សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, December 2, 2019

បញ្ហារដ្ឋាភិបាលកាត់ដី​ទំហំ​ ៤០ហិកតា ឲ្យជនជាតិយួនរស់នៅ លើទឹក ក្នុងខេត្តកំពង់ឆ្នាំង កាន់តែធ្ងន់ធ្ងរ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញទៅរដ្ឋាភិបាល ​ឱ្យ​ដោះស្រាយបញ្ហាដីធ្លីឱ្យមានតម្លាភាពរវាង ពលរដ្ឋវៀតណាមខុសច្បាប់ និងពលរដ្ឋម្ចាស់ស្រុក​ ។ ការជំរុញនេះកំពុងធ្វើឲ្យបញ្ហារដ្ឋាភិបាលកាត់ដីទំហំ៤០ហិកតានេះកាន់តែធ្ងន់ធ្ងរឡើងៗក្នុង

ស្ថានការណ៏នយោបាយដ៏ក្តៅគគុកនេះ។
ការផ្ទុះការទាមទារនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដី​ទំហំ​ ៤០ហិកតា នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋចំនួន ៤,៥៦៣ គ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកលើដងទន្លេសាប បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ជម្លៀស​ពី​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប​នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​ចំណោម​ប្រជាពលរដ្ឋជាង ៤​ពាន់​គ្រួសារ​នោះ​ គឺមានពលរដ្ឋជន​ជាតិ​វៀតណាម ២,៣៨៧​គ្រួសារ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន​​ចុះថ្ងៃទី២ ខែធ្នូ​នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​បានច្រានចោល ចំពោះសេចក្ដីសម្រេចរបស់ រដ្ឋាភិបាលដែលបានផ្ដល់ដី ៤០​ហិកតា ឱ្យជនអន្តោប្រវេសន៍ ដោយ ថា​ រដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ ចំពោះជនអន្តោប្រវេសន៍វៀតណាមដែលទទួលបាន សញ្ជាតិខ្មែរ ​និងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់។
សេចក្តីថ្លែងការណ៏បន្តថា«រដ្ឋាភិបាលកម្ពុជាមិនត្រូវផ្ដល់ដីធ្លីដល់ជនអន្តោប្រវេសន៍វៀតណាម​ណាម្នាក់ធ្វើជាលំនៅឋានដាច់ខាត។ សម្រាប់ជនជាតិវៀតណាមដែលទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវតែរកលទ្ធភាពទិញ ឬ​ជួលផ្ទះសម្រាប់ស្នាក់នៅ ដោយខ្លួន‍‍‍‍‍(ឯង)»
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឱ្យដឹងថារដ្ឋាភិបាលត្រូវបញ្ជូនជនអន្តោប្រវេសន៍វៀតណាមដែលរស់ នៅកម្ពុជាដោយខុសច្បាប់ទៅប្រទេសដើមកំណើតរបស់ខ្លួន ជាជាងការសម្រេចផ្ដល់ដីឱ្យ ជនអន្តោប្រវេសន៍វៀតណាមទាំងនោះធ្វើជាលំនៅឋាន ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយ បញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋខ្មែរដែលត្រូវបានអ្នកមានអំណាច និងក្រុមឈ្មួញខិលខូចរំលោភ បំពានដីធ្លី។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការផ្ដល់ដីរបស់រដ្ឋាភិបាល ឱ្យជនអន្តោប្រវេសន៍វៀតណាមស្នាក់នៅនេះ កំពុងធ្វើឱ្យប្រទេសជាតិប្រឈមនឹងហានិភ័យ ដោយសារ វៀតណាមជាប្រទេសនៅជាប់ព្រំដែនកម្ពុជា និង​មាន​ប្រវត្តិ​យក​ទឹក​ដី​កម្ពុជា​នា​ពេល​អតីត​កាល។
លោកថា«ក្នុងអំឡុងពេល ៣០ឆ្នាំ ទៅ ៥០ឆ្នាំខាងមុខ ពេលហ្នឹង កម្ពុជាយើងនឹងមានហានិភ័យ ខ្ពស់មែនទែន អាចបង្កើតរដ្ឋក្នុងរដ្ឋ។ អាហ្នឹងដែលជាបញ្ហាចោទមែនទែន»
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់អ្នកកាសែតនៅថ្ងៃនេះថា នៅក្នុងប្រទេស កម្ពុជា មិនមានច្បាប់​តម្រូវឱ្យរដ្ឋាភិបាលផ្ដល់ដីឱ្យអន្តោប្រវេសន៍សម្រាប់ធ្វើលំនៅឋានទេ។ លោកបន្តថា រដ្ឋាភិបាលផ្ដល់ដី ៤០​ហិកតា ដើម្បីបញ្ចៀសការរិះគន់ថា រដ្ឋាភិបាលរំលោភសិទ្ធិ មនុស្សដែលបណ្ដោយឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក មិនមានអនាម័យ មិនមានសាលារៀន និង​មិនគិតអំពីបរិស្ថាននៅដងទន្លេសាប។
លោកបន្តថា «យើងរៀបចំពីទឹកមក​គោក​នេះ ដើម្បីបរិស្ថាន ជីវៈចម្រុះនៅក្នុងទន្លេឱ្យមានភាព ប្រសើរ ការគ្រប់គ្រងជនអន្តប្រវេសន៍មានប្រសិទ្ធភាព និងមានលក្ខណៈពិសេសច្រើនទៀត ដែលពាក់ព័ន្ធនឹងការនៅលើគោកនេះ វាល្អជាងនៅក្នុងទឹក។ នៅក្នុងទឹកនេះ បើយើងទុកពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រជាជននៅបឹងទន្លេសាប វាចេះតែច្រើនៗទៅ អ៊ីចឹងបរិស្ថាននៅបឹងទន្លេសាប វាកាន់តែកខ្វក់ទៅៗ។ អ៊ីចឹង សូម្បីតែនៅទីនេះ ខេត្តខ្ញុំនេះ បើសិននៅខែ៣ និង​ខែ៤ ខាប់ដូចទឹក គ្រឿងអ៊ីចឹង ភាពកខ្វក់ អ៊ីចឹងសូម្បីតែត្រីក៏នៅមិនបានដែរ»
អ្នកជំនាញផ្នែកច្បាប់ លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាលមានសិទ្ធិសម្រេច ក្នុងការផ្ដល់ដីដល់ជនអន្តោប្រវេសន៍ដែលរស់នៅក្នុងប្រទេសស្របច្បាប់ ប៉ុន្តែ បើសិនជន អន្តោប្រវេសន៍ទាំងអស់នោះ រស់នៅខុសច្បាប់ លោកថា រដ្ឋាភិបាលត្រូវចាប់បញ្ជូនពួកគេទៅ ប្រទេសកំណើតវិញ។
លោកថា«បើសិនជាអន្តោប្រវេសន៍ស្របច្បាប់ ហើយជាអន្តោប្រវេសន៍ស្នាក់នៅយូរ អាហ្នឹង រដ្ឋាភិបាលមានសិទ្ធិចាត់ចែង តែបើសិនជាអន្តោប្រវេសន៍ខុសច្បាប់ អាហ្នឹង វាអត់ត្រូវវិញ ព្រោះ បើសិនជាយើងធ្វើអ៊ីចឹង ដូចទទួលស្គាល់ខុសច្បាប់ទៅជាស្របច្បាប់វិញ»
ទោះជាយ៉ាងណា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវទៅរដ្ឋាភិបាលលុបចោល ចំពោះសេចក្ដី សម្រេចការផ្ដល់ដី ៤០​ហិកតា ដល់ជនអន្តោប្រវេសន៍វៀតណាម ដើម្បីជាការឆ្លើយតបនឹងការ ទាមទាររបស់ប្រជាពលរដ្ឋខ្មែរ នៅលើបណ្ដាញសង្គម។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបកស្រាយពីការផ្ដល់ដី ៤០ហិកតា ឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកលើដង ទន្លេសាប បម្លាស់ទីទៅរស់នៅលើដីគោកចំនួន ៤៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ីស្លាម និងវៀតណាម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger