សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 11, 2019

រដ្ឋាភិបាលហ៊ុន សែននៅតែមិនដោះលែងលោកកឹម សុខា ឲ្យធ្វើនយោបាយឡើងវិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

យោងតាមសេចក្តីថ្លែងការណ៏ របស់រដ្ឋាភិបាលក​ម្ពុជា ឆ្លើយតបប្រាប់សហរដ្ឋអាមេរិកថា លោក កឹម សុខាពេលនេះត្រូវបានដោះលែង ពីការឃុំឃាំងនៅពន្ធនាគារហើយ កំពុងរស់នៅក្នុង ផ្ទះយ៉ាង សុខស្រួល​ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនោះមានន័យ ថា«រដ្ឋាភិបាល ហ៊ុន សែន នៅតែមិនដោះលែងលោកកឹម សុខាឲ្យធ្វើនយោបាយឡើង វិញឡើយ»។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អ័រតាហ្គឹស (Morgan Ortagus) តាមរយៈ វីដេអូរឃ្លីប កាលពីថ្ងៃអង្គារម្សិលមិញ ជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យផ្សះផ្សាជាតិឡើងវិញ ទម្លាក់ បទចោទលោក កឹម សុខាឲ្យគណបក្សប្រឆាំង ដំណើរឡើងវិញ ដើម្បីពង្រឹងយន្តការ ប្រជាធិបតេយ្យ នៅកម្ពុជា។
 

មន្ត្រីអ្នកនាំពាក្យអាមេរិករូបនេះចាត់ទុក«ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្ស សង្រ្គោះជាតិ ការដកហូតដំណែងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត ជាង៥ពាន់ របស់បក្សប្រឆាំង ជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យសរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា»។

ជាប្រតិកម្មឆ្លើយតប ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០កញ្ញា លើកឡើងថា «ចាប់តាំងពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួត ពិនិត្យរបស់តុលាការ»។


រដ្ឋាភិបាលបានរំឭកថា ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឲ្យមានការផ្លាស់ប្តួររបប តាមរយៈ មធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និង លទ្ធិប្រជាធិបតេយ្យនោះទេ។


រដ្ឋាភិបាល អះអាងថា កម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ចាំបាច់ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ផ្សេងទៀតដំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន។


លោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់ កាលពីថ្ងៃទី៣កញ្ញាឆ្នាំ២០១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន ខណៈលោក កំពុងសម្រាកនៅក្នុងផ្ទះស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។


វិវាទនយោបាយនេះ តុលាការកំពូល កាលពីថ្ងៃទី១៦ខែវិច្ឆិកា បានចេញសាលដីការំលាយ គណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់ និងហាមមន្ត្រី១១៨រូប មិនឲ្យ ធ្វើនយោបាយ៥ឆ្នាំទៀតផង។


អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ ចាត់ទុកការលើកឡើងរបស់ សហរដ្ឋអាមេរិកថាជារឿងត្រឹមត្រូវ ដោយថា អាមេរិកមានកាតព្វកិច្ចឃ្លាំមើលដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា តបតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលអាមេរិក

ជាប្រទេសហត្ថលេខី។

លោកស្រី មូរ សុខហួរ អះអាងថា ចំណាត់ការចាប់ឃុំខ្លួនលោក កឹម សុខា និងរំលាយគណបក្ស សង្គ្រោះជាតិ ជារឿងអយុត្តិធម៌ ដែលសហគមន៍ជាតិ និងអន្តរជាតិមិនអាចទទួលយកបាន។
លោកស្រីថា៖«រដ្ឋាភិបាលលោក ហ៊ុន សែន យើងមិនឆ្ងល់ទេ នូវការបដិសេធនៅគ្រប់ របាយការណ៍និងសេចក្តីថ្លែងការណ៍ទាំងឡាយដែលទិតៀននូវប្រព័ន្ធតុលាការដែលជាឧបករណ៍

របស់លោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដើម្បីរំលោភសិទ្ធិមនុស្សពិសេស ការរំលាយគណបក្សសង្គ្រោះជាតិ។យើងនៅតែទាមទារឲ្យដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ»។

សហភាពអឺរ៉ុបបានប្រើប្រព័ន្ធអនុគ្រោះពន្ធEBA ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលស្តារ ប្រជាធិបតេយ្យឡើងវិញ ដែលវិធានការនេះសមាគមរោងចក្រកាត់ដេរកម្ពុជាGMAC ចេញ របាយការណ៍បង្ហាញការព្រួយបារម្ភថា នឹងប៉ះពាល់ដល់កម្មករ៧៥ម៉ឺនាក់ និងពលរដ្ឋខ្មែ៣លាន គ្រួសារផ្សេងទៀត។


អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុង របាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាកិច្ចប្រជុំលើកទី៤២ឆ្នាំនេះ

ថា រយៈពេល១ឆ្នាំចាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨មកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាពោពេញទៅដោយការរឹតត្បិត។
តាមរយៈរបាយការណ៍ដដែល លោកស្រី រ៉ូណា ស្មីត អំពាវនាវទៅរដ្ឋាភិបាលឲ្យទម្លាក់ចោលបទ ចោទ លោក កឹម សុខា និងបង្កើតលម្ហសម្រាប់សន្ទនានយោបាយ រវាងរដ្ឋាភិបាល និង អ្នកនយោបាយប្រឆាំង។


ទោះជាយ៉ាងណា តាមសេចក្តីថ្លែងការណ៍ដដែលរបស់ រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនទាមទារឲ្យ អ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធ ពហុភាគីនិយម និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ជៀសវាងការជ្រៀតជ្រែតចូល កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្រោមលេសបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕






0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger