សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, December 5, 2019

លោក ស ខេង ប្រកាសថាឆ្នាំ២០២០ ឃុំសង្កាត់នីមួយៗ នឹងទទួលថវិកាជាង ១២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ តាមតម្រូវការក្នុងមូលដ្ឋាន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មា ធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន ប្រកាសឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះ ឃុំសង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជា មធ្យមចំនួនប្រមាណ ១២២,០០០ដុល្លារដើម្បីបង្កលក្ខណៈឲ្យក្រុម ប្រឹក្សាឃុំសង្កាត់ កាន់តែមាន លទ្ធភាពអាចចូលរួមដោះស្រាយនូវតម្រូវការជាអាទិភាពនានារបស់ មូលដ្ឋាននីមួយៗ។

ក្នុងពិធីបិទសិក្ខាសាលាជាតិស្ដីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ នៅរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស ខេង បានគូសបញ្ជាក់ថា ថវិកាប្រមាណ១២ម៉ឺនដុល្លារនេះ រួមមានថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍន៍មូលដ្ឋានចំនួនប្រមាណជាង៧០,០០០ដុល្លារ ដែល ចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩។

បើតាមការលើកឡើងរបស់លោក ស ខេង ថវិកានេះ នឹងកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យម ចំនួនជាង១៣២.០០០ ដុល្លារ។

ជាមួយនឹងការកើនឡើងដ៏គំហុកនេះ នឹងធ្វើឲ្យឃុំសង្កាត់ដែលនឹងទទួលបានថវិកាសរុបច្រើន ជាងគេ មានរហូតដល់ចំនួនប្រមាណ៤៥០,០០០ដុល្លារ នៅឆ្នាំ២០២៣ ឧទាហរណ៍ដូចជា សង្កាត់ ប៉ោយប៉ែត នៃក្រុងប៉ោយប៉ែត និងឃុំក្រែកនៃស្រុកពញាក្រែកជាដើម។ នេះជាអ្វីដែលលោក ស ខេង បានគូសបញ្ជាក់។

លោក ស ខេង បានអះអាងទៀតថា អ្វីដែលជាសមិទ្ធិផលដ៏សំខាន់ និងចាត់ទុកថា មានលក្ខណៈ ជាប្រវត្តិសាស្ត្រនៃកិច្ចដំណើរការកំណែទម្រង់ដែលសម្រេចបានក្នុងឆ្នាំ២០១៨នេះ គឺការកែ សម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការប្រគល់មុខងារពាក់ព័ន្ធ នឹងវិស័យ
ជា ច្រើនទៅឲ្យរដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារសុខាភិបាល ដែលធ្លាប់បានអនុវត្តដោយមន្ទីរ សុខាភិបាល ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងចាត់ចែងរដ្ឋបាលរាជធានី-ខេត្ត។

ជារួមភាគីពាក់ព័ន្ធ បានសហការគ្នារៀបចំកិច្ចការនេះ តាំងពីឆ្នាំ២០១៦កន្លងមក ដោយមានការ ពិគ្រោះយោបល់គ្នាជាបន្តបន្ទាប់ ដោយផ្អែកលើក្របខ័ណ្ឌ លិខិតបទដ្ឋានគតិយុត្តិ និងស្ថានភាព នៃការអនុវត្តជាក់ស្តែង។ ក្នុងគោលបំណងជំរុញឲ្យរចនាសម្ព័ន្ធថ្មីទាំងនេះ អាចចាប់ផ្តើមបំពេញ ការងាររបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០តទៅ នាពេលថ្មីកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវអនុក្រឹត្យចំនួន៣ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ និងមុខងាររបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យមួយទៀតស្តីពីការផ្ទេរមុខងារសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។

បន្ថែមពីនេះ លោក ស ខេង ក៏បានអះអាងជាថ្មី អំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកំណែ ទម្រង់សំខាន់ៗដទៃទៀត ដើម្បីរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ និងការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពចម្រើនរុងរឿង។

ភ្លាមៗនេះកាសែតជាតិខ្មែរមិនអាចទាក់ទងមន្ត្រីអង្គការសង្គមសុីវិលដើម្បីសុំយោបល់អំពីការ ផ្តល់ថវិកាដល់អាជ្ញាធរមូលដ្ឋាន ដ៏ច្រើនសន្ធឹកសន្ធប់នេះបាននៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger