាល់។
សង្គម​ស៊ីវិល លើកឡើង​ថា រដ្ឋាភិបាលលោក ហ៊ុន សែ​ន ឬ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​គួរ​ធ្វើ​ព្រងើយ កន្តើយ​នោះ​ទេ​ជុំវិញ ករណី​ពលរដ្ឋ​ជាច្រើន អះអាង​ថា ពួកគេ​ចាញ់បោក​ក្រុមហ៊ុន​ឈ្មោះ សេវិន អិន.ជី (7NG) រឿង​ទិញ ដី​ឡូតិ៍​អស់​លុយ​ច្រើន ប៉ុន្តែ​ក្រុមហ៊ុន​គ្មាន​ដី​ឱ្យ​ដែល​បណ្ដាល​ឱ្យ​ភាគី​ទាំងពីរ ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅ មក​នៅ​ស្ថាប័ន​តុលាការ។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត មាន​ប្រសាសន៍ថា ក្រសួង​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​សិក្សា​ឱ្យ​បាន​ល្អិតល្អន់​ដើម្បី​ឱ្យ​មាន តម្លាភាព យុត្តិធម៌ កុំ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន និង​បាត់បង់​ផលប្រយោជន៍​អតិថិជន​។ លោក​បន្ត​ថា ប្រសិនបើ​គ្មាន​ការ​អន្តរាគមន៍​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ គឺ​ករណី​នេះ​នឹង​កាន់តែ​រីក​ធំ​ហើយ ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថាប័ន​របស់​រដ្ឋ​ផង​ដែរ៖ «ខ្ញុំ​ថា ជៀសវាង​ការ​ប្ដឹងផ្ដល់​គ្នា​នេះ វា​ត្រូវតែ​មាន​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​រឿង​ដើម្បី​កុំ​ឱ្យ​មាន​បន្ត​ទៅ​ទៀត​ព្រោះ​យើង​បារម្ភ​ដែរ ប្រសិនបើ​រឿង នេះ នៅតែ​បន្ត​ទៅ​ទៀត អាច​នឹង​មាន​ប្រជាពលរដ្ឋ​បន្ត​ទៅ​ទៀត ជាប់​បណ្ដឹង។ ខ្ញុំ​យល់ថា ដល់ពេល ហើយ​រឿង​បញ្ហា​ដីធ្លី​នេះ ព្រោះ​យើង​ឃើញ​ថា ចុង​ក្រោយនេះ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​ដែនដី ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដូច្នេះ​បញ្ហា​នៅ​កៀក​ក្រុង​នេះ គួរតែ​យកចិត្តទុកដាក់​ផង​ដែរ»។
កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា នាយក​ក្រុមហ៊ុន​7NG ឧកញ៉ា ស្រី ចន្ធូ បាន​ប្ដឹង​អតិថិជន​ម្នាក់ គឺ​លោកស្រី ឈុន ណារី ជា​ភរិយា​របស់​មន្ត្រី​គយ​ម្នាក់​ពី​បទ​បរិហារកេរ្តិ៍ និង​ទាមទារ​សំណង​ជាង ៧​លាន​ដុល្លារ​អាមេរិក ដោយសារ​ខឹង​អតិថិជន​រូប​នេះ ប្ដឹង​លោក​ពី​បទ​ឆបោក និង​ស្នើសុំ​ឱ្យ​តុលាការ​ឃុំខ្លួន​លោក ព្រមទាំង​យក​ដីកា​សន្និដ្ឋាន​របស់​តុលាការ​ទៅ​បង្ហោះ លើ​ហ្វេសប៊ុក (Facebook) ជាដើម។
កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​ទៅ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា បាន​សម្រេច​ចោទ​ប្រកាន់​ឧកញ៉ា ស្រី ចន្ធូ និង​ឪពុក​របស់​លោក​គឺ​ឧកញ៉ា ស្រី សុធា ពី​បទ​ឆបោក តាម​បណ្ដឹង​របស់​លោក​ស្រី ឈុន ណារី ពាក់ព័ន្ធ​ការ​លក់​ដី​ខ្យល់​ទំហំ ១​ហិកតារ ស្ថិតនៅ​ភូមិ​ព្រែក ចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល។ បន្ទាប់ពី​ចោទប្រកាន់​ឧកញ៉ា ឪពុក​កូន​ទាំង ២​នាក់​រួច លោក កែវ សុធា បាន​បញ្ជូន​សំណុំរឿង​ទៅ​ឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត ដោយ​ស្នើសុំ ឱ្យ​ចៅក្រម​ចាប់ និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំងពីរ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់ កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅឡើយ។
ក្រៅពី​លោកស្រី ឈុន ណារី ក៏​មាន​អតិថិជន​២​នាក់​ទៀត បាន​ប្ដឹង​ក្រុមហ៊ុន​7NG ពី​បទ​ឆបោក​ដែរ។ ចំណែក​អតិថិជន​ផ្សេងទៀត អះអាង​ថា ពួកគេ​ក៏​ជា​ជនរងគ្រោះ​ចាញ់បោក​ក្រុមហ៊ុន 7NG​ដែរ ប៉ុន្តែ មិន​ទាន់​សម្រេចចិត្ត​ប្ដឹង​នៅឡើយ ដោយសារ​រង់ចាំ​ក្រុមហ៊ុន ដោះស្រាយ​តាម​ការ​សន្យា​ថា នឹង​ដោះ ស្រាយ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៩។
កាសែតជាតិខ្មែរមិនទាន់​អាច​សុំ​បំភ្លឺ​រឿង​នេះ​ពី​នាយក​ក្រុមហ៊ុន 7NG ឧកញ៉ា ស្រី ចន្ធូ នៅ​ឡើយ​។ ចំណែក​មេធាវី​តំណាង​ឧកញ៉ា ស្រី ចន្ធូ គឺ​លោក ដូង លឿង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​អតិថិជន​ប្ដឹង ចោទ​ក្រុមហ៊ុន 7NGពី​រឿង​ឆបោក​ឡើយ។ លោកថា៖ «ខ្ញុំ​ជា​មេធាវី​ខ្ញុំ​ដឹង​តែ​រឿង​នីតិវិធី នៅ​ក្នុង​តុលាការ រឿង​អី​ផ្សេងៗ​ខ្ញុំ មិន​ដឹង​នោះ​ទេ»
កាល​ពី​ដើមឆ្នាំ​២០១៩​នេះ អតិថិជន​ជាច្រើន​នាក់ បាន​នាំគ្នា​តវ៉ា​ទាមទារ​ដី​ពី​ក្រុមហ៊ុន​7NG បន្ទាប់​ពី ពួកគេ​ប្រគល់​លុយ​ឱ្យ​ក្រុមហ៊ុន​រួចហើយ ប៉ុន្តែ​ក្រុមហ៊ុន មិន​បាន​ប្រគល់​ដី​តាម​កិច្ចសន្យា។ ក្រោយ ការ​តវ៉ា​នោះ ក្រុមហ៊ុន 7NG បាន​ចេញមុខ​សន្យា​ថា នឹង​ប្រគល់​ដី​ជូន​អតិថិជន​តាម​កិច្ចសន្យា​ឱ្យ បាន​មុន​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩។
កាសែតជាតិខ្មែរបាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែន លោក សេង ឡូត និង ឡោ ដាវុធ ជាច្រើនលើក​តែ​គ្មាន​អ្នកទទួល​។
ចំណែក​អភិបាល​ខេត្ត​កណ្តាល លោក ម៉ៅ ភិ​រុណ មាន ប្រសាសន៍ថា លោក​មិន​អាច​លូកដៃ​ចូល អន្តរាគមន៍​រឿងនេះ​បានទេ ព្រោះ​គ្មាន​បណ្ដឹង​ពី​ភាគី​ក្រុមហ៊ុន និង​ភាគី​អតិថិជន។ លោកថា៖ «តាម​រឿង​នេះ វា​យូរហើយ​មុន​ខ្ញុំ​ធ្វើ​អភិបាលខេត្ត​ម្ល៉េះ ហើយ​ប្រជាជន​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​7NG​នេះ ក៏​មិនដែល​បាន​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ជាពិសេស មក​ខេត្ត​ដែរ។ ដូច្នេះ​រឿងរ៉ាវ​ទាំងអស់​នេះ ខ្ញុំ​អត់​ដែល​ក្ដាប់​បានទេ ហើយ​រឿង​ចុងក្រោយ​នេះ​លឺ​ថា មាន​ប្ដឹងផ្ដល់​គ្នា​នៅ​តុលាការ​អី​ទៀត។ មក​ដល់​ថ្ងៃនេះ អត់​មាន​ទាក់ទង​មក​សាលាខេត្ត​ដើម្បី​ឱ្យ​ខេត្ត ជួយ​អន្តរាគមន៍ ឬ​ដោះស្រាយ​អី​ក៏​អត់​ដែរ»
មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង អាជ្ញាធរ​មិន​គួរ​ចាំ​ទាល់​តែ​មាន​បណ្ដឹង​ទើប ចុះ​ពិនិត្យ​ដោះស្រាយ​នោះ​ទេ ព្រោះ​ករណី​នេះ​ផ្ទុះ​ឡើងជា​យូរ​មក​ហើយ និង​ត្រូវ​បាន​សារព័ត៌មាន​ចុះ ផ្សាយ​ព្រាត​អំពី​ផល​​ប៉ះពាល់​របស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​7NG​នេះ៖ «ប្រសិន​បើ​ជា​អាជ្ញាធរ​រង់ចាំ​ព័ត៌មាន​ឬ​បណ្ដឹង​ទើប​ចុះ​ស្រាវជ្រាវ ខ្ញុំ​គិត​ថា ដូចជា​មិន​សម​ហេតុ​សម​ផល ព្រោះ​ប្រសិនបើ​ផ្ទុះ​កាន់តែ​ធំ​ទៅ គឺ​នាំ​ឱ្យ​កាន់តែ​ពិបាក​ក្នុង ការ​ដោះស្រាយ។ ទោះបីជា​ព័ត៌មាន​តាម​ប្រភព​ណា​ក៏​ដោយ​អាជ្ញាធរ គួរតែ​ធ្វើការ​ស្រាវជ្រាវ​ព្រោះ ដើម្បី​តម្លាភាព និង​ស្វែងរក​ដំណោះស្រាយ​និង​កុំ​ឱ្យ​រឿង​ផ្ទុះ​កាន់តែ​ធំ»
ក្រុមហ៊ុន​7NG រង​ការ​ចោទ​ថា មាន​កេរ្តិ៍​ឈ្មោះ​អាស្រូវ​ក្នុង​បញ្ជី​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ឆ្នាំ មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​សហការ​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ បណ្ដេញ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ រស់​នៅ​តំបន់​ដីក្រហម​ក្បែរ​រដ្ឋសភា​ជាតិ ដើម្បី​យក​ដី​ដោយ​គ្មាន​សំណង និង​ដំណោះស្រាយ​សមរម្យ កាល​ចុង​ឆ្នាំ​២០០៥។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ជិត​១​រយ​គ្រួសារ ចោទ​ថា ទិញ​ដី របស់​ពួកគាត់ តែ​មិន​ឱ្យ​លុយ​ពួកគាត់​គ្រប់​ចំនួន​ផង​ដែរ។
នៅពេលនេះកាសែតជាតិខ្មែរមិនអាចទាក់ទងលោក ហ៊ុន សែន ដើម្បីសាកសួរថាតើលោក ឈរខាងពលរដ្ឋរងគ្រោះឬខាងមេឈ្មួញជាឧកញ៉ា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger