សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 10, 2019

លោកសម រង្សុីសរសេរលិខិតស្នើឲ្យលោក មហាធៀ មហាម៉ាត់ ជួយសម្របសម្រួលនយោបាយ ជាមួយលោកហ៊ុន សែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក សម រង្សុី មេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន ស្នើទៅ​មេដឹកនាំ​ម៉ាឡេស៊ី ជួយ សម្របសម្រួលនយោបាយជាមួយ មេដឹក​នាំ​បក្ស​កា​ន់​អំណាច លោក ហ៊ុន សែនដើម្បីបាន ពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ ធានាដំណើរការប្រជាធិបតេយ្យនៅក​ម្ពុជា។
 
លិខិតចុះថ្ងៃទី៥កញ្ញា ផ្ញើទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ លោក សម រង្ស៊ី លើកឡើងថា ពិតណាស់ ការរឹតត្បិត ការគាបសង្កត់ និង​ទណ្ឌកម្ម មិនមែនជាចម្លើយ​ដែល​គួរ​ស្ថិតនៅលើ​វេទិកាជាតិ និង​អន្តរជាតិទេ។

មេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងថា ការបើកទូលាយ​ឱ្យ​មាន​ការ​ចូលរួម ឬ​បរិយាកាស​បរិយាប័ន្ន ឬលើកកម្ពស់ដោយមិនរើសអើង​ ការសន្ទនា និង​លទ្ធិប្រជាធិបតេយ្យ ជាផ្លូវឆ្ពោះទៅមុខ​តែមួយគត់ សម្រាប់ប្រទេសម៉ាឡេស៊ី កម្ពុជា ឬបណ្តាប្រទេសផ្សេងទៀតក្នុង​ពិភព​លោក។

លោក សម រង្ស៊ី លើក​ឡើង​ក្នុង​លិខិត​នោះថា៖ «ដោយ​យល់ឃើញពីតួនាទី​របស់​ប្រទេសម៉ាឡេស៊ី​ជា​ហត្ថលេខី​នៃកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស ​និង​ធម្មនុញ្ញរបស់អាស៊ាន​ យើងខ្ញុំលើកទឹកចិត្តឯកឧត្តម​នាយករដ្ឋមន្ត្រីជាទីគោរព​ ជួយ​សម្របសម្រួល​ឲ្យ​មាន​ការ​សន្ទនា​រវាង​រដ្ឋាភិបាល ​និង​មេដឹកនាំ គណបក្ស​ប្រឆាំង​ ក្នុង​គោលបំណងដើម្បីផ្សះផ្សាជាតិ ស្ថិរភាព និង​វិបុលភាពក្នុង​ក្របខណ្ឌរបប ប្រជាធិបតេយ្យ​សេរីអាស្រ័យ​រដ្ឋធម្មនុញ្ញ»។​

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចាត់ទុកសំណើ​របស់​លោក សម រង្ស៊ី ថា គ្មានឥទ្ធិពលដល់ការស​ម្រេ​ច​​ចិត្ត​របស់មេដឹកនាំរបស់​លោក​នោះឡើយ។

លោក សុខ ឥសាន្ត ប្រាប់ថា៖ «ខ្ញុំយល់ថា ការស្នើនេះជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែ វាអត់មាន ប្រសិទ្ធភាពអីទេ ព្រោះទី១ លោកមហាធា ម​ហា​ម៉ាត លោកជាសមាជិករបស់សមាគមអាស៊ាន។ អីចឹង មិនជ្រៀតជ្រែកចូលសមាជិកស្របទៅតាមធម្មនុញ្ញរ​បស់​​​ស​មា​គមអាស៊ាន។ ទី២ ពីព្រឹកមិញ ខ្ញុំបានស្តាប់វីដេអូទណ្ឌិតរត់ចោលស្រុកនេះ គឺថា មិនចរចាជាមួយសម្តេចហ៊ុន សែ​ន ដា​ច់ខាត។ អីចឹងទេ ការស្នើនេះ វាគ្រាន់តែល្បិចកលនយោបាយតែប៉ុណ្ណោះទេ»

​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​លោក មហាធា បានមកទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា​នៅដើមខែ នេះ។ ពេលនោះ លោក មហាធា បានជួប​ពិភាក្សា​ជាមួយ​​លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​កម្ពុជា​ដទៃ​ទៀត​ផងដែរ។

អ្នកវិភាគនយោបាយ លោក​ ឯម សុវណ្ណរ៉ា ចាត់ទុកការស្វែងរកអាជ្ញាកណ្តាលនោះ ហាក់យឺត ពេល ព្រោះ លោក មហាធា បានចាកចេញពីកម្ពុជាហើយ ហើយ​អ្វីៗក្នុងលិខិតនោះ មិនបានលើក ឡើងក្នុងកិច្ចជំនួប​ជាមួយមេដឹកនាំបក្សកាន់អំណាចទេ។

អតីតគណបក្សប្រឆាំង ត្រូវបានតុលាការកំពូល រំលាយតាំងពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៨

មក តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ដីកានោះ ក៏បានហាមឃាត់​ថ្នាក់​ដឹកនាំ ១១៨នាក់របស់ គណបក្សនេះ មិនឲ្យធ្វើនយោបាយ ៥ឆ្នាំផងដែរ។

ប៉ុន្តែ ចំណាត់ការចាប់ឃុំខ្លួន លោក កឹម សុខា និងរំលាយគណបក្សប្រឆាំងនេះ ជំរុញឲ្យសហរដ្ឋ អាមេរិក និងសភាពអឺរ៉ុប ថ្កោលទោស និងគំរាមដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីកម្ពុជា បើ រដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យ ឲ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញទេ
នោះ។


ទោះជាយ៉ាងណា លោកហ៊ុន សែននៅតែគឃ្លើននឹងការគំរាមដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីកម្ពុជាដដែលរហូតមកដល់ម៉ោងនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger