សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 5, 2019

ដល់ពេលធ្វេីស៊ីមន្ត្រីយោធាណាមានងារជា ឧកញ៉ា បន្ទាប់ចាប់ខ្លួន ឧកញ៉ា គង់ ក្រឹងនិងឧកញ៉ា សឹង សំអុលដាក់គុក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

នៅពេលនេះវាដល់ពេលរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធើ្វសុីមន្ត្រីយោធាណា មានងារជាឧកញ៉ាហើយបន្ទាប់ពីមានការ ចាប់ខ្លួន ឧកញ៉ា គង់ ក្រឹង ជាមន្ត្រីយោធាខេត្តក្រចេះនិង ជាឈ្មួញឈើ និងឧកញ៉ាសឹង សំអុលជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងជាឈ្មួញឈើដាក់ គុកថ្មីៗនេះ។
មន្ត្រី​ជាន់ខ្ពស់​កង​យោធពលខេមរភូមិន្ទ​អះអាង​ថា ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ឧត្តម​​សេនីយ៍​ដែល​មាន​ងារ​ជា​ឧកញ៉ា​នៅ​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​ទទួល​បាន​តួលេខ​ពិត​ប្រាកដ។
អ្នក​នាំ​ពាក្យ​អគ្គបញ្ជាការ​កងទ័ព​លោក ថោង សូលីម៉ូ ថ្លែង​​នៅ​ថ្ងៃ​ទី៤ កញ្ញា​ថា ឧត្ដមសេនីយ៍​​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ដែល​​មាន​ងារ​ជា​ឧកញ៉ា​មាន​ចំនួន ៦១នាក់។ លោក​បញ្ជាក់​ថា ​ក្នុង​នោះ​ឧត្ដមសេនីយ៍ ៤៥នាក់ បាន​សម្រេច​បោះបង់ចោល​ងារ​ជា​ឧកញ៉ា ខណៈ ១៦រូប​ផ្សេង​ទៀត​ សម្រេច​លាលែង​ពី​ការងារ​រដ្ឋ។ លោក​ថា តួលេខ​ជាក់​ស្ដែង​អាច​មាន​ច្រើន​ជាង​នេះ ពី​ព្រោះ​ចំនួន​នេះ​មិន​បាន​រាប់​បញ្ចូល​ឧត្ដមសេនីយ៍​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ដែល​មាន​ងារ​ជា​ឧកញ៉ា​នោះ​ឡើយ។ លោក​បញ្ជាក់​ថា នៅ​ពេល​ប្រមូល​ស្ថិតិ​បាន​គ្រប់​គ្រាន់​អស់ហើយ ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ និង​ថ្នាក់​ដឹកនាំ​កង​យោធពល​ខេមរភូមិន្ទ នឹង​ជួប​ជាមួយ​ក្រុម​ឧត្ដមសេនីយ៍​ឧកញ៉ា​ទាំង​នោះ។
លោកបន្តថា«ខ្ញុំ​និយាយ​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​របស់​អគ្គបញ្ជាការ​ទេ ដោយ​ឡែក​បូក​ទាំង​ក្រសួង​ទាំង​អី​ទៀត វា​មាន​លើស​ពី​ហ្នឹង​ទៀត។ តួលេខ​ហ្នឹង​មាន​ការ​ប្រែប្រួល​ មិន​ទាន់​ជាក់​លាក់​ទេ។ នៅ​ពេល​ណា​ដែល​មាន​របាយ​ការណ៍​ជាក់​លាក់ សម្ដេច​រដ្ឋ​មន្ត្រី​លោក​នឹង​ធ្វើ​ការ​ជួប​ជុំ​ម្ដង​ជាមួយ​ឧកញ៉ា​ទាំង​ហ្នឹង ដើម្បី​សំណេះសំណាល​សាក​សួរ​អី ដើម្បី​ឱ្យ​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ»

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៣ កញ្ញា​ថា លោក​បាន​បញ្ជា​​ឱ្យ​គ្រប់​អង្គភាព​​ទាំងអស់​ដែល​ចំណុះ​ឱ្យ​ក្រសួង​ការពារ​ជាតិ និង​អគ្គបញ្ជា ការដ្ឋាន ឱ្យ​ប្រមូល​ទិន្នន័យ​ចំនួន​ឧកញ៉ា​ក្នុង​ជួរ​កង​ទ័ព។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ហើយ លោក​នឹង​ជួប​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​ឱ្យ​ពួក​គេ​សម្រេច​ចិត្ត​រវាង​ងារ​ជា​ឧកញ៉ា និង​ជា​មន្ត្រី​យោធា។ លោក​បន្ថែម​ថា ការងារ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន​ចៀស​វាង​​ការ​អាក់​អន់​ស្រពន់​ចិត្ត​ពី​មន្ត្រី​យោធា​ដែល​មាន​ងារ​ជា​ឧកញ៉ា​ទាំង​នោះ។
ចំណាត់​ការ​របស់​ក្រសួង​ការពារ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៣ សីហា​ថា កង​កម្លាំង​ប្រដាប់​អាវុធ រួមមាន ទាហាន ប៉ូលិស និង​ប៉េអឹម ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​មាន​ងារ​ជា​ឧកញ៉ា​ទៀត​ឡើយ ពីព្រោះ​កន្លងមក​ មាន​មនុស្ស​មួយ​ចំនួន​បាន​យក​តួនាទី​ទាំង​នេះ​ទៅ​ប្រកបការងារ​ផ្សេងៗ ​ខុស​ច្បាប់។
ងារ​ជា​ឧកញ៉ា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​ដល់​​ជន​ណា​ដែល​មាន​អាជីវកម្ម​សុចរិត និង​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​បាន​បរិច្ចាគ​ទ្រព្យធន​របស់​ខ្លួន​ក្នុង​ការ​កសាង​ជាតិ និង​ជួយ​ដល់​ផ្នែក​មនុស្ស​ធម៌ ដោយ​មាន​ការ​ថ្វាយ​យោបល់​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ នៅ​ខែ​មីនា ឆ្នាំ២០១៧ រដ្ឋាភិបាលលោក ហ៊ុន សែន បាន​កំណត់​តម្លៃ​បរិច្ចាគ៥០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ងារ​ជា​ឧកញ៉ា ដែល​មុន​នេះ​មាន​តម្លៃ១០ ម៉ឺន​ដុល្លារ​អាមេរិក។
ទោះ​ជា​យ៉ាង​ណា មាន​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​ប្រាស់​តួនាទី​ និង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ប្រកប​មុខ​របរ​មិន​ស្របច្បាប់​ទៅវិញ។ ជាឧទាហរណ៍ ថ្មីៗនេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ​ម្នាក់ ដែល​មាន​ងារ​ជា​ឧកញ៉ា​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ភាគ​ឦសាន គឺ​លោក គង់ ក្រឹង ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និងឧកញ៉ាសឹង សំអុល ជាមន្ត្រី ប៉េអឹម ខេត្តត្បូងឃ្មុំក៏ត្រូវចាប់ខ្លួនដែរ ខណះ​ពេល​អតីត​ឧត្ដមសេនីយ៍​យោធា​ដែល​​មាន​ងារ​ជា​​ឧកញ៉ា​ម្នាក់​ទៀត គឺ​លោក ហូរ ចំរើន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​ចេញ​សែក​ស្អុយ។
អ្នកវិភាគនយោបាយនិងសង្គមកម្ពុជាមើលឃើញថា នេះវាដល់ពេលរដ្ឋាភិបាលលោកហ៊ុន សែន ចាប់ផ្តើមធ្វើសុីក្រុមមន្ត្រីយោធាដែលមានងារជាឧកញ៉ាទាំងអស់នោះ៕







0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger